តាមធម្មតារៀងរាល់ឆ្នាំកន្លងមក ក្រោយចេញព្រះវស្សាមួយថ្ងៃ រដូវកឋិនទានក៏ចូលមកដល់ នៅតាមស្រុក ភូមិ និគមជនបទ ខេត្ត ក្រុង រាជធានី ពិសេសនៅតាមដងផ្លូវនានាក្នុងទីក្រុងភ្នំពេញតែងតែឮសំឡេងភ្លេងពិនពាទ្យទះដំប្រគំផ្លុំកូតយ៉ាងពីរោះរណ្តំកំដរកម្មវិធីបុណ្យកឋិនដែលពោរពេញទៅដោយបរិស័ទដ៏ច្រើនកុះករក្រោមទឹកមុខញញឹមរាក់ទាក់ ។ ប៉ុន្តែនៅឆ្នាំ២០២១នេះអ្វីៗត្រូវផ្លាស់ប្តូរទាំងស្រុងគឺត្រូវញុំាងជីវិតឱ្យប្រព្រឹត្តទៅតាមគន្លងថ្មីមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំមនុស្សច្រើនឡើយ គ្រប់កម្មវិធីទាំងអស់រួមទាំងពិធីបុណ្យកឋិនទានផងមិនអនុញ្ញាតឱ្យមានការហែហមអមដំណើរ ឬចូលរួមពិធីដោយក្រុមមនុស្សច្រើនកុះករនោះទេ ព្រោះខ្លាចឆ្លងរាលដាលនៃជំងឺកូវីដ១៩ពិសេសមេរោគបំប្លែងថ្មីប្រភេទដែលតាជាប្រភេទមេរោគដែលចម្លងលឿនណាស់ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងធម្មការនិងសាសនាបានជូនដំណឹងថា ក្រសួងមិនផ្អាកកម្មវិធីបុណ្យកឋិនទាននោះទេ អនុញ្ញាតឱ្យពុទ្ធបរិស័ទធ្វើបុណ្យទានបានតាមការគួរ តែមិនអនុញ្ញាតឱ្យមានការដង្ហែអង្គកឋិនឡើយ និងតម្រូវឱ្យអ្នកដែលចូលរួមពិធីបុណ្យគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលជាកំហិតដោយត្រូវ ពាក់ម៉ាស មានទឹកអាល់កុល ឬជែលដាក់តាមជាប់ខ្លួនជានិច្ច និងត្រូវអនុវត្តបីកុំ បីការពារជាប្រចាំ ធ្វើយ៉ាងនេះដើម្បីកុំឱ្យមេរោគកូវីដ១៩ឆ្លងរាលដាលកាន់តែខ្លាំង ។
ព្រោះតែឥទ្ធិពលកូវីដ១៩ហ្នឹងហើយ ទើបនៅឆ្នាំ២០២១នេះនៅតាមតំបន់នានា ពិសេសនៅក្នុងរាជធានីភ្នំពេញមិនឃើញមានពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យកឋិនទាននៅតាមលំនៅឋាន តាមដងផ្លូវនានាស្ងាត់ជ្រងំមិនមានឮសំឡេងភ្លេងពិនពាទ្យកំដរពិធីបុណ្យទៀតឡើយ ។ ចំណែកពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាប្រាថ្នាធ្វើកឋិនអាចប្រារព្ធកម្មវិធីបុណ្យនៅក្នុងបរិវេណវត្តដែលខ្លួនមានបំណងហែទៅនោះ ដោយការជួបជុំក្រុមមនុស្សតិចតួចបំផុត ហើយវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យតែម្តង ។
សូមបញ្ជាក់ផងដែរថា កឋិនជាពិធីបុណ្យដ៏ធំមួយដែលចាប់ផ្ដើមធ្វើបន្ទាប់ពីព្រះសង្ឃចេញវស្សា ហើយគេតែងដង្ហែអង្គកឋិនចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយត្រូវបានខកខានឡើយ ដូច្នេះគេតែងឃើញក្បួនកឋិនដង្ហែទៅកាន់ទីអារាមនានាចាប់ពីថ្ងៃ១រោច ខែអស្សុជដល់ថ្ងៃ១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយមិនមានកឋិនហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ បណ្តាឆ្នាំកន្លងមក ពិធីហែអង្គកឋិនទានទៅកាន់ទីអារាមនីមួយៗត្រូវបានគេរៀបចំឡើងយ៉ាងអធិកអធម សប្បាយរីករាយយ៉ាងក្រៃលែង ប៉ុន្តែគួរឱ្យអនិច្ចាជាពន់ពេកនៅឆ្នាំ២០២១នេះដោយសារតែបញ្ហាជំងឺកូវីដឆ្លងរាលដាលឥតឈប់ឈរ ទើបក្រសួងធម្មការនិងសាសនាមិនអនុញ្ញាតឱ្យមានការដង្ហែបុណ្យកឋិនដោយមានការជួបជុំក្រុមមនុស្សច្រើនឡើយ ។
អ្នកឈ្លាសក្នុងការធ្វើកឋិនមិនលំបាកទេ គឺមានកំណាត់សំពត់ត្រឹមតែអាចធ្វើស្បង់មួយ ក៏អាចធ្វើកឋិនបានដែរ ព្រោះភិក្ខុសង្ឃជាអ្នកទទួលក្រាលកឋិន ក្នុងចំណោមត្រៃចីវរ (ស្បង់១ ចីវរ១ សង្ឃាដី១) គឺក្រាលបានតែ ១មុខប៉ុណ្ណោះ បើក្រាលដល់ទៅពីរមុខ ឬក្រាលទាំងត្រៃចីវរតែម្តងនឹងមិនឡើងជាកឋិនឡើយ លោកហៅថា ខូចកឋិន ឬកឋិនត្ថារវិបត្តិ ។
ប៉ុន្តែសម្រាប់កឋិននៅកម្ពុជានាសម័យនេះលំបាកណាស់ កុំថាឡើយអ្នកក្រីក្រ សូម្បីតែអ្នកមានល្មមៗក៏មិនអាចធ្វើបានដែរ លុះណាតែអ្នកមានស្តុកស្តម្ភ ឬមានគ្នាច្រើនទើបអាចធ្វើកឋិនកើត ព្រោះកឋិនទាននៅកម្ពុជាពុំមែនមានតែស្បង់១ ឬចីវរ១ ឬក៏សង្ឃាដី១ប៉ុណ្ណោះទេ គឺត្រូវមានបរិក្ខារដ៏ច្រើនផ្សេងៗទៀត ជាពិសេសបច្ច័យសង្កត់ត្រៃសម្រាប់កសាងវត្តអារាម និងសមិទ្ធិសាធារណៈនានាមានសាលារៀន មន្ទីរពេទ្យជាដើមទើបអាចឈ្មោះថាជាកឋិននៅកម្ពុជានាសម័យទំនើបនេះបាន ៕ សាន សារិន
ចែករំលែកព័តមាននេះ