ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និងកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង (CKFTA) ដើម្បីជំរុញពាណិជ្ជកម្មប្រទេសទំាងពីរ មានចំនួន ១០ ជំពូក មាន…

រាជធានីភ្នំពេញ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង (CKFTA) ដើម្បីជំរុញពាណិជ្ជកម្មប្រទេសទំាងពីរ មានចំនួន ១០ ជំពូក មាន ១៣១ មាត្រា រួមទំាងបុព្វកថា និងឧបសម្ព័ន្ធចំនួន ៩ បានចុះហត្ថលេខាហើយកាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ នេះ រវាងមន្រ្តីពាណិជ្ជកម្មប្រទេសទំាងពីរ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គ្របដណ្តប់លើពាណិជ្ជកម្ម ទំនិញ ដែលក្នុងនោះរួមមាន ៖ ស្តង់ដារ បទប្បញ្ញាត្តិបច្ចេកទេស និងនីតិវិធី វាយតម្លៃភាពអនុលោម វិធានការអនាម័យ និងភូតគាមអនាម័យ និងគ្របដណ្តប់ផងដែរលើ ឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច  តម្លាភាព យន្តការដោះស្រាយវិវាទ អញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសានប្បញ្ញត្តិ ។

លើសពីនេះកិច្ចព្រមព្រៀងនេះនឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទំាងជួយស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទំាងពីរបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ ដោយនឹងពង្រីកបន្ថែមការធ្វើសេរីភាវូបនីយកម្មទីផ្សារ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន កូរ៉េ និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ។ ជាពិសេសកិច្ចព្រមព្រៀងនេះនឹងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ បន្ថែមទៀតដូចជា ផលិតផលកសិកម្មជាដើម ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក YEO Han-Koo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាជាផ្លូវការ តាមប្រព័ន្ធវីដេអូលើកិច្ចព្រមព្រៀងដែលគេសង្ឃឹមថា នឹងអាចចូលជាធរមាននៅដើមឆ្នាំ ២០២២ ខាងមុខនេះ។

«កិច្ចព្រមព្រៀង CKFTA  ត្រូវបានប្រកាសបើកការចរចារ ជាផ្លូវការកាលថ្ងៃទី ៩ ខែកក្កដា ឆ្នំា ២០២០ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្ម នៃប្រទេសទំាងពីរ និងឆ្លងកាត់ការចរចារសរុបចំនួន ១២ លើក មុននឹងឈានមកដល់ការចុះហត្ថលេខាពេលនេះ ។ នេះឆ្លុះបញ្ជំាងពីការប្តេជ្ញាចិត្ត យ៉ាងមោះមុតរបស់ភាគីទំាងពីរ ក្នុងការជំនះពុះពាររាល់ឧបសគ្គ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកដែលបង្កឡើងដោយជំងឺកូវីដ ១៩ រហូតសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ» នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម ។

ទំហំពាណិជ្ជកម្មទ្វេភាគរវាងកម្ពុជា-កូរ៉េ ក្នុងរយៈពេល ៩ ខែដើមឆ្នំា ២០២១ មានទឹកប្រាក់ជាង ៥៧៨ លានដុល្លារអាមេរិក កើនឡើងជាង ១១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា ២០២០ មានជាង ៥២០ លានដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ