រាជធានីភ្នំពេញ ៖ តាមរយៈក្រសួងសុខាភិបាលរាជរដ្ឋាភិបាលបានប្រកាសការលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ។
យោងតាមលិខិតរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានលើកឡើងថាយោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ខ្ញុំសូមជម្រាបជូនឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្តជ្រាបថា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលដូចជា អ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ពុំត្រមូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃទៀតទេ ។
អ្នកជំងឺកូវីដ-១៩/ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាលទៅតាមលក្ខខណ្ឌខាងក្រោម ៖ ករណីអ្នកជំងឺកូវីដ-១៩ ពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានបានពេញលេញ អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១៤ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល ៣ថ្ងៃចុង ក្រោយបន្តបន្ទាប់គ្នា (ថ្ងៃទី១១ ១២ និង១៣) និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ ។
ករណីអ្នកជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ ហើយចាប់ពីថ្ងៃទី៦ ទៅពុំមានរោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល៣ថ្ងៃបន្តបន្ទាប់គ្នា (ថ្ងៃទី៦ ៧ និង៨) ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯងនៅថ្ងៃទី៩ ។ ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន អនុញ្ញាតឱ្យបញ្ចប់ការព្យាបាល និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ ។
ប្រសិនបើលទ្ធផលតេស្តកូវីដ-១៩ វិជ្ជមានត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯងឡើងវិញនៅ ២ថ្ងៃបន្ទាប់ (ថ្ងៃទី១១) ហើយអនុញ្ញាត ឱ្យបញ្ចប់ការព្យាបាល ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ ។
ជាមួយគ្នានោះដែរ ក្រសួងក៏បានលើកឡើងថា ក្នុងករណីពុំមានលទ្ធភាពធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯងនៅថ្ងៃទី៩ អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១២ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៩ ទៅរយៈពេល៣ថ្ងៃបន្តបន្ទាប់គ្នា (ថ្ងៃទី៩ ១០ និង១១) និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ។
ក្រសួងបានលើកឡើងទៀតថា លក្ខខណ្ឌចត្តាឡីស័ករយៈពេល ១៤ថ្ងៃចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះដែលបានដាក់ឱ្យប្រើប្រាស់នាពេលកន្លងមកត្រូវទុកជានិរាករណ៍។
អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល ទោះបីត្រូវបានលើកលែងកាតព្វកិច្ចចត្តាឡីស័ក ប៉ុន្តែត្រូវតែបន្តអនុវត្តវិធានការសុខាភិបាលជាធរមានដោយចូលរួមអនុវត្តឱ្យបាននូវវិធានការ ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ៕
ចែករំលែកព័តមាននេះ