ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំណេះសំណាល​និង​សួរសុខទុក្ខ​កងទ័ព បន្ដ​ទៅ​សាលា​កុមារ​គ​ថ្លង់​និង​ពិការ​ភ្នែក

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ឯកឧត្ដម ទៀ បា.ញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ឯកឧត្ដម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តសៀមរាប និង​លោក​ជំទាវ​ព្រមទាំង​ឯកឧត្តម​លោក​ឧកញ៉ា​លោក​ជំទាវ​ជា​សមាជិក​រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈ​អភិបាលខេត្ត មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤​និង​កងពលធំ​អន្តរាគមន៍​លេខ​២ ព្រមទាំង​អស់លោក​លោកស្រី​ជា​ភរិយា​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​យោធិន​ពិការ​គូលែន​លេខ​៣១៧ បន្ត​ទៅ​សួរសុខទុក្ខ​កងទ័ព ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា​ភូមិភាគ​៤ និង​បន្ត​ទៅ​ធ្វើការ​សំណេះសំណាល​ជាមួយ​កុមារ​នៃ​សាលា​កុមារ​គ​ថ្លង់​នឹង​ពិការ​ភ្នែក នា​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៦ នៅ​ខេត្តសៀមរាប​។

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោកស្រី​នាយិកា​សាលា​កុមារ​គ​ថ្លង់​នឹង​ពិការ​ភ្នែក​ខេត្ត បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ឆ្លងកាត់​រយៈពេល​១៦​ឆ្នាំ​មកនេះ សាលា​មាន​អគារ​ចំនួន​១២​ខ្នង បុគ្គលិក​ចំនួន​៤០​នាក់ ស្រី​១៦​នាក់ និង​មាន​សិស្ស​សរុប​១២២​នាក់ ស្រី​៤១​នាក់ ក្នុង​នោះ​សិស្ស​គ​ថ្លង់​៩៤​នាក់ ស្រី​៣០​នាក់ សិស្ស​ពិការ​ភ្នែក​២៨​នាក់ ស្រី​១១​នាក់ និង​ស្នាក់​នៅ​រៀនសូត្រ​ក្នុង​សាលា​ចំនួន​៧២​នាក់ ស្រី​៣៣​នាក់​។ ក្នុង​នោះ​ឯកឧត្ដម ទៀ បាញ់ និង​លោក​ជំទាវ ព្រមទាំង​សប្បុរសជន បាន​ឧបត្ថម្ភ​គាំទ្រ ជា​សម្ភារ​សិក្សា​រួម​មាន ស្បៀងអាហារ​ប្រចាំខែ ដល់​សាលា​កុមារ​គ​ថ្លង់​នឹង​ពិការ​ភ្នែក ដែល​សកម្មភាព​ទាំងនេះ​ជា​ការ​ផ្តល់​នូវ​ភាព​កក់ក្តៅ​ចំពោះ​កុមារ និង​ជម្រុញ​ឲ្យ​កុមារ​ទាំងអស់​ឱ្យ​មានការ​ពុះពារ​តស៊ូ​ទៀត​ផង​។

បន្ទាប់​ពី​មានការ​ថ្លែងអំណរគុណ​របស់​តំណាង​សិស្ស​ពិការ​ភ្នែក​ចំពោះ​គណៈប្រតិភូ​រួច​មក លោក​ក៏​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​ក្មួយ​ៗ​ដែល​ជា​កុមារ​គ​ថ្លង់ និង​ពិការ​ភ្នែក នា​ឱកាស​នោះ ឯកឧត្ដម​ទៀ បាញ់ ក៏​បាន​សម្ដែង​នូវ​ការ​អាណិតអាសូរ​ចំពោះ​ក្មួយ​ៗ​កុមារ​គ​ថ្លង់​នឹង​ពិការ​ភ្នែក​ពី​កំណើត ដែល​ត្រូវ​បាន​ទទួល​ការ​អប់រំ​នឹង​រៀនសូត្រ​នៅ​តាម​មជ្ឈមណ្ឌល​ចំណេះដឹង​ទូទៅ និង​បច្ចេកទេស ក្រោម​ការ​យកចិត្តទុកដាក់​ពី​លោកគ្រូ​អ្នកគ្រូ​ដែល​ដែល​ជា​ម្តាយ​ទី​២​របស់​ក្មួយ​ៗ​ហើយ​ពិសេស​ព្រមទាំង​ទទួល​បានការ​ចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ តែង​បាន​ធ្វើការ​ផ្គត់ផ្គង់​ជា​ប្រចាំខែ​ដល់​ក្មួយ​ៗ​នៃ​សាលា​កុមារ​គ​ថ្លង់​នឹង​ពិការ​ភ្នែក ព្រមទាំង​ធ្វើការ​រៀបចំ​ជួបជុំ​កម្សាន្ដ​សប្បាយ​ជាមួយ​ក្មួយ​ៗ​ទៀត​ផង​។

ឯកឧត្ដម ទៀ បាញ់ ក៏​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ខិតខំ​បង្ហាត់បង្រៀន​ដល់​ក្មួយ​ៗ​ទាំងអស់​រហូត​បាន​ជួយ​ស្វែងរក​ការងារ​ជូន​ដល់​សិស្ស​គ​ថ្លង់​នឹង​ពិការ​ភ្នែក តាម​បណ្តា​ក្រុមហ៊ុន​ឯកជន​ដើម្បី​ធ្វើ​ឱ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​កាន់តែ​ប្រសើ​ឡើង​។ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​លើក​នូវ​ដំបូន្មាន​ល្អ​ៗ​មួយ​ចំនួន​សម្រាប់​ក្មួយ​ៗ​កុមារ​គ​ថ្លង់​នឹង​ពិការ​ភ្នែក​ទាំងអស់​ត្រូវ​គោរព​ត្រង់ត្រាប់​នូវ​ដំបូន្មាន​របស់​លោកគ្រូ​អ្នកគ្រូ និង​ចេះ​ជួយ​នូវ​ទុក្ខ​ធុរៈ​មិត្តភក្តិ ចេះ​ស្រឡាញ់​សាមគ្គី​គ្នា​ឲ្យ​បាន​ល្អ​នៅ​ក្នុង​មជ្ឈមណ្ឌល ព្រមទាំង​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ និង​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ដែល​សង្គម​ស្អប់ខ្ពើម​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី និង​លោក​ជំទាវ ក៏​បាន​នាំ​យក​នូវ​អំណោយ​ចែក​ជូន​ដល់​យោធិន​ពិការ​គូលែន​ទាំង​៣១៧ ព្រមទាំង​បន្ត​ទៅ​ចែក​អំណោយ​ដល់​យោធា​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា​ភូមិភាគ​៤ និង​បន្ត​ទៅ​សួរសុខទុក្ខ​ព្រមទាំង​នាំ​យក​នូវ​អំណោយ​ចែក​ជូន​ដល់​សិស្ស​គ​ថ្លង់​ដោយ​ម្នាក់​ៗ​ទទួល​បាន សៀវភៅ​៥​ក្បាល ប៊ិ​ច​២​ដើម សារុង​១ ក្រ​ម៉ា​១ ថវិកា​៣​ម៉ឺន​រៀល សិស្ស​ពិការ​ភ្នែក​ម្នាក់​ៗ សារុង​១ ក្រ​ម៉ា​១ ថវិកា​៣​ម៉ឺន​រៀល លោកគ្រូ​អ្នកគ្រូ​ម្នាក់​ៗ​ទទួល​បាន​សៀវភៅ​១៥​ក្បាល ប៊ិ​ច​៥​ដើម សារុង​១ ក្រ​ម៉ា​១ ថវិកា​៥​ម៉ឺន​រៀល និង​ផ្គត់ផ្គង់​ស្បៀងអាហារ​នូវ​គ្រឿង​ឧបភោគបរិភោគ​ដល់​សាលា​រយៈពេល​៥​ខែ នូវ​អង្ករ​៥​តោន ត្រីខ​៥​កេស​, មី​២០​កេស​, ទឹកក្រូច​៨​កេស នំ​ស្រួយ​៣​កេស និង​៥​ថង​ធំ  និង​កំ​ព្យូ​ទ័​រ​១​គ្រឿង ព្រី​ន​ធ័​រ​១​គ្រឿង តុ​ការិយាល័យ​១ និង​ថវិកា​ចំនួន​៥​លាន​រៀល​ផង​ដែរ​។ ក្នុង​ឱកាស​នោះ​ក៏​មាន​រៀបចំ​ជួបជុំ​ពិសារ​អាហារ​ថ្ងៃត្រង់​ជូន​ដល់​ក្មួយ​ៗ​ពិការ​ដោយ លោក​ជំទាវ អស់លោក​លោកស្រី បាន​បញ្ចុក​អាហារ​ដល់​ក្មួយ​ៗ​កុមារ​គ​ថ្លង់ និង​ពិការ​ភ្នែក​ក្នុង​ការ​អាណិតអាសូរ និង​ទឹក​ចិត្តជា​ម្តាយ​ឳ​ពុក​របស់​ក្មួយ​ៗ​ប្រកបដោយ​ភាព​រីករាយ​បំផុត​៕