ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក ត្រៀម​សម្ភារៈ និង​កម្លាំង​ប្រចាំការ​២៤​ម៉ោង ការពារ​ហានិភ័យ​ពី​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ដែល​អាច​ប្រឈម ដោយ​ការ​យាយី​ពី​ជំនន់​ទឹកភ្លៀង ពី​ផ្ទៃ​រងទឹក​ភ្លៀង​ផ្នែក​ខាងលើ (​ខេត្តកំពង់ស្ពឺ​) នៅ​ភូមិសាស្ត្រ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។

សូម​ជម្រាប​ថា កម្ពស់​ទឹក​នៅ​ទ្វារ​ទឹក​ទំនប់ ៧​មក​រា នា​ម៉ោង​៤​រសៀល​នេះ គឺ​មាន​កម្ពស់​៩,១២ ម៉ែត្រ បើ​ធៀប​នឹង​ព្រឹក​ម្សិលមិញ គឺ​បាន​ហក់​ឡើង​បន្ថែម ០,៤៨ ម៉ែត្រ បាន​លើស​កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន នៅ​កម្រិត ៧,០០​ម៉ែត្រ ។

សកម្មភាព​កន្លង​មក ក្រសួង​ធនធានទឹក បាន​ត្រៀមលក្ខណៈ និង​ចុះ​អនុវត្ត​ការងារ​អន្តរាគមន៍ ចាប់តាំងពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ មក​ម្ល៉េះ ដោយ​បាន​អនុវត្ត​ការងារ​រួច​មួយ​ចំនួន​រួម​មាន ៖

  • នៅ​ផ្នែក​ខាងលើ បាន​ស្តា​របើក​មុខទឹក​ស្ទឹងតូច ដែល​ជា​ផ្នែក​មួយ​ជួយ​រំដោះ​ទឹកជំនន់ បាន​ប្រមាណ​១០០​ម៉ែត្រត្រីគុណ​/​វិនាទី
  • ផ្នែក​ខាងក្រោម បាន​ប្រើ​គ្រឿងចក្រ​កាយ បើកមុខ​ទឹក​ប្រឡាយ​៩៤ , ប្រឡាយ​៩៦ និង​ស្តារ​ព្រែក​ខ្សេវ ប្រវែង ២៥០០​ម៉ែត្រ ចេញពី​ប្រឡាយ ៩៤,៩៦ ភ្ជាប់​ទៅ​វាល​បឹង​រាន និង​បឹង​ខា​ម៉ៅ តាម​ព្រែក​ហូរ ទម្លាក់​ទៅ​ទន្លេបាសាក់ ។
  • លើក​ពង្រឹង​កម្ពស់​តួ​ទំនប់ តាម​បណ្តោយ​សណ្តរ​ស្ទឹង ត្រង់​ទំនាប​ជាប់​ភូមិឋាន​ប្រជាពលរដ្ឋ ។
    មក​ដល់​ពេល​នេះ ស្ថានភាព ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន កំពុង​ប្រឈម​នៅឡើយ ។

ទោះជា​យ៉ាងណា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ត្រៀម​គ្រឿងចក្រ​ធុន​ធ្ងន់​ចំនួន ៣៦​គ្រឿង ,​បាវ​ខ្សាច់​ធំ តូច​, សំណាញ់​ថ្ម និង​កម្លាំង​ក្រុមការងារ កំពុង​បន្តការងារ​អន្តរាគមន៍ ដោយ​ប្រចាំការ​២៤​ម៉ោង នៅ​តាម​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ដើម្បី​ការពារ​ហានិភ័យ​ជំនន់​ទឹកភ្លៀង​ដែល​អាច​បង្ក​ការ​លិចលង់​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​សាស្ត្រ​ប្រឈម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ