រាជធានីភ្នំពេញ ៖ មេការខារ៉ាអូខេយីហោ «DM» ម្នាក់ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ដោយមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ ចំណែកមនុស្សប្រុស-ស្រីចំនួន៦៧នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការនោះ ត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាវិញ ។
បុរសជាមេការខារ៉ាអូខេ យីហោ «DM» ខាងលើនេះ មានឈ្មោះ អ៊ុង ថៃស៊ីមហុង អាយុ១៩ឆ្នាំ ស្នាក់នៅទីតាំងខារ៉ាអូខេ តាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សាដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សូមរំលឹកថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះបង្ក្រាបទីតាំងភោនីយដ្ឋានមួយកន្លែងយីហោ «DM» ដែលបានលួចបើកខារ៉ាអូខេ ហើយមានមនុស្សប្រុស-ស្រីប្រមូលម្តុំគ្នា ដោយមិនបានរក្សាគម្លាត ល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ដោយបានធ្វើការឃាត់មនុស្សសរុបចំនួន៦៨នាក់ ក្នុងនោះមានមេការខារ៉ាអូខេ២នាក់ផងដែរ ។
សូមរំលឹកទៀតថា មុននឹងឈានទៅឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលប្រមូលផ្តុំគ្នានៅក្នុងទីតាំងខាងលើនោះ សមត្ថកិច្ចបានបើកការស៊ើបអង្កេតយ៉ាងច្បាស់លាស់ ហើយដឹងថា ក្នុងភោនីយដ្ឋានយីហោ «DM» នោះ បានលួចបើកខារ៉ាអូខេ បង្កឲ្យមានមនុស្សប្រមូលផ្តុំគ្នាច្រើន ដែលជិះសុទ្ធតែរថយន្តស៊េរីទំនើបៗទៅពពាក់ពពូនគ្នា ដោយមិនបានគិតដល់វិធានការរបស់ក្រសួងសុខាភិបាលស្តីពីការឆ្លងជំងឺកូវីដ១៩ នោះឡើយ ។
សូមរំលឹកបន្តថា ដោយមានបទល្មើសជាក់ស្តែងនោះ កម្លាំងសមត្ថកិច្ចរបស់គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដែលមាននគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ បានធ្វើការហ៊ុមព័ទ្ធទីតាំងនោះ ខណៈពេលមនុស្សប្រុសស្រីកំពុងអង្គុយផឹកស៊ី និងច្រៀងរាំយ៉ាងសប្បាយក្រៃលែងនោះ ។ បន្ទាប់ពីឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ខាងលើនេះមក ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីបន្តតាមនីតិវិធី ។
សូមរំលឹកទៀតថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតិឲ្យដំណើរឡើងវិញចំពោះតែភោជនីយដ្ឋាន អាហារដ្ឋានណាដែលធានាបាននូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដោយរក្សាបាននូវគម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងស្ថេរភាពសង្គម ទើបអាចដំណើរការបើកអាជីវកម្មជាប្រក្រតី និងអាចទទួលឲ្យភ្ញៀវចូលទទួលទានបានក្នុងបរិវេណទីតាំងនោះ ប៉ុន្តែចាំបាច់ត្រូវកំណត់ចំនួនអតិថិជនក្នុងបរិវេណសមរម្យ សមាមាត្រទៅនឹងទំហំទីតាំង ដើម្បីរក្សាឲ្យបាននូវគម្លាតសុវត្ថិភាព បុគ្គលនិងសង្គម និងដើម្បីធានាឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ ដោយត្រូវចៀសវាងប្រជ្រៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើនដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ១៩ ។
សូមរំលឹកទៀតថា ភោជនីយដ្ឋាន ឬអាហារដ្ឋាន ដែលត្រូវបានអនុញ្ញាតដូចក្នុងចំណុចខាងលើ ដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹង ឬអនុញ្ញាតិឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ ។
ផ្ទុយទៅវិញ ភោជនីយដ្ឋានខាងលើនេះ បានទទួលភ្ញៀវផឹកស៊ី ច្រៀងខារ៉ាអូខេ ដែលល្មើសទៅនឹងវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអាចបង្កឱ្យមានហានិភ័យ និងការរីករាលដាលនូវជំងឺកូវីដ១៩ ទើបត្រូវបានបិទខ្ទប់ឃាត់មនុស្សទាំងយប់នោះតែម្តង ។
សំណុំរឿងនេះ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងបើកការស៊ើបសួរមេការខារ៉ាអូខេតែម្នាក់គត់ ដោយមនុស្ស៦៧នាក់ទៀត ត្រូវបានសមត្ថកិច្ចដោះលែឲ្យទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ