ហើយតើ! ឯណាកាហ្វេពុក ?
កែវងាកមើលទៅបាត់ថង់កាហ្វេពីដៃម៉ូតូកែវធ្វើភ្នែកស្លឺ
កែវ៖ អូហ៍! ជ្រុះថង់កាហ្វេបាត់ទៅហើយអ៊ុំ!
សាម៉នធ្វើមុខហួសចិត្ត
សាម៉ន៖ ស្អីហ្នឹង ? ដល់ថ្នាក់ជិះម៉ូតូជ្រុះថង់កាហ្វេបាត់ហើយមិនដឹងទៀត! នាងកែវ ប្រាប់អញអោយត្រង់មក! មានរុយក្បាលខៀវតាមហិតក្លិនទេដឹង ?
កែវធ្វើមុខអេះអុញងាកមើលមុខភួងម្លិះបន្តិច
កែវ៖ អន្ទិតឆៃជិះម៉ូតូតាមពួកខ្ញុំហ្នឹងណាអ៊ុំ ! ខ្ញុំជិះម៉ូតូគេចលឿនពេកបានជាមិនដឹង ជ្រុះថង់កាហ្វេ !
សាម៉នធ្វើមុខខឹង
សាម៉ន៖ ឃើញទេៗ! អញថាអីចេះខុស! អាខ្មាប់! ឯងឮទេ ? ឲ្យតែអញនិយាយស្អីឯងចេះតែថាអញហ្នឹងហួងហែងកូនស្រីខុសគេខុសឯង! ឥឡូវឃើញហើយនៅ!គ្រាន់តែទៅទិញកាហ្វេមួយថង់ក៏មានអ្នកតាមរយីងរយោងដែរ! មិនបាច់ទៅបុណ្យបញ្ចុះសីមាទេ! បើគ្មានពុកម៉ែជូនទៅនោះ ! បណ្តោយឲ្យដើរតែកេ្មងៗមិនកើតទេ !
កែវនិងភួងម្លិះមើលមុខគ្នាធ្វើមុខជូរ។
ឆែមអង្គុយនៅកៅអីសាឡុងកំពុងបើកវិទ្យុប្តូរប៉ុស្តិ៍ចុះឡើងរកពត៌មានស្តាប់ ។ ឆៃទ្រើកនិងត្រុយគ្រាគ្នាដើរចូលមកក្នុងផ្ទះដំណើរប៉័ងខ្ញើកទាំងអស់គ្នា មុខរបស់ឆៃមានបិតបង់ស្អិត បិតរបួសជើងរុំបង់សឡើងក្រាស់ធំជាងជើង។ ឆែមដាក់វិទ្យុចុះបើកភ្នែកធំៗស្ទុះមកឈ្ងោកមើលជើងឆៃ
ឆែម៖ ស្អីទៀតហើយអាឆៃ ? ឯងដួលម៉ូតូទៀតហើយហ្អី ? ហ្នឹងហើយជិះម៉ូតូឈ្លើយពេក ! ពុកប្រាប់ហើយថាធ្វើចរាចរណ៍កុំប្រមាថឲ្យសោះប្រយ័ត្នវាងាប់ខានចាស់ទៅ !
ឆៃបើកភ្នែកធំៗមុខសខឹង
ឆៃ៖ អេហ៍ ! ពុកនេះ! កំពុងបារម្ភពីកូន ឬក៏ដាក់ទំនាយទៅ ! មនុស្សឈឺសឹងស្លាប់ ហើយនៅមកជាន់ថែមទៀត !
ទ្រើកនិងត្រុយជួយទប់ខ្លួនឆៃនាំទៅអង្គុយលើកៅអី ចំជើងរបួសឆៃស្រែក
ឆៃ៖ អូយៗ! ឈឺ! អារំបល់យ៎ ! ឯងមិនឃើញជើងយើងរបួសទេហ្អី! យ៉ីអាពីរនាក់នេះ! ឲ្យទៅជាមួយគ្មានបានការស្អីសោះ! ធ្វើឲ្យអញរបួសឈឺខ្លួនសឹងស្លាប់ទៅហើយ!
ទ្រើកនិយាយមួយៗយឺតៗ
ទ្រើក៖ លោកបង! ចេះតែបន្ទោសពួកខ្ញុំទៅកើត! លោកបងជិះដួលខ្លួនឯងសោះហ្នឹង!
ឆៃខោកក្បាលទ្រើកមុខខឹង
ឆៃ៖ អឺ! មកពីឯងមិនជួយទប់អញ! បើដឹងថាអញដួលហើយ !
ត្រុយ៖ ទប់យ៉ាងម៉េចទាន់លោកបង! បើសុខៗក៏ព្រូសទៅហើយហ្នឹង !
ឆែមដកដង្ហើមធំដើរមកអង្គុយក្បែរឆៃពិនិត្យមើលមុខរបួសឆៃ
ឆែម៖ មិនបាច់បន្ទោសគ្នាទេ! នេះសំណាងហើយដែលឯងរបួសតិចតួចនោះ! ថ្ងៃក្រោយជិះម៉ូតូឲ្យប្រយ័ត្នប្រយែងខ្លះទៅអាឆៃអើយ! ពុកមានកូនប្រុសតែមួយ! បើយ៉ាងម៉េចៗទៅ ឯងចង់ឲ្យយើងដាច់ពូជហ្អី ?
ឆៃតម្រេតខ្នងទៅនឹងបង្អែកកៅអី ទ្រើកនិងត្រុយច្របាច់ឈ្លីដៃជើងឲ្យ
ឆៃ៖ បើពុកខ្លាចដាច់ពូជឆាប់ដណ្តឹងប្រពន្ធឲ្យខ្ញុំទៅ! តែខ្ញុំមានប្រពន្ធខ្ញុំកែប្រែចិត្តគំនិតហើយពុក! ខ្ញុំសន្យា! ឲ្យតែខ្ញុំបានរៀបការជាមួយអូនម្លិះខ្ញុំធានាកែប្រែខ្លួនគ្រប់យ៉ាងទាំងអស់ពុក! ខ្ញុំស្រឡាញ់ប្រពន្ធច្បាស់ជាស្តាប់ប្រពន្ធហើយ! ពុកមិនបាច់បារម្ភតាមមើលតាមពិបាកដោយសារខ្ញុំទៀតដែរ !
ឆែមធ្វើមុខខ្វាយខ្វល់
ឆែម៖ ពុកមិនមែនមិនចង់ទៅដណ្តឹងប្រពន្ធឱ្យឯងទេ ! ពុកក៏ចង់ឲ្យឯងរៀបការមានកោះមានត្រើយអោយហើយៗដែរ ! តែឯងមិនមើលឫកពារខ្លួនឯងផងទៅមើល! ឯងមិនគិតខ្វល់រឿងការងាររកស៊ីស្អីសោះគិតតែដើរត្រុកត្រុកតាមកូនក្រមុំគេ អ្នកណាគេព្រមលើកកូនឱ្យឯងនោះ ! បើត្រង់ណាផ្សេងក្រែងគេបិទភ្នែកបិទច្រមុះអឺអើខ្លះព្រោះឃើញយើងមានលុយមានកាក់! តែចំមេឃុំសាម៉នស្រែគេរាប់មិនអស់! ចម្ការគេក៏មិនខ្វះលុយកាក់គេក៏មិនតិច! ហាងលក់ជីគេពីរបីកន្លែងលុយចូលគ្រប់ច្រកគ្រប់ជ្រុង! ហើយក៏ហួងហែងកូនស្រីទៀត ! ទោះជាពុកទៅដណ្តឹងភួងម្លិះឲ្យឯងក៏មិនសង្ឃឹមថាបានដែរ !
ឆៃទន្ទ្រាំជើងតែប៉ះជើងឈឺស្រែកអូយក្តោបជើង ។ ទ្រើកនិងត្រុយស្ទុះទៅជួយទ្រជើងរបួស
ត្រុយ៖ សម្រួលអារម្មណ៍លោកបងសម្រួលអារម្មណ៍!
ឆៃរលាស់ដៃរលាស់ជើងធ្វើដូចកូនក្មេង
ឆៃ៖ ខ្ញុំមិនសុខចិត្តទេ ! ពុកចេះតែរកលេសប្រកែកជាមួយខ្ញុំតែរហូតហ្នឹង! ឥឡូវពុកសាកទៅដណ្តឹងអូនម្លិះអោយខ្ញុំសិនទៅ ! បើមេឃុំមិនឲ្យឱ្យច្បាស់ថាមិនឲ្យស្រួលខ្ញុំគិតទៀតណាពុក !
ឆែមទះថ្ងាសខ្លួនឯងតិចៗ
ឆែម៖ អឺៗ! ទុកពេលឲ្យពុកគិតបន្តិច! កុំអាលបង្ខំពេកអាឆៃ! សន្សឹមកុំបំបោលក្រែង ពុំដល់ដូចប្រាថ្នា! ចាំពុករៀបជើងព្រួលឲ្យស្រួលក្រែងវាមានផ្លូវណាកូន !
ឆៃទះដៃសើចសប្បាយ
ឆៃ៖ អស្ចារ្យពុកអស្ចារ្យ! តែប៉ុណ្ណឹងទៅវាចប់រឿងទៅហើយ !
ទ្រើកនិងត្រុយទះដៃសើចប្រណាំងជាមួយឆៃដែរ។ ឆៃយារជើងចង់ធាក់ទាំងពីរនាក់
ឆៃ៖ ហើយឯងទាំងពីរនាក់ហ្នឹងវាស្អីដែរ! សើចឮជាងអញទៅទៀត!
ឮសូរសំឡេងខ្លុយលន្លង់លន្លោច ។ នៅក្រោមដើមត្នោតឃើញអរុណកំពុងអង្គុយផ្អែកខ្នងនឹងដើមត្នោតផ្លុំខ្លុយម្នាក់ឯង។ គោរបស់អរុណមួយនឹមចងឱ្យស៊ីស្មៅក្បែរនោះ។ នៅវាលស្រែកែវកំពុងរត់កាត់តាមភ្លឺស្រែងាករកមើលជុំវិញខ្លួនរួចរត់តាមសម្លេងខ្លុយ។ អរុណកំពុងផ្លុំខ្លុយផ្អែកក្បាលយឺតៗទៅនឹងដើមត្នោត។ ដៃរបស់កែវលូកពីក្រោយមកបិទភ្នែកអរុណជាប់ ។ អរុណភ្ញាក់ដាក់ខ្លុយចុះចាប់ក្តោបដៃកែវដែលកំពុងបិទភ្នែកគេជិត
អរុណ៖ អ្នកណាហ្នឹង ?
កែវញញឹម
កែវ៖ បងរុណទាយទៅមើលថាជាអ្នកណា ?
ដៃអរុណស្ទាបអង្អែលដៃកែវថ្នមៗមាត់ញញឹម
អរុណ៖ បងទាយមិនត្រូវទេ! ព្រោះបងគ្មានជំនាញខាងទស្សន៍ទាយផង!
កែវញញឹមធ្វើមុខអៀនផុសចេញសុទ្ធតែរូបបេះដូងអណ្តែតចេញពីក្នុងភ្នែករបស់កែវ ព័ទ្ធជុំវិញខ្លួនគេទាំងពីរនាក់
កែវ៖ ម៉េចក៏មិនទាយសាកមើលទៅ ! ទោះជាទាយខុសក៏គ្មានអ្នកណាគេចាប់ទោសអូសដំណើរយកទៅដាក់គុកឯណាដែរ! បងរុណកុំធ្វើពើ ! មនុស្សមានបេះដូងតែមួយសូម្បីនៅឆ្ងាយគ្នាប៉ុណ្ណាក៏បេះដូងអាចស្គាល់ហើយស្រែករកគ្នាបាន ! កុំថាឡើយនៅជិតបង្កើយត្រឹមប៉ុណ្ណឹងបែរជាឡកឡឺយថាមិនដឹងអ្នកណាទៅវិញ !
(នៅមានត)
ចែករំលែកព័តមាននេះ