ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២១ មានកំណើន ២,៤% ខណៈឆ្នាំ២០២២ នឹងងើបឡើងវិញ ក្នុងរង្វង់ ៤,៨%

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២២ បង្ហាញថា តាម​ការ​ព្យាករ សេដ្ឋកិច្ចកម្ពុជា នៅ​ឆ្នាំ​២០២១ នេះ ត្រូវបាន​ប៉ាន់​ស្មានថា មាន​កំណើន​ក្នុង​អត្រា ២,៤%…

ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២២ បង្ហាញថា តាម​ការ​ព្យាករ សេដ្ឋកិច្ចកម្ពុជា នៅ​ឆ្នាំ​២០២១ នេះ ត្រូវបាន​ប៉ាន់​ស្មានថា មាន​កំណើន​ក្នុង​អត្រា ២,៤% ហើយ​ត្រូវបាន​ព្យាករ​ថា នឹង​ងើប​ឡើងវិញ នៅ​ឆ្នាំ​២០២២ ក្នុង​រង្វង់ ៤,៨%​។​

​ដោយឡែក​ចំណូល​សម្រាប់​ប្រជាជន​កម្ពុជា ម្នាក់ នៅ​ឆ្នាំ​២០២២ នឹង​កើន​ឡើងដល់ ១៨៤១​ដុល្លារ​អាម៉េរិក បើ​បៀ​ប​ធៀប​នឹង ១៧៣០​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០២១​។​

​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០២២ ក្នុង​រង្វង់ ៤,៨%​នេះ ត្រូវបាន​រំពឹង​លើ​ការ​ងើបឡើង​វិញ​នៃ​វិស័យសេដ្ឋកិច្ច​សំខាន់ៗ រួមមាន​៖ វិស័យ​ឧស្សាហកម្ម មាន​កំណើន ៧,៨% ( ៥,៧% ក្នុង​ឆ្នាំ​២០២១ ) វិស័យ​សេវាកម្ម មាន​អត្រាកំណើន ៤,១% ( ០,៣% ក្នុង​ឆ្នាំ​២០២១ ) និង​វិស័យ​កសិកម្ម មាន​អត្រាកំណើន ១,១% ( ១,៤% ក្នុង​ឆ្នាំ​២០២១ )​។​

​នៅក្នុង​ឆ្នាំ​២០២២ អត្រា​អតិផរណា មធ្យម​ប្រចាំឆ្នាំ ក៏​ត្រូវបាន​រាជរដ្ឋាភិបាល ប៉ាន់​ស្មានថា ស្ថិតក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ក្នុង​អត្រា ២,៨% អត្រា​ប្តូរ​ប្រាក់រៀល ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក ត្រូវបាន​ប៉ាន់​ស្មានថា នឹង​នៅតែ​បន្ត​មាន​ស្ថិរភាព​ក្នុង​រង្វង់ ៤០៦៥​រៀល ក្នុង ១​ដុល្លារ​អាម៉េរិក​។ រីឯ​ទុនបម្រុង​អន្តរជាតិ​សរុប ត្រូវបាន​រំពឹងថា នឹង​កើន​ឡើងដល់ ២២ ១២០​លាន​ដុល្លារ​អាម៉េរិក ដែល​ធានា​ការនាំ​ចូល​បាន ១០,១​ខែ​។​

​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២២ ឬ​ហៅថា ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២២ ដែលគណៈរដ្ឋមន្ត្រី ប្រជុំអនុម័តនៅ​ព្រឹកថ្ងៃទី២២ ខែតុលានេះ បានកំណត់​ការចំណាយ​ថវិកា​ថ្នាក់ជាតិ សរុប​ចំនួន ៣២ ៥៧៦,៩ ប៊ី​លាន​រៀល ស្មើ​ប្រមាណ ៨០១៣​លាន​ដុល្លារ​អាម៉េរិក ត្រូវជា ២៦,២៤% នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​)​។ ថវិកាជាតិ​ឆ្នាំ​២០២២ កើនឡើង ៦.៨% ធៀប​នឹង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១​។​

​រាជរដ្ឋាភិបាល ប្រកាសថា ថវិកាជាតិ ឆ្នាំ​២០២២ អាច​ប្រសិទ្ធ​នាម​បាន​ថា ជា​ថវិកា​សម្រាប់​បន្ត​ការប្រយុទ្ធប្រឆាំង និង​ការកសាង​សមត្ថភាព​រស់នៅ​ជាមួយ​កូ​វីដ​១៩ តាម​គន្លង​ប្រក្រតី​ថ្មី ដើម្បី​បន្ត​ប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន ព្រម​ជាមួយនឹង​ការតម្រង់​ធនធាន​ឆ្ពោះទៅ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ