ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​មិន​នៅ អណ្តាតភ្លើង​លេប​ត្របាក់​ផ្ទះ​ខ្ទេច​អស់​ទាំ​ស្រុង​ត្រឹម​មួយប៉ប្រិចភ្នែក

1 ខែ មុន
  • ភ្នំពេញ

ផ្ទះ​១​ខ្នង​សាងសង់​ពី​ឈើ​ខាងលើ និង​ថ្ម​ខាងក្រោម រួម​ជាមួយ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​នោះ​ផង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ខណៈ​ពេល​ដែល​ម្ចាស់​មិន​នៅ ព្រោះតែ​

រាជធានី​ភ្នំពេញ ៖ ផ្ទះ​១​ខ្នង​សាងសង់​ពី​ឈើ​ខាងលើ និង​ថ្ម​ខាងក្រោម រួម​ជាមួយ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​នោះ​ផង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ខណៈ​ពេល​ដែល​ម្ចាស់​មិន​នៅ ព្រោះតែ​ជាប់រវល់​ចេញ​ទៅ​ក្រៅ​រកស៊ី​ធ្វើ​ការងារ​ផ្សេង​ៗ​ហើយ​បិទទ្វារ​ចោល ដោយ​សង្ស័យ​ថា​ឆ្លង​ចរន្តអគ្គិសនី ទើប​បង្ក​ជា​អណ្ដាតភ្លើង​បណ្ដាល​ឲ្យ​ឆាបឆេះ​បែប​នេះ​តែ​ម្ដង ខណៈ​ពេល​នោះ​ដែរ ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចេញពី​អង្គភាព​នានា​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

បើ​តាម​នគរបាល​ប៉ុស្តិ៍​ក​ន្ល​ទោ​ក បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​ខាងលើ​នេះ មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ សាងសង់​ពី​ឈើ​ខាងលើ និង​បន្ទប់​ថ្ម​ក្រោម ដែល​មាន​ម្ចាស់​ឈ្មោះ​ផា​ន់ សុវណ្ណ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ។ គាត់ រួម​ទាំង​សមាជិកគ្រួសារ ពុំ​បាន​រង​របួស​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ ប៉ុន្តែ​ពួក​គាត់​ពុំ​អាច​យក​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ រួម​ទាំង​ប្លង់​ដី​ផង​ដែរ ចេញពី​ក្នុងផ្ទះ​នេះ​បាន​ឡើយ គឺ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង​។ ចំណែក​ការ​ឆាបឆេះ​នេះ ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​ជំហាន​ដំបូង​ដាក់​ការ​សង្ស័យ​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។

បើ​តាម​អ្នក​ភូមិ​ខាងលើ បាន​និយាយ​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ ម្ចាស់ផ្ទះ​ទាំងអស់​អត់​បាន​នៅផ្ទះ​នោះ​ទេ ដោយសារ​តែ​អ្នកខ្លះ​ចេញ​ទៅ​ធ្វើការ​រកស៊ី និង​អ្នកខ្លះ​ទៀត​ជាប់រវល់​ចេញ​ក្រៅ ហើយ​បាន​បិទទ្វារ​ផ្ទះ​ចោល ។ ក្រោយមក​ក៏​ស្រាប់តែ​ឃើញ​មាន​ភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោរ​សន្ធៅ ព្រមទាំង​មាន​ផ្សែងហុយ​ចេញ​យ៉ាង​ខ្លាំង ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ អ្នក​ជិតខាង​បាន​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ និង​ខ្លះ​ទៀត​បាន​នាំ​គ្នា​ជួយ​ដងទឹក​ជះ​ពន្លត់​ដែរ តែ​ពន្លត់​ឈ្នះ​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ការ​ហៅ​ត្រឹមតែ​រយៈពេល​ជាង​១០​នាទី​ប៉ុណ្ណោះ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ទៅ​ដល់​ជា​ច្រើន​គ្រឿង ប៉ុន្តែ​ដោយសារ​តែ​ផ្ទះ​នោះ គឺជា​ផ្ទះ​ឈើ ទើប​ឆេះ​លឿន​ណាស់ នៅ​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់ ផ្ទះ​នេះ​រួម​ជាមួយ​ទ្រព្យសម្បត្តិ​ទាំងអស់​នៅ​ក្នុង​នោះ​ផង ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង​។ ប៉ុន្តែ​ទោះបីជា​ផ្ទះ​ទាំងមូល​រង​ការ​ឆាបឆេះ​ខូចខាត​ទាំងស្រុង​ក្ដី តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​តែ​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​រហូត​រលត់​អស់ ដើម្បី​កុំ​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ជិត​គ្នា​នោះ ៕