ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សប្បាយ​​​នេសាទ​ត្រី ខណៈ​ត្រី​ជា​ច្រើន​សម្រុក​ចេញពី​ស្រែ​ទៅ​តាម​អូរ ឬ​ត្រពាំង

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ទើបតែ​ចូល​ដល់​ថ្ងៃ ១​រោច ខែអស្សុជ ដែល​មិន​ទាន់​ចូល​ដល់​ខែកត្តិក ធ្លាក់​ខ្យល់​ពី​ជើង​ផង ត្រី​បាន​សម្រុក​ធ្លាក់​ចេញពី​ស្រែ ទៅ​រក​ទីជម្រៅ​តាម​អូរ ត្រពាំង​​នានា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​រីករាយ​ក្នុង​ការ​នេសាទ ដោយ​បង់​សំណាញ់​​គ្រប់​ៗ​គ្នា​។ ជាក់ស្ដែង​

ខេត្តកំពង់ឆ្នាំង ៖ ទើបតែ​ចូល​ដល់​ថ្ងៃ ១​រោច ខែអស្សុជ ដែល​មិន​ទាន់​ចូល​ដល់​ខែកត្តិក ធ្លាក់​ខ្យល់​ពី​ជើង​ផង ត្រី​បាន​សម្រុក​ធ្លាក់​ចេញពី​ស្រែ ទៅ​រក​ទីជម្រៅ​តាម​អូរ ត្រពាំង​នានា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​រីករាយ​ក្នុង​ការ​នេសាទ ដោយ​បង់សំណាញ់​គ្រប់​ៗ​គ្នា​។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី ២២ ខែតុលា ឆ្នាំ ២០២១​នេះ នៅ​មុខ​ខ្លោងទ្វារវត្ត​ព្រះ​រាម​រង្សី ស្ថិត​នៅ​ក្នុងភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​សម្រុក​បង់សំណាញ់​ចាប់​ត្រី​យក​ទៅ​ធ្វើ​ម្ហូប​យ៉ាង​សប្បាយ​រីករាយ ព្រោះតែ​ត្រី​កំពុង​សម្រុក​ធ្លាក់​ចេញពី​ស្រែ​ចុះ​មក​ក្នុង​អូរ ឬ​ត្រពាំង ដើម្បី​រក​ទីជម្រៅ​បន្ត​រស់នៅ​តាម​សភាវៈ​មច្ឆា​ជាតិ ។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ ឆេ​ង ផុ​ន អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រះ​រាម​រង្សី បាន​បញ្ជាក់​ថា ត្រី​បាន​សម្រុក​ចេញពី​ស្រែ​តាំងពី​យប់ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​បង់សំណាញ់​បាន​ច្រើន​ណាស់ ដោយ​ក្នុង​ម្នាក់​ៗ​បាន​ត្រី​៤​ទៅ​៥​គីឡូក្រាម ឬ​ខ្លះ​បាន​រហូត​ដល់​១០​គីឡូក្រាម​ឯណោះ ។ ហើយ​ត្រី​ដែល​បង់ សំណាញ់​បានជា​ប្រភេទ​ត្រី​ក្រាញ់ និង​ត្រី​ឆ្លូញ ព្រមទាំង​មាន​ត្រី​ផ្ទក់​ខ្លះ​ៗ​ផង​ដែរ ។ ប៉ុន្តែ​មក​ដល់​ម៉ោង​ប្រមាណ​ជា​៩​ព្រឹក ត្រី​បាន​ស្ងប់​បន្តិច ព្រោះតែ​មេឃងងឹត​រក​ធ្លាក់​ភ្លៀង ។ យ៉ាងនេះ​ក្តី បងប្អូន​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​បង់សំណាញ់​ជា​បន្ត​ទៀត ព្រោះ​ត្រី​អាច​នឹង​ត្រូវ​ខ្លាំង​ឡើង​វិញ​នៅ​ពេល​ដែល​មេឃ​ស្រឡះ​ល្អ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​ក៏​បាន​យក​ត្រី​ទៅ​លក់ (​ត្រី​ឆ្លូញ​បាន​ថ្លៃ​) តែ​ខ្លះ​ទៀត​ទុក​ហូប​ខ្លួនឯង ឬ​ទុក​ប្រឡាក់ និង​ធ្វើ​ផ្អក ឬ​ក៏​ធ្វើ​ត្រី​ប្រៃ​ជាដើម សម្រាប់​ទុកជា​អាហារ​ទៅ​ថ្ងៃក្រោយ ។

នៅ​ជុំវិញ​បរិវេណ​កន្លែង​នេសាទ​ត្រី​របស់​ប្រជាពលរដ្ឋ គឺ​មាន​មនុស្ស​យ៉ាងច្រើន​កុះករ ខ្លះ​ឈរ​មើល​ទិដ្ឋភាព​នៃ​ការ​នេសាទ​ត្រី​របស់​បងប្អូន​ប្រជាពលរដ្ឋ ខ្លះ​ទៀត​ក៏​ឈរ​ចាប់​ទាញ​យក​ត្រី​ល្អ​ៗ ទុក​ធ្វើ​ម្ហូប ហើយ​នៅ​ជុំវិញ​បរិវេណ​នោះ ក៏​មាន​ភ្លក់​ភ្លើង ផ្សែងហុយ​ទ្រលោម ដែល​បងប្អូន​ចាប់​ត្រី​បាន​ដុត​អាំង​ធ្វើ​ម្ហូប​ក្លែម និង​ម្ហូប​សម្រាប់​ពិសា​របាយ​នៅ​នឹង​កន្លែង​នេសាទ​តែ​ម្ដង ដែល​បរិយា​កាស​មនុស្ស​ច្រើន​កុះករ​បែប​នេះ ពិតជា​សប្បាយ​រីករាយ​ក្រៃ​លែង​។ ប៉ុន្តែ​អ្វី​ដែល​បាន​ចាប់អារម្មណ៍​ជាង​នេះ​ទៀត​នោះ គឺ​ពួក​គាត់​បាន​ភ្លេច​វិធានការ «៣​កុំ ៣​ការពារ​» ព្រោះតែ​ពុំ​សូវ​ឃើញ​មាន​នរណា​ម្នាក់​ពាក់​ម៉ាស់​ការពារ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ