ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញផ្ទះត្រូវគេគាស់ខ្ទេច អ្នកជិតខាង​មិនអាចផ្តល់​ដំណឹង​ ខណៈម្ចាស់ជាប់ធ្វើចត្តាឡីស័កនៅ​ថៃ

1 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្តី​ប្រពន្ធ​​នាំ​គ្នា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ជាប់​នឹង​ព្រំដែន​ខេត្ត​ប៉ៃលិន ដោយ​ផ្ញើ​កូន​ៗ​ទុក​នៅ​ជាមួយ​ម្តាយ ហើយ​ពួក​

ខេត្ត​ប៉ៃលិន ៖ ប្តី​ប្រពន្ធ​​នាំ​គ្នា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ជាប់​នឹង​ព្រំដែន​ខេត្ត​ប៉ៃលិន ដោយ​ផ្ញើ​កូន​ៗ​ទុក​នៅ​ជាមួយ​ម្តាយ ហើយ​ពួក​គេ​ចង់​មក​មើល​ផ្ទះ​របស់​ខ្លួន​ដែរ តែ​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល​ជិត​កន្លះ​ខែ ក្រោយ​មក​អ្នក​ជិតខាង​​បានផ្តល់ដំណឹងទៅម្តាយ​របស់​ម្ចាស់ផ្ទះ​ថា មាន​ចោរ​ចូល​ទៅ​គាស់​សោ​ទ្វារ​បន្ទប់​ក្នុងផ្ទះ ​លុះ​ម្តាយ​ចូល​ទៅ​មើល​ក្នុង​បន្ទប់ ​ក៏ឃើញ​យក​របស់របរ​ទ្រព្យសម្បត្តិ​ត្រូវចោរចូលលួច​ខ្ទេចខ្ទី គ្មាន​សល់​នោះ​ឡើយ ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ហេតុការណ៍​ស្ត្រី​ម្នាក់​ដែលត្រូវជាម្តាយ​ចូល​ទៅ​មើល​បន្ទប់​ក្នុងផ្ទះ ដែល​ត្រូវ​ចោរ​លួច​យក​របស់របរ​គ្មាន​សល់​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​ម្នាក់ បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ ស្រ៊ុ​ន គុ​ន្ធែ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ​និង​​ប្តី​ឈ្មោះ ណុ​ប សេក អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ប្តី​ប្រពន្ធ​ខាងលើ​នេះ បាន​ចាក​ចេញពីផ្ទះ​ទៅ​ធ្វើការ​ប្រកប​របរ ស៊ីឈ្នួល​គេ​នៅ​ប្រទេស​ថៃ អស់​រយ​:​ពេល​២​ឆ្នាំ​មក​ហើយ ដោយ​ចាក់សោ​ទ្វារផ្ទះ​ទុក​ចោល ផ្ញើ​នឹង​អ្នក​ជិតខាង​ម្នាក់ លុះ​ជិត​១​ខែ​ចុង​ក្រោយ​នេះ ពួក​គេ​ចង់​ត្រឡប់​មក​វិញ ដើម្បី​មើល​ផ្ទះសម្បែង​របស់​ខ្លួន តែ​ក៏​​តម្រូវ​ឱ្យពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល​១៤​ថ្ងៃ នៅ​ប្រទេស​ថៃ ព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​កើត​ជំងឺ​កូ​វី​ដ ១៩ ។

តាម​ប្រភពដដែលបានបន្ត​ថា ក្រោយមក​ក៏​ទទួល​ដំណឹង​ថា ជ​ញ្ជាំ​ង​ស័ង្កសី​ផ្ទះ​របស់​ខ្លួន ត្រូវ​បាន​ខ្យល់​បក់​បោក​ខ្លាំង បណ្តាល​ឱ្យ​រលំ​ដួល​អស់​រយ​:​ពេល​ជាង​កន្លះ​ខែ​មក​ហើយ ដោយ​អ្នក​ជិតខាង​ដែល​ពួកគាត់​​ផ្ញើ​ផ្ទះ​នោះ អត់​ដឹង​ទាក់ទង​ប្រាប់​យ៉ាងម៉េច​កើត ​ព្រោះ​គ្មាន​លេ​ខ​ទូរស័ព្ទ ក៏​ផ្តាំផ្ញើ​ឱ្យ​អ្នក​ផ្សេង​ជូនដំណឹង​ទៅ​ម្តាយ​របស់​ពួក​គេ ដែល​រស់នៅ​ភូមិ​ផ្សេង​ឱ្យ​ចូល​មក​មើល ព្រោះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន មាន​ឮ​សម្លេង​ចោរ​គាស់​ទ្វារ​ផ្នែក​ខាងក្រោយ មិនដឹង​ជា​លួច​យក​អ្វីខ្លះ​នោះ​ទេ ។

​តាម​ប្រភព​ដដែលបាន​បញ្ជាក់​ថា ចោរ​ទាំង​អស់នេះ មិនមែន​អ្នក​រស់នៅ​ឆ្ងាយ​នោះ​ទេ គឺជា​អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀ.ន រស់នៅ​ក្បែរ​ៗ ផ្ទះ​ជន​រង​គ្រោះ តែ​ក្រោយមក ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​អស់​ហើ​យ ខណ​:​ពួក​គេ​ចូល​ទៅ​លួច​ទូរស័ព្ទ​ព្រះសង្ឃ​ក្នុង​វត្ត កាលពី​ពេល​ថ្មី​ៗ​នេះ ។

ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ ត្រោក ខេន អាយុ​៥៨​ឆ្នាំ ជា​ម្តាយ​ម្ចាស់ផ្ទះ​ខាងលើ បានឱ្យ​ដឹង​ដែរ​ថា ចោរ​បាន​លួច​គាស់​ផ្ទះ​កូន​គាត់ ចូល​យក​អស់ ចាន ឆ្នាំង និង​ទូរទស្សន៍​ចំនួន​៤​គ្រឿង ព្រមទាំង​សម្ភារ​:​ផ្សេង​ៗ រួម​ជាមួយនឹង​សម្លៀក​បំពាក់​មួយ​ចំនួន​ផង​ដែរ ។ គាត់​បន្ត​ទៀត​ថា តែ​សំណាងល្អ ដែល​ចោរ​គ្រាន់តែ​រើ​កកាយ​ក្នុង​បន្ទប់​ខ្ទេចខ្ទី មិន​បាន​យក​ប្លង់​ដី រួម​ជាមួយនឹង​ប្លង់​ផ្ទះ កុំ​អី​ខាតបង់​អស់​កាន់តែ​ច្រើន ។ តែ​គាត់​ក៏​មិន​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​នោះ​ទេ ព្រោះ​ដឹង​ថា ចោរ​ដែល​គាស់ ទ្វារផ្ទះ​កូន​គាត់ ចូល​លួច​យក​ទ្រព្យសម្បត្តិ​ទាំងនោះ បាន​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​អស់ហើយ ៕