រាជធានីភ្នំពេញ ៖ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋាភិបាលកម្ពុជាសម្រេចបើកឱ្យមានការផ្ដល់ទិដ្ឋាការទេសចរណ៍ឡើងវិញ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរទូទៅចូលមកលេងកម្សាន្តនៅកម្ពុជាព្រមទាំងដាក់ឱ្យដំណើរការឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ (Visa Exemption) ។
តាមរយៈលិខិតផ្ញើជូនទៅឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសនៃកម្ពុជាប្រចាំនៅបរទស កាលពីថ្ងៃទី២០ តុលា ស្ដីពីការកែសម្រួលគោលការណ៍នៃការផ្តល់ទិដ្ឋាការ លក្ខខណ្ឌធ្វើដំណើរ និងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន បានមានប្រសាសន៍ថា «យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រសួងសម្រេចបើកឱ្យមានការផ្ដល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ដែលត្រូវបានផ្អាកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរទូទៅ និងដាក់ឱ្យដំណើរការឡើងវិញនូវគោលការណ៍ លើកលែងទិដ្ឋាការ (Visa Exemption)» ។
ប្រមុខការទូតកម្ពុជា គូសបញ្ជាក់ទៀតថា យោងលើការវិវឌ្ឍកាន់តែប្រសើរឡើងនៃស្ថានភាពទប់ទល់នឹងជំងឺកូវីដ-១៩ នៅកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មីដោយបានសម្រួលលក្ខខណ្ឌគោលការណ៍នៃការផ្តល់ទិដ្ឋាការ និងរបបនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកកម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ក្នុងនោះក៏បានដាក់ដំណើរការឡើងវិញនូវការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច (e-Visa) ដើម្បីសម្រួលដល់អ្នកដំណើរក្នុងការស្នើសុំទិដ្ឋាការចូលមកកម្ពុជា ប៉ុន្តែនៅបន្តផ្អាកការផ្ដល់ទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) ។
ឯកឧត្តមបានបន្ថែមថា ទន្ទឹមគ្នានោះគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ក៏បានកែសម្រួលលក្ខខណ្ឌធ្វើដំណើរការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី តាមរយៈសេចក្តីជូនដំណឹងលេខ ៤៥៣ សខល ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដូចមានជូនភ្ជាប់ជាភាសាខ្មែរ និងអង់គ្លេសផងដែរ ៕
ចែករំលែកព័តមាននេះ