ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ពិធីបុណ្យ​កឋិនទាន នៅ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​សុក្រ ទី​២២ ខែតុលា ដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​។…

ភ្នំពេញ​៖ ពិធីបុណ្យ​កឋិនទាន នៅ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​សុក្រ ទី​២២ ខែតុលា ដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​។ បុណ្យ​កឋិនទាន នៅ​ឆ្នាំនេះ ត្រូវបាន​ក្រសួង​ធម្មការ និង​សាសនា ប្រកាស​ឲ្យ​ប្រារព្ធ​ជាធម្មតា តែ​តាម​គន្លង​ថ្មី ដើម្បី​ទប់ស្កាត់ និង​ការពារ​នូវ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ក្នុងនោះ ក្រសួង ក៏បាន​ហាមឃាត់ មិន​ឲ្យ​ផ្សព្វផ្សាយ​កម្មវិធី​បុណ្យកឋិន និង​មិនឲ្យដង្ហែ​តាម​ដងផ្លូវ ឬ​ជុំវិញ​ព្រះវិហារ ឡើយ​។ ដូច្នេះ វានឹងមានភាពសោះកក្រោះ ហើយមិនសូវមានមនុស្សចូលរួមឡើយ ដូចអ្វីដែលគេបានឃើញកាលពី​ពេល​ភ្ជុំបិណ្ឌ។

​តាម​សេចក្តីណែនាំ ការរៀបចំ​បុណ្យ​កឋិនទាន នៅ​ឆ្នាំនេះ ត្រូវ​ដំណើរការ​ស្របតាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា និង​ចូលរួម​បដិបត្តិ​តាម​សេចក្ដីណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ដែនដី តាម​សភាព​ជាក់ស្តែង​នៃ​ទីកន្លែង​នីមួយៗ​។ ​ក្នុងនោះ ក្រសួង​ធម្មការ និង​សាសនា ក៏បាន​ណែនាំ​ឲ្យ​អនុវត្ត​នូវ​វិធានការ​ចាំបាច់​នានា សំដៅ​កាត់ផ្តាច់ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ដែលមាន​កម្រិត​នៃ​ការឆ្លង​រាលដាល​ឆាប់រហ័ស​។

​បុណ្យកឋិន​ នៅ​ឆ្នាំនេះ អាជ្ញាធរ​សមត្ថកិច្ច ក៏ត្រូវ​យកចិត្តទុកដាក់​បង្កលក្ខណ​:​ឱ្យបាន​ល្អប្រសើរ ប្រគេន​ព្រះសង្ឃ ជូន​ពុទ្ធបរិស័ទ ប្រារព្ធ​ពិធីបុណ្យ កឋិនទាន​ស្របតាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ​ត្រូវអនុវត្ត​ឱ្យបាន​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​ការពារ​នានារ​បស់​ក្រសួងសុខាភិបាល វិធានការ​រដ្ឋបាល និង​ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ “៣​ការពារ ៣​កុំ​”​។​

​យ៉ាងណាក៏ដោយ ដោយសារតែ​បញ្ហា​កូ​វីដ មិនទាន់​ស្ងប់ ដូច្នេះ​បុណ្យកឋិន នៅ​ឆ្នាំនេះ ក៏ត្រូវ​បាន​ក្រសួង​ធម្មការ និង​សាសនា ហាមឃាត់​ផ្សព្វផ្សាយ​កម្មវិធី​បុណ្យ ហើយ​មិន​ឲ្យ​ហែ​កឋិន​តាម​ដងផ្លូវ ឬ​ហែ​ជុំវិញ​ព្រះវិហារ ដូច​ទម្លាប់​រៀងរាល់ឆ្នាំ​នោះទេ ដោយ​គ្រាន់តែ​វេរ​ប្រគេន​ត្រៃចីវរ ជា​កិច្ច​សម្រេច​បុណ្យ​។ វិធានការ​ទាំងនេះ ដើម្បី​ការពារ និង​ទប់ស្កាត់​កូ​វីដ​១៩​។​

​​​នៅ​គ្រប់​វត្ត​ទូទាំងប្រទេស នៅ​ឆ្នាំនេះ ក៏​នៅតែ​ទទួល និង​ធ្វើ​ពិធីបុណ្យ​កឋិនទាន ជាធម្មតា តែ​ត្រូវគោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​ធម្មការ និង​សាសនា​ខាងលើនេះ ពិសេស​មិនមាន​ការ​ដង្ហែ ឬ​ផ្សព្វផ្សាយ​បុណ្យ​ឡើយ គឺ​ពុទ្ធបរិស័ទ ឬ​បងប្អូន​ប្រជាពលរដ្ឋ អាចធ្វើ​ពិធីបុណ្យ​កឋិនទាន នៅផ្ទះ ទៅតាម​វិធាន​របស់​ក្រសួងសុខាភិបាល រួច​ម្ចាស់ដើមបុណ្យ ដែលមាន​ចំនួន​មនុស្ស​តិចតួច នាំយក​ត្រៃ និង​លៀង ព្រមទាំង​ទេយ្យទាន ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ ក្នុង​វត្ត​តែម្តង​។​

​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ថ្មី​នេះ គឺជា​បទពិសោធន៍ នៅ​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​តាម​វត្ត ទូទាំងប្រទេស​។ ក្នុងនោះ ២​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ដាក់​បិណ្ឌ គឺ​នៅ​ថ្ងៃទី​២២​កញ្ញា និង​ថ្ងៃទី​២៣​កញ្ញា បាន​រកឃើញ​តាម​វត្ត​មួយចំនួន ឆ្លង​កូ​វីដ​១៩​។ ហេតុការណ៍​នោះ នាំ​ឲ្យ​រាជរដ្ឋាភិបាល បង្ខំចិត្ត ត្រូវ​​ប្រកាស​​ផ្អាក មិន​​រៀបចំ​ពិ​ធី​​ជួបជុំ​តាម​វត្ត ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នោះទេ​។

​ក្រោយ​ហេតុការណ៍​នោះ នៅតាម​វត្ត​ក៏​ស្ងប់ស្ងាត់ មិនមាន​ឆ្លង​រាលដាល​កូ​វីដ​​ទេ បើទោះបីជា​តាម​​វត្ត​មួយចំនួន បិទ​មិន​ជិត ហើយ​មាន​អ្នក​ទៅ​វត្ត ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ ក្នុង​គន្លង​ថ្មី ដើម្បីការពារកូវីដ។ តែ​តាម​វត្ត​ខ្លះ ពិសេស​នៅតាម​បណ្តា​ខេត្ត នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ មាន​មនុស្ស​ប្រជ្រៀត​គ្នាច្រើនដែរ​​។ ជាងនេះទៅទៀត នៅពេល​ឈ​ប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ កាលពី​ដើម​ខែតុលា​​នេះ ក៏មាន​អ្នកធ្វើដំណើរ​ច្រើ​ន ទាំង​ទៅ​ស្រុក​កំណើត និង​ទៅ​ដើរលេង​តាម​រមណីយដ្ឋាន​នានា​។ ប៉ុន្តែ​ក្រោយ​ភ្ជុំបិណ្ឌ ចូលដល់​ចុង​សប្តាហ៍​ទី​២​នេះ ទៅហើយ​ មិនទាន់មាន​ផ្ទុះ​ការឆ្លង​រាលដាល​កូ​វីដ​១៩ ទ្រង់ទ្រាយ​ធំ​នោះទេ ខណៈដែល​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ និង​ចំនួន​អ្នកស្លាប់​ដោយ​កូ​វីដ​១៩ ក៏​បន្ត​ថយចុះ​រៀងរាល់ថ្ងៃ មក​នៅត្រឹម​ឆ្លង​​ជាង ១០០​នាក់ និង​ស្លាប់​ជាង ១០​នាក់​តិចតួច​ប៉ុណ្ណោះ ក្នុង ១​ថ្ងៃៗ​។​

​យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍​ពេល​ភ្ជុំបិណ្ឌ និង​ការថយចុះ​នៃ​ចំនួន​​អ្នក​ឆ្លង និង​ស្លាប់​​ដោយសារ​កូ​វីដ​១៩ នាពេល​នេះ ក៏​មិនមែន​មានន័យថា ត្រូវធ្វើ​បុណ្យកឋិន ដោយ​លែង​គិតពី​កូ​វីដ​នោះទេ​។ ចូរ​កុំភ្លេចថា មកដល់​ថ្ងៃនេះ ចំនួន​អ្នក​ឆ្លង នៅតែមាន ហើយ​ក្នុងនោះ តាម​វត្ត និង​តាម​វិហារ​សាសនា​នានា ក៏​នៅតែមាន​ព្រះសង្ឃ និង​អ្នកស្នាក់នៅ​វត្ត ឬ​វិហារ​សាសនា​ជាច្រើន ​​ឆ្លង​កូ​វីដ​១៩ នៅឡើយ​។​

​តាម​របាយការណ៍​ដែល​គេ​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២១​តុលា ឆ្នាំ​២០២១ ដោយ​អះអាងថា ជា​របាយការណ៍​របស់​ក្រសួង​ធម្មការ និង​សាសនា បង្ហាញថា សាសនិក ដែល​បាន​ឆ្លង ជាសះស្បើយ និង​មរណភាព​ដោយសារ​ជំងឺ​កូ​វីដ​-១៩ គឺ​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ សរុប​តាម​ផ្នែក​សាសនា​នីមួយៗ បាន​រកឃើញ​សាសនិក​ឆ្លង​ថ្មី ចំនួន ៨​អង្គ ជាសះស្បើយ​ចំនួន ២​អង្គ និង​មរណភាព​ចំនួន ២​អង្គ​។ បើ​គិត​ត្រឹម​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ នៅ​ព្រះពុទ្ធសាសនា មាន​ព្រះសង្ឃ​ឆ្លង​កូ​វីដ សរុប ១២១៥​អង្គ ជាសះ​ស្បើយ​សរុប ១០៦៨​អង្គ និង​អនិច្ចធម្ម​សរុប ១១​អង្គ​។ រីឯ​ឥស្លាម​សាសនា មាន​មេដឹកនាំ​ឆ្លង​សរុប ៣១៥​នាក់ ជាសះស្បើយ​សរុប ៣០៥​នាក់ និង​មរណភាព​សរុប ០៦​នាក់​។ គ្រិ​ស្ទ​សាសនា មាន​មេដឹកនាំ​ឆ្លង​សរុប ១១៨​នាក់ ជាសះស្បើយ​សរុប ១១៥​នាក់ និង​មរណភាព​សរុប ម្នាក់​។ រីឯ​សាសនា​មហាយាន គឺ​មេដឹកនាំ​ឆ្លង​សរុប ៣៨ នាក់ និង​ជាសះស្បើយ​ទាំង ៣៨ នាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ