ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំ វាយតម្លៃ ៤ចំណុច លើដំណើរការ​បើកសាលារៀនឡើងវិញ និងព្រឹត្តិការណ៍ក្រោយភ្ជុំ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ បន្ទាប់ពី​ការវាយតម្លៃ​លើ​ដំណើរ​ការបង្រៀន និង​រៀន​តាម​បណ្តុំ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុងភូមិ​សាស្ត្រ ដែលមាន​ហានិភ័យ​ទាប ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សង្កេតឃើញ…

ភ្នំពេញ​៖ បន្ទាប់ពី​ការវាយតម្លៃ​លើ​ដំណើរ​ការបង្រៀន និង​រៀន​តាម​បណ្តុំ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុងភូមិ​សាស្ត្រ ដែលមាន​ហានិភ័យ​ទាប ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សង្កេតឃើញ ៤​ចំណុច​សំខាន់ៗ​។

​តាម​សេចក្តីប្រកាស ចំណុច​ទាំងនោះ រួមមាន​៖

១-​គ្រឹះស្ថានសិក្សា ប្រមាណ ៣០​ភាគរយ បាន​ចាប់ដំណើរការ​តាម​គ្រប់​រូបភាព ស្របតាម​សេចក្តីណែនាំ​

២-​ការចូលរួម​តាម​គ្រប់​រូបភាព​ពី​សំណាក់​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ដំណើរការ​អប់រំ​ប្រកបដោយ​សុវត្ថិភាព និង​ប្រុងប្រយ័ត្ន​

៣-​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា បានផ្តល់​លទ្ធភាព​ឲ្យ​យើង​អាចធ្វើ​តេស្ត និង​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ទាំង​លើ​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​មួយចំនួន​តូច ហើយ​បាន​ចាត់ចែង​ព្យាបាល​ទាន់ពេលវេលា និង​ទប់ស្កាត់ កាត់ផ្តាច់​ការឆ្លង​រាលដាល​បានល្អ​ប្រសើរ​

៤-​ករណី​វិជ្ជមាន​កូ​វីដ​១៩ លើ​គ្រូបង្រៀន និង​សិស្សានុសិស្ស ក្នុង​រយៈពេល ៧​ថ្ងៃ មុន​បុណ្យ​ភ្ជុំបិណ្ឌ និង​រយៈពេល ៧​ថ្ងៃ ក្រោយ​ថ្ងៃ​ភ្ជុំបិណ្ឌ មាន​ចំនួន​តិចតួច និង​អាច​គ្រប់គ្រង​បាន​។

​ម្យ៉ាងវិញទៀត ក្រសួងអប់រំ ក៏បាន​ប្រកាសថា មាតាបិតា អ្នកអាណាព្យាបាល គ្រូបង្រៀន និង​សិស្សានុសិស្ស និស្សិត បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ក្នុង​អត្រា​ខ្ពស់​។ ដូច្នេះ​ក្រសួង​អប់រំ ក៏បាន​សម្រេច​ថា ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រសួង​នឹង​ពង្រីក​វិសាលភាព នៃ​ការបង្រៀន និង​រៀន សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​គ្រប់​កម្រិត ក្នុងភូមិ​សាស្ត្រ​ទូទាំង​រាជធានី​ខេត្ត​ទាំងអស់​។ ពោលគឺ​សាលារៀន នឹង​បើក​ដំណើរការ​ឡើងវិញ ចាប់ពី​ថ្នាក់បឋមសិក្សា រហូតដល់​ឧ​ត្ត​មសិ​ក្សា រួមទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សាលា​បណ្តុះបណ្តាល​គ្រូ​ទាំងអស់​។

សូម​រម្លឹកថា សាលារៀន​ថ្នាក់​អនុវិទ្យាល័យ និង​ថ្នាក់​វិទ្យាល័យ បាន​បើក​ដំណើរការ​ឡើងវិញ កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២១ ក្រោយពី​គ្រូ និង​សិស្ស បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។ ក្នុងពេល​បើក​សាលារៀន​ដំបូងៗ ក៏មាន​គ្រូ និង​សិស្ស រកឃើញ​ឆ្លង​កូ​វីដ​១៩ ដែរ​។ តែ​មិន​ច្រើន រហូតដល់​ត្រូវ​បិទ​សាលារៀន​នោះទេ​។​

​ក្រោយ​ភ្ជុំបិណ្ឌ នា​ដើមខែ​តុលា​នេះ ក៏​គ្រូបង្រៀន​មួយចំនួន ធ្វើតេស្ត​រកឃើញ​ឆ្លង​កូ​វីដ​១៩ ដែរ​។ តែ​មិនមាន​ច្រើន ហើយ​ដំណើរ​ការរៀន និង​បង្រៀន​នៅ​ថ្នាក់រៀន តាម​គន្លង​ថ្មី រួមទាំង​ការបង្រៀន និង​រៀន​តាម​អន​ឡាញ ក៏​នៅតែ​បន្ត​។​

​រហូតដល់​ពេលនេះ សិស្សានុសិស្ស​នៅ​កម្រិត​បឋមសិក្សា ចាប់ពី​អាយុ ៦​ឆ្នាំ រហូតដល់​ក្រោម ១២​ឆ្នាំ  ក៏បាន​ចាក់​វ៉ាក់សាំង ស្ទើរតែ ១០០% ក្នុងចំណោម​ជិត ២​លាន​នាក់​។ ចំណែក​កុមារ និង​យុវវ័យ អាយុ​ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ នៅ​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ ក៏បាន​ចាក់​វ៉ាក់សាំង​ស្ទើរតែ​ទាំងអស់​ផងដែរ​។ អ្នកមាន​អាយុ ១៨​ឆ្នាំ​ឡើង ក៏បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ បាន​សឹងតែ ១០០% ហើយ​គ្រូបង្រៀន​ទាំងអស់ បាន​ចាក់​វ៉ាក់សាំង រហូតដល់ ៣​ដូ​ស​រួចរាល់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ