ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កឋិនទាន​ចាប់ផ្តើម​ពី​ថ្ងៃ​១​រោច​ខែអស្សុជ​នេះ​ទៅ​ហើយ

2 ឆ្នាំ មុន

បុណ្យកឋិន​ជា​ពិធីបុណ្យ​មួយ​ចាប់ផ្ដើម​ធ្វើ​បន្ទាប់​ពី​បុណ្យ​ចេញ​វស្សា បុណ្យកឋិន​តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់ ពុំ​មាន​ទំនេរ​វត្ដ​ណាមួយ​ត្រូវ​បាន​ខកខាន​ឡើយ ដូច្នេះ​គេ​តែងតែ​ឃើញ​ក្បួន​កឋិនទាន​តែង​បាន​ដង្ហែ​ទៅ​កាន់​ទី​អារាម​ផ្សេង​ៗ​ចាប់ពី​ថ្ងៃ​១​រោច ខែអស្សុជ​ដល់​ថ្ងៃ​ទី​១៥​កើត ខែកត្តិក ហើយ​បើ​ទី​អារាម​ណាមួយ​មិន​មាន​កឋិន​ហែ​ចូល​ទេ ទី​អារាម​នោះ​ក៏​ត្រូវ​តែ​រៀបចំ​ជា​កឋិន​ជើងវត្ត​ដែរ ។ បណ្តា​ឆ្នាំ​កន្លង​មក…

បុណ្យកឋិន​ជា​ពិធីបុណ្យ​មួយ​ចាប់ផ្ដើម​ធ្វើ​បន្ទាប់​ពី​បុណ្យ​ចេញ​វស្សា បុណ្យកឋិន​តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់ ពុំ​មាន​ទំនេរ​វត្ដ​ណាមួយ​ត្រូវ​បាន​ខកខាន​ឡើយ ដូច្នេះ​គេ​តែងតែ​ឃើញ​ក្បួន​កឋិនទាន​តែង​បាន​ដង្ហែ​ទៅ​កាន់​ទី​អារាម​ផ្សេង​ៗ​ចាប់ពី​ថ្ងៃ​១​រោច ខែអស្សុជ​ដល់​ថ្ងៃ​ទី​១៥​កើត ខែកត្តិក ហើយ​បើ​ទី​អារាម​ណាមួយ​មិន​មាន​កឋិន​ហែ​ចូល​ទេ ទី​អារាម​នោះ​ក៏​ត្រូវ​តែ​រៀបចំ​ជា​កឋិន​ជើងវត្ត​ដែរ ។ បណ្តា​ឆ្នាំ​កន្លង​មក ពិធី​ហែ​អង្គ​កឋិន​ទៅ​កាន់​ទី​អារាម​នីមួយ​ៗ គេ​រៀបចំ​ធ្វើ​ឡើង​យ៉ាង​អធិកអធម សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង ។ ប៉ុន្តែ​គួរ​ឱ្យ​អនិច្ចា​ឆ្នាំ​២០២១​នេះ​ដោយ​សារ​តែ​បញ្ហា​ជំងឺ​កូ​វី​ដ​ឆ្លង​រាលដាល​ឥត​ឈប់​ឈរ ទើប​ក្រសួង​ធម្មការ​និង​សាសនា​មិន​អនុញ្ញាត​ឱ្យ​មានការ​ដង្ហែ​កឋិន​ដោយ​មានការ​ជួបជុំ​មនុស្ស​ម្នា​ច្រើន​ឡើយ ។

សូម​ឈ្វេងយល់​អំពី​ខ្លឹមសារ​នៃ​កឋិន​ដូច​តទៅ កឋិន​គឺជា​សំពត់​ដែល​ទាយក​នាំ​ទៅ​ប្រគេន​ដល់​ភិក្ខុសង្ឃ​ក្នុង​រដូវ​កឋិន​កាល​គឺ​តាំងពី​ថ្ងៃ​១​រោច ខែអស្សុជ​ដល់​ថ្ងៃ​ទី​១៥​កើត ខែកត្តិក ដែល​ហៅ​ថា បុណ្យ​កឋិនទាន​គឺ​បុណ្យ​ប្រគេន​សំពត់​នេះឯង ។

បាន​សេចក្តី​ថា អ្នក​ធ្វើ​កឋិន មាន​សំពត់​ត្រឹមតែ​អាច​ធ្វើ​ស្បង់​មួយ ក៏​អាច​ធ្វើ​កឋិន​បាន​ដែរ ព្រោះ​លោក​ទទួល​ក្រាលកឋិន ក្នុង​ចំណោម​ត្រៃចីវរ (​ស្បង់​១ ចីវរ​១ សង្ឃាដី​១) គឺ​ក្រាល​បាន​តែ ១​មុខ​ប៉ុណ្ណោះ បើ​ក្រាល​ដល់​ទៅ​ពីរ​មុខ មិន​ឡើងជា​កឋិន​ឡើយ លោក​ហៅ​ថា ខូច​កឋិន ឬ​កឋិន​ត្ថា​រ​វិបត្តិ ។

ប៉ុន្តែ​ការ​ដែល​អ្នកមាន​សទ្ធា​មានទ្រព្យ​ស្តុកស្តម្ភ អាច​នាំ​សម្ភារ​ច្រើន​ៗ​ដូច​ជា ចីវរ​១​ត្រៃ ២​ឬ​៣​ត្រៃ ឬ​ក៏​លើស​ទៅ​ទៀត​មាន​ទាំង​សេនាសនបច្ច័យ គិលានបច្ច័យ បិណ្ឌបាតបច្ច័យ ឲ្យ​កាន់តែ​សម្បូរ​បែប​ទៅ​ទៀត ក៏​រឹតតែ​ប្រសើរ​វិសេស គឺ​បាន​ផលានិសង្ស​ដល់​អ្នក​ធ្វើ​កឋិន កាន់តែ​ប្រពៃ​លើសលប់ ។

ឯ​ផ្នែក ភិក្ខុសង្ឃ​អ្នក​ទទួល បើ​ក្រាល​បាន​ត្រឹមត្រូវ ក៏​ទទួល​បាន​អានិសង្ស​៥​យ៉ាង ទោះបី​កឋិន​នោះ​តូចតាច តិចតួចស្តួចស្ដើង ឬ​ធំដុំ​សម្បូរ​បែប​យ៉ាងណា​ក៏​ដោយ ភិក្ខុ​អ្នក​ក្រាល​គ្រង​នៅ​តែ​ទទួល​អានិសង្ស​បាន​៥​យ៉ាង​ដដែល​ក្នុង​រវាង​៥​ខែ​រាប់​អំពី​វេលា​ដែល​ភិក្ខុ​បាន​ក្រាល​គ្រង​និង​អនុមោទនា​កឋិន​ទៅ ។

ចំណែក​ទាយក​ទាយិកា អ្នក​ធ្វើ​កឋិន​ក៏​ត្រូវ​ទទួល​បាន​អានិសង្ស​ដ៏​ច្រើន​លើសលប់ បាន​សុខ​ចម្រើន​ទាំង​ក្នុង​លោក​នេះ​បន្ត​ដល់​បរលោក ។

ប៉ុន្តែ​សម្រាប់​កឋិន​នៅ​កម្ពុ​ជានា​សម័យនេះ​លំបាក​ណាស់ កុំ​ថា​ឡើយ​អ្នក​ក្រីក្រ សូ​ម្បី​តែ​អ្នកមាន​ល្មម​ៗ​ក៏​មិន​អាច​ធ្វើ​បាន​ដែរ លុះណាតែ​អ្នកមាន​ស្តុកស្តម្ភ ឬ​មាន​គ្នា​ច្រើន​ទើប​អាច​ធ្វើ​កឋិន​កើត ព្រោះ​កឋិនទាន​នៅ​កម្ពុជា​ពុំ​មែនមាន​តែ​ស្បង់​១ ឬ​ចីវរ​១ ឬ​សង្ឃាដី​១​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​មាន​បរិក្ខារ​ដ៏​ច្រើន​ផ្សេង​ៗ​ទៀត ជា​ពិសេស​បច្ច័យ​សង្កត់​ត្រៃ​សម្រាប់​កសាង​វត្ត​អារាម​និង​សមិទ្ធិ​សាធារណៈ​នានា​មាន​សាលារៀន មន្ទីរពេទ្យ​ជាដើម​ទើប​អាច​ឈ្មោះ​ថា​ជា​កឋិន​នៅ​កម្ពុ​ជានា​សម័យ​ទំនើប​បាន ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ