ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​សារភាព​បុរស​​ចិន​២​នាក់​ខុស​គ្នា ក្រោយ​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​០២​នាក់ បាន​ធ្វើ​សកម្មភាព​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​ខុសច្បាប់ និង​ជួញដូរ​មនុស្ស ហើយ​ត្រូវ​បាន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​០២​នាក់ បាន​ធ្វើ​សកម្មភាព​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​ខុសច្បាប់ និង​ជួញដូរ​មនុស្ស ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ កន្លង​ទៅ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​បង្ខាំង​មនុស្ស​ប្រុស​ចំនួន​២​នាក់​នៅ​ចំណុច​អគារ​មួយ​កន្លែង ក្នុង​បន្ទប់​លេខ​១១៤ ស្ថិត​ក្នុងភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​មានការ​សហការ​ពី​ម្ចាស់​អគារ សមត្ថកិច្ច​ក៏​បាន​រំដោះ​ជន​រង​គ្រោះជា​បុគ្គលិក​ចំនួន​២​នាក់ ដោយ ១- ឈ្មោះ​ឌឿ​ន ឌា​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត និង​២- ឈ្មោះ​ជឹ​ម ក្តឹប ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​នោះ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេការ​ម្នាក់​មានឈ្មោះ ស៊ី​ន សៅ​ស៊ុន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជនជាតិ​ចិន ស្នាក់​នៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ឃាត់ខ្លួន​មេការ​ខាងលើ​នេះ ក៏​បាន​នាំ​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ។ បន្ទាប់​មក​នៅ​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃ​ទី​១៩ ខែតុលា កម្លាំង​នគរបាល​ក្រុង​បាន​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​មានឈ្មោះ​កៅ ឈុ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​ចិន ស្នាក់​នៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ទាំង​០២​នាក់​នេះ គឺជា​មេការ​ក្រុមហ៊ុន​អន​ឡាញ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​អធិការ​បាន​បញ្ជាក់​ថា តាម​បំភ្លឺ​របស់​ជន​រង​គ្រោះ​ទាំង​០២​នាក់​បាន​និយាយ​ថា នៅ​ថ្ងៃ​ទី​០៩ ខែតុលា​ឆ្នាំ​២០២១ ពួក​គេ​បាន​សម្ភាសន៍​ធ្វើការ​នៅ​ក្រុមហ៊ុន​អន​ឡាញ​នៅ​ភ្នំពេញ ហើយ​ជាប់​ចំនួន​០៦​នាក់​។ នៅ​យប់​ថ្ងៃ​ដដែល ពួក​គេ​ទាំង​០៦​នាក់​បាន​ចេញពី​ភ្នំពេញ​មក​ប៉ោយ​ប៉ែ​ត ដោយ​ជិះ​រថយន្ត​០១​គ្រឿង​ដែល​អ្នកបើកបរ​គឺជា​ជនជាតិ​ខ្មែរ ហើយ​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​មាន​ម្នាក់​គឺជា​ជនជាតិ​ចិន និង​ម្នាក់​ទៀត​គឺជា​ជនជាតិ​បង់​ក្លា​ដែ​ស លុះ​ពេល​មក​ដល់​ប៉ោយ​ប៉ែ​ត​នៅ​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ ដោយ​ស្នាក់​នៅ​អគារ​អន​ឡាញ​។

ជន​រង​គ្រោះ​បំភ្លឺ​ទៀត​ថា លុះ​ព្រឹក​ឡើង ពួក​គេ​ធ្វើការ​សម្ភាសន៍​ម្តងទៀត គឺ​ជាប់​តែ​០២​នាក់​ទេ (​ម្នាក់​ឈ្មោះ​ឌឿ​ន ឌា​ត និង​ម្នាក់​ទៀត​ឈ្មោះ​ជឹ​ម ក្តឹប​) ។ ហើយ​នៅ​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែតុលា ពួក​ចិន​នោះ​បាន​ដាក់​ខ្នោះ​ខ្លួន​ទាំង​០២​នាក់ និង​គំរាម​ឲ្យ​យក​ប្រាក់​ឲ្យ​ពួក​គេ​វិញ ដោយ​ប្រាប់​ថា អ្នក​នាំ​មក​នោះ បាន​យក​ពួក​គេ​ទាំង​០២​នាក់​មក​លក់ បើ​មិន​បាន​ប្រាក់​ទេ គេ​បង្ខាំង​ទុក​ក្នុង​បន្ទប់​នេះ​៦​ខែ ។

ជន​រង​គ្រោះ​បញ្ជាក់​ថា ជាមួយ​គ្នា​នោះ ពួក​គេ​សុំ​ទាម​ទារជំងឺចិត្ត​មក​ខ្លួន​វិញ​ចំនួន​៣​ម៉ឺន​ដុល្លារ និង​សុំ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹង​ថា តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ស៊ី សៅ​ស៊ុន មេការ​គ្រប់គ្រង​អន​ឡាញ បាន​និយាយ​ថា ខ្លួន​បាន​ស្គាល់​អ្នកធ្វើការ​ដូច​គ្នា​ឲ្យ​ជួយ​រក​ជនជាតិ​ថៃ​០៦​នាក់​មក​ធ្វើការ ពេល​នោះ​សម្ភាសន៍​ជាប់​២​នាក់​ដែល​អាច​ធ្វើការ​បាន ។ ដោយ​គិត​ថា អ្នក​ទាំង​០២​នាក់​នោះ​ជា​ជនជាតិ​ថៃ ក៏​បាន​ឲ្យ​គាត់​ទៅ​រៀន​ឲ្យ​ចេះ​ធ្វើការ​នៅ​ក្នុង​បុរី​ស៊ា​ន​ហូរ លុះ​ពេល​ទៅ​ដល់​កន្លែង​រៀន គេ​ប្រាប់​ថា មិនមែន​ជា​ជនជាតិ​ថៃ គឺជា​ជនជាតិ​ខ្មែរ​ក៏​បញ្ជូន​គាត់​មក​វិញ ដោយ​យល់​ថា​ខ្លួន​ចាញ់បោក​អ្នក​ដែល​ខ្លួន​ស្គាល់​ក៏​ចាប់​ជន​រង​គ្រោះ​ទាំង​០២​នាក់​ដាក់​ខ្នោះដៃ រួច​ថត​បង្ហោះ​ឲ្យ​អ្នក​នាំ​មក​នោះ​ឃើញ និង​សង​លុយ​ខ្លួន​វិញ ដោយ​ក្នុង​ម្នាក់​ចំនួន​១,០០០​ដុល្លារ និង​សោហ៊ុយ​ដឹក​ជញ្ជូន​ចំនួន​២៥០​ដុល្លារ សរុប​ចំនួន​២,៥០០​ដុល្លារ ។

ចំណែក​ឈ្មោះ​កៅ សុង វិញ ក៏​បាន​សារភាព​ដែរ​ថា ខ្លួន​គេ​ធ្វើ​ការងារ​ជា​អ្នកគ្រប់គ្រង​ផ្នែក​មើល​ការ​ខូចខាត​ដូច​ជា​ទឹក​ភ្លើង និង​សម្ភារៈ​ផ្សេង​ៗ​ក្នុង​អគារ​។ ចំពោះ​ការ​ដាក់​ខ្នោះ​ជនជាតិ​ខ្មែរ​ទាំង​០២​នាក់​នោះ ខ្លួន​មិន​បាន​ពាក់ព័ន្ធ​ឡើយ គឺ​ឈ្មោះ ស៊ី សៅ​ស៊ុន ជា​អ្នក​ធ្វើ​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ