ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្មឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកើន ១,៥ ពាន់លានដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងរយៈពេល ៣ ត្រីមាសឆ្នាំនេះ មានកំណើនរហូតដល់ជាង ៤០ ភាគរយ ដែលមានទឹកប្រាក់រហូតដល់ជាង…

រាជធានីភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងរយៈពេល ៣ ត្រីមាសឆ្នាំនេះ មានកំណើនរហូតដល់ជាង ៤០ ភាគរយ ដែលមានទឹកប្រាក់រហូតដល់ជាង ១,៥ ពាន់លានដុល្លារអាមេរិក ។ 

តាមសេចក្តីប្រកាសព័ត៌មាន របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២១ សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន ធ្វើការនាំចេញ និងនាំចូល ផលិតផលទាំងអស់សរុបជាប្រាក់ចំនួន ១,៥៧ ពាន់លានដុល្លារ កើនឡើង ៤០,៩៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានចំនួន ១,១១៤ ពាន់លានដុល្លារ ។ «សមិទ្ធផលទាំងនេះ គឺមិនអាចកាត់ផ្តាច់ចេញពីវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ ដ៏មានប្រសិទ្ធភាពរបស់រដ្ឋាភិបាលកម្ពុជា និងការខំប្រឹងប្រែងរបស់សហគ្រាស និងបុគ្គលិកកម្មករក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនោះទេ» នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង ។

ជាការកត់សម្គាល់ កាលពីពេលថ្មីៗនេះ គយ និងរដ្ឋាករកម្ពុជាបានចេញផ្សាយរបាយការណ៍ឲ្យដឹងថារយៈពេល ៩ ខែដើមឆ្នាំនេះ កម្ពុជានាំចេញផលិតផលកសិកម្មសរុបមានទឹកប្រាក់ប្រមាណ ២,១០ ពាន់លានដុល្លារអាមេរិកកើនឡើងជាង ៧៤៦ លានដុល្លារអាមេរិក ឬស្មើនឹង ៥៤,៩ ភាគរយក្នុងនោះរួមមានការនាំចេញស្រូវមានបរិមាណ ២,៥ លានតោន មានតម្លៃ ៥៩៤,៧ លានដុល្លារអាមេរិក កើនឡើង ១,៤ លានតោនឬប្រមាណ ១៣២,៤ ភាគរយ ។ ការនាំចេញអង្ករសម្រេចបានទឹកប្រាក់ប្រមាណ ២៨៦ លានដុល្លារអាមេរិកថយចុះប្រមាណ ១៧,៥ ភាគរយ កៅស៊ូមានទឹប្រាក់ ២៦៥,៨ លានដុល្លារអាមេរិកកើនឡើងប្រមាណ ៧២,៣ ភាគរយ ។

សម្រាប់ការនាំចេញផលិតផលកាត់ដេរក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះមានទឹកប្រាក់ ៨.២៤១,៧ លានដុល្លារអាមេរិក មានការកើនឡើងរហូតដល់ ៨៤៣,៤ លានដុល្លារអាមេរិក ស្មើនឹង ១១,៤ភា គរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជាកង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង និងគ្រឿងបន្លាស់រថយន្តអំពូលលម្អ ផលិតផលឈើប្រណិតផលិតផលប្លាស្ទុក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត មានចំនួន ៣.៣៧៩,៥ លានដុល្លារអាមេរិកកើនឡើងប្មរាណ ១.១៤០ លានដុល្លារអាមេរិកឬប្រមាណ ៥០,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

តួលេខនាំចេញរបស់កម្ពុជាក្នុងរយៈពេល៣ត្រីមាសដំបូងនេះបានបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ច ខណៈការប្រមូលចំណូលពន្ធដារនិងពន្ធគយក៏ឃើញថាមានតួលេខខ្ពស់ បើទោះបីជាមានការថមថយជាងឆ្នាំមុនបន្តិចមែនក្ដី ។ ទាំងនេះ ក៏បានធ្វើឱ្យរដ្ឋាភិបាល អាចគ្រប់គ្រងការចំណាយរបស់ខ្លួនក្នុងវិបត្តិកូវីដ ១៩ ដែលទាមទារមានការចំណាយខ្ពស់ទាំងការចំណាយទៅលើប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ និងការទប់អត្រាភាពក្រីក្រកុំឱ្យធ្លាក់ចុះខ្លាំងជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ