ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណវិសេស​រវាង​មហាសមុទ្រ​និង​អរិយបុគ្គល

2 ឆ្នាំ មុន

មហាសមុទ្រ ទ្រទ្រង់​រក្សា​ទុក​នូវ​រតនៈ​ច្រើន​ប្រការ​មាន​កែវ​មុក្ដា កែវ​ពិទូរ្យ កែវ​ប្រពាល កែវ​ផលិក មាស និង​ប្រាក់ ។​ល​។ រមែង​រួបរួម​ទុក មិន​ឲ្យ​ខ្ចាត់ខ្ចាយ​រាត់រាយ​ទៅ​ខាងក្រៅ​ឡើយ…

មហាសមុទ្រ ទ្រទ្រង់​រក្សា​ទុក​នូវ​រតនៈ​ច្រើន​ប្រការ​មាន​កែវ​មុក្ដា កែវ​ពិទូរ្យ កែវ​ប្រពាល កែវ​ផលិក មាស និង​ប្រាក់ ។​ល​។ រមែង​រួបរួម​ទុក មិន​ឲ្យ​ខ្ចាត់ខ្ចាយ​រាត់រាយ​ទៅ​ខាងក្រៅ​ឡើយ ដូច​ជា​ព្រះ​អរិយបុគ្គល​ដែល​ទ្រទ្រង់​នូវ​រតនៈ​គឺ​គុណវិសេស​ផ្សេង​ៗ មាន​សតិប្បដ្ឋាន​៤ ជាដើម​រហូត​ដល់​មគ្គផល​ជា​លោកុត្ត​រៈ ហើយ​រក្សា​ទុក​នូវ​ខាង​ក​ក្នុង​មិន​ឲ្យ​ផ្សព្វផ្សាយ​ទៅ​ខាងក្រៅ​ដោយ​អំនួត​អួតអាង​ឡើយ ។

មហាសមុទ្រ​មិន​ចេះ​ពេញ​ទៅ​ដោយ​ទឹក​ដែល​ហូរ​ចូល​មក​ពី​គ្រប់​ប្រភព​រាល់ថ្ងៃ​យ៉ាងណា បុគ្គល​ដែល​មាន​ជាតិ​ជា​បណ្ឌិត​ក៏​រមែង​មិន​ចេះ​ឆ្អែត​ក្នុង​ការ​ស្ដាប់ធម៌​ដែល​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​ជិនស្រី​ក៏​យ៉ាងនោះ​ដែរ ។

មហាសមុទ្រ​តែង​មានទឹក​ថ្មី​ៗ​ហូរ​ចូល​រាល់ថ្ងៃ​ដោយ​ទន្លេតូច​ធំ​ទាំងឡាយ​រាប់​មិន​អស់ ព្រមទាំង​ទឹកភ្លៀង​ពីលើ​អាកាស​ធ្លាក់​ចុះ សូ​ម្បី​ដល់​ម្ល៉េះ​ក៏​មិន​បាន​កន្លង​ច្រាំង​នៃ​មហាសមុទ្រ​បាន​ឡើយ នេះ​តាម​ប្រក្រតី​ធម្មតា​យ៉ាងណា សាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ ជា​បុគ្គល​ប្រាថ្នា​នូវ​សេចក្ដី​បរិសុទ្ធ ក៏​មិន​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ ព្រោះ​ហេតុ​នៃ​លាភ យស សរសើរ សុខ ឬ​ព្រោះ​ហេតុ​នៃ​ជីវិត​នោះ​ឡើយ ក៏​យ៉ាងនោះ​ដែរ​។

មហាសមុទ្រ​រមែង​ជាទី​ឋាន​នៅ​អាស្រ័យ​នៃ​សត្វ​ធំ​ៗ និង​អមនុស្ស​ផ្សេង​ៗ​មាន​ពពួក​ទេវតា​ជាដើម មាន​ន័យ​ដែល​គួរ​ឲ្យ​សិក្សា​ត្រង់​ថា​មនុស្ស​ល្អ ក៏​រមែង​ជាទី​នៅ​រួម​ដោយ​កល្យាណមិត្ត​សំខាន់​ៗ ជា​មិត្ត​ដែល​បាន​ទ្រទ្រង់​នូវ​គុណធម៌​មានការ​ប្រាថ្នា​តិច មាន​សន្ដោស ចេះ​ខ្មាស​ខ្ពើម​បាប និង​មាននូវ​សីល​ជាទី​ស្រលាញ់​ជាដើម ។

មហាសមុទ្រ​មិន​នៅ​រួម​ជាមួយនឹង​សាកសព​ឡើយ បើ​មាន​សាកសព​នៅ​ក្នុង​ទឹកសមុទ្រ ត្រូវ​រលក​នាំ​មក​ចោល​នៅ​លើ​ច្រាំង​យ៉ាង​ណា បុគ្គល​ល្អ​រមែង​មិន​នៅ​រួម​ជាមួយនឹង​កិលេស​ទាំងឡាយ​មាន លោភៈ ទោសៈ និង​មោហៈ ជាដើម​ក៏​យ៉ាងនោះ​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ