ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​បុរស​២​នាក់​ទៅ​តុលាការ ក្រោយ​នាំ​ជនជាតិ​វៀតណាម​១៦​នាក់​ចូល​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​២​នាក់ ដែល​ជា​មេខ្យល់​នាំ​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​១៦​នាក់ ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​មក​កម្ពុជា បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​២​នាក់ ដែល​ជា​មេខ្យល់​នាំ​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​១៦​នាក់ ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​មក​កម្ពុជា បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១​កន្លង​ទៅ នៅ​ក្នុង​ទឹកដី​ស្រុក​ពញាក្រែក រួច​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

ជន​ជា​មេខ្យល់​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ទា ចី​ឆេ​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញា​ក្រែក និង​ម្នាក់​ទៀត​ឈ្មោះ ឃុ​ត រ៉ា​នី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្អំ ឃុំ​ក្រែក ស្រុក​ពញាក្រែក ។ ជន​ទាំង​២​នាក់​នេះ ពាក់ព័ន្ធ​នឹង​ករណី​នាំ​ជនជាតិ​វៀតណាម​ចំនួន​១៦​នាក់​(​ស្រី្ត​៤​នាក់​) ឆ្លង​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់​តាម​ច្រករបៀង​ប៉ុស្តិ៍​ការពារ​ព្រំដែន​កូនជ្រូក នៃ​វរ​:​ការពារ​ព្រំដែន​លេខ​៦១៥​កាលពី​ម៉ោង​ប្រហែល​៤​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ ។

ប៉ុន្តែ​ពេល​នោះ​ក៏​ត្រូវ​កងកម្លាំង​ល្បាត​ប្រទះ​ឃើញ​និង​ឃាត់ខ្លួន ហើយ​ប្រសិនបើ​យឺតយ៉ាវ​តែ​កន្លះ​ម៉ោង មេខ្យល់​ទាំង​២​នាក់​នេះ​នឹង​នាំ​ជនជាតិ​វៀតណាម់​ទាំង​១៦​នាក់ ឡើង​ជិះ​រថយន្ត​ចេញ​ទៅ​បាត់​ហើយ ។

ជា​ការ​អនុវត្ត​តាម​នីតិវិធី ចំពោះ​ជនជាតិ​វៀតណាម​ទាំង​១៦​នាក់​បាន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ចំពោះ​មេខ្យល់​ជា​ជនជាតិ​ខ្មែរ​ទាំង​២​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ