ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ រំឭកឱ្យពលរដ្ឋគិតដល់សេវាធានារ៉ាប់រង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធានារ៉ាប់រងត្រូវបានគេប្រើប្រាស់ដើម្បីធានាដល់ស្ថានភាពហិរញ្ញវត្ថុទប់ទល់នឹងវិបត្តិសុខភាព ឬហានិភ័យនានាមានគ្រោះធម្មជាតិជាដើម ។ ការប្រើប្រាស់សេវាធានារ៉ាប់រ៉ងសុខភាព អាយុជីវិត ឬធានារ៉ាប់រងខ្នាតតូចផ្សេងៗទៀតនៅកម្ពុជានៅមានកម្រិតនៅឡើយទោះមានការរីកចម្រើនពីមួយឆ្នាំទៅមួយមួយឆ្នាំក្តី ។ លោក…

រាជធានីភ្នំពេញ ៖ ធានារ៉ាប់រងត្រូវបានគេប្រើប្រាស់ដើម្បីធានាដល់ស្ថានភាពហិរញ្ញវត្ថុទប់ទល់នឹងវិបត្តិសុខភាព ឬហានិភ័យនានាមានគ្រោះធម្មជាតិជាដើម ។ ការប្រើប្រាស់សេវាធានារ៉ាប់រ៉ងសុខភាព អាយុជីវិត ឬធានារ៉ាប់រងខ្នាតតូចផ្សេងៗទៀតនៅកម្ពុជានៅមានកម្រិតនៅឡើយទោះមានការរីកចម្រើនពីមួយឆ្នាំទៅមួយមួយឆ្នាំក្តី ។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជាបានលើកឡើងថា វិស័យធានារ៉ាប់រងកម្ពុជា មានកំណើនទោះបីក្នុងវិបត្តិកូវីដ ១៩ ក្តី ឆ្នាំ ២០២០ វិស័យនេះបានរីកចម្រើន ៨% និងរំពឹងថា នឹងកើនឡើងប្រមាណ ១០ ភាគរយក្នុងឆ្នាំ ២០២១ នេះ ។ លោកថា វិស័យធានារ៉ាប់រងគឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលបាននិងកំពុងដើរនាទីជាសមាសភាគមួយដ៏សំខាន់ ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងវិស័យសេដ្ឋកិច្ច ។ លោកបន្ថែមថា បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងចំនួន៣៩ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ និងក្រុមហ៊ុនធានរ៉ាប់រង់ខ្នាតតូចចំនួន៧  ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន១៦ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន២៦ ដែលក្នុងនោះមានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២១ ជាភ្នាក់ងារធានារ៉ាប់រង ហៅថា ប៊េងកាសួរេន និងបុគ្គលភ្នាក់ងារធានារ៉ាប់រងចំនួនជាង៥ពាន់នាក់ ។ 

«ទោះបីជាមានការរីកចម្រើនយ៉ាងនេះក្ដី ប្រសិនបើយើងពិនិត្យមើលអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចកម្ពុជាមានប្រមាណតែ ១,០៤ និងដង់ស៊ីតេធានារ៉ាប់រងមានប្រមាណតែ ១៧,២៦ ដុល្លារក្នុងម្នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០ គឺមានកម្រិតទាបនៅឡើយបើធៀបនឹងតំបន់» នេះជាកាបញ្ជាក់របស់លោក ប៊ូ ច័ន្ទភីរូ ។

តាមមន្រ្តីខាងលើ ជាការឆ្លើយតប ដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព រាជរដ្ឋាភិបាល បានបង្កើតនិយ័តករ ធានារ៉ាប់រងកម្ពុជានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលជាស្ថាប័នឯករាជ្យក្នុងការបំពេញតួនាទីគ្រប់គ្រង និងត្រួតពិនិត្យវិស័យធានារ៉ាប់រងកម្ពុជាតាមរយៈច្បាប់ស្ដីពី ការរៀបចំនិងការព្រឹត្តិទៅនៃអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ កាលពីថ្ងៃទី១៦ខែមករា ឆ្នាំ ២០២១ កន្លងទៅ ។ 

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ជំងឺកូវីដ ១៩ បានរំលឹកឲ្យដឹងឡើងវិញអំពីសារៈសំខាន់នៃការថែទាំសុខភាព ក៏ដូចជាការការពារខ្លួនពីហានិភ័យផ្សេងៗទៀតដែលអាចកើតឡើងផងដែរ ។ ផ្អែកតាមបទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកន្លងមក មូលហេតុចម្បងៗ ដែលធ្វើអោយអតិថិជនរបស់យើង ជួបប្រទះការក្ស័យធន និងវិបត្តិហិរញ្ញវត្ថុ គឺបណ្តាលមកពីបញ្ហាសុខភាព គ្រោះធម្មជាតិ ព្រមទាំងគ្រោះថ្នាក់ចៃដន្យផ្សេងៗ ។ 

លោកបន្តថា សមាគមីក្រូហិរញ្ញវត្ថុជឿជាក់ថា បញ្ហាប្រឈមទាំងនេះ អាចនឹងត្រូវកាត់បន្ថយបានក្នុងកម្រិតអប្បរិមាន ប្រសិនបើអតិថិជន ពិសេសអ្នកមានចំណូលទាប និងមធ្យម ប្រើប្រាស់សេវាធានារ៉ាប់រង សម្រាប់ការពារហានិភ័យទាំងនោះ ។

ដើម្បីជំរុញវិស័យធានារ៉ាប់រងនៅកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានិងវិស័យធានារ៉ាប់រងនៅកម្ពុជាបានរួមគ្នាក្នុងការផ្ដល់ចំណេះដឹងលើការប្រើប្រាស់សេវាធានារ៉ាប់រងនៅក្នុងបរិបទកូវីដ១៩ តាមសិក្ខាសាលាស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាធានារ៉ាប់រង នៅព្រឹកថ្ងៃទី ២០ តុលា ២០២១ ។

លោកបណ្ឌិត អ៉ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានលើកឡើងថា នេះគឺជាលើកទី២ហើយ ដែលសមាគមទាំងបីបានរួមសហការគ្នារៀបចំសិក្ខាសាលានេះឡើង ដោយសិក្ខាសាលាលើកទី ១ បានធ្វើឡើងកាលពីពាក់កណ្ដាលឆ្នាំ២០២១ ដោយផ្ដោតទៅលើមុខងារ Bank assurance ដើម្បីកសាងទំនុកចិត្តដល់សាធារណជន និងលើកកម្ពស់ចំណេះដឹងផ្នែកទីផ្សារធានារ៉ាប់រង ដោយផ្ដល់ឱ្យសាធារណជន នូវមូលដ្ឋានគ្រឹះនៃការយល់ដឹងពីភាពចាំបាច់នៃវិស័យធានារ៉ាប់រង និងទិដ្ឋភាពនៃទីផ្សារធានារ៉ាប់រងដែលធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យធនាគារ និងវិស័យធនាគាររ៉ាប់រង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ