បន្ទាប់ពីគង់ចាំព្រះវស្សាអស់រយៈពេល៣ខែរួចមក នៅថ្ងៃ១៥កើត ខែអស្សុជ ព្រះភិក្ខុសង្ឃគ្រប់អង្គនៅតាមទីវត្តអារាមនានាតែងប្រារព្ធពិធីបុណ្យបែបសាសនាមួយដែលមានឈ្មោះថា បវារណា ឬហៅថាបុណ្យចេញព្រះវស្សា ដែលជាពិធីមួយស្របតាមពុទ្ធវិន័យរបស់ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង ។
ពាក្យ «បវារណា» នេះ ជាភាសាបាលី ដែលមានន័យថា ការបើកឱកាសឱ្យនិយាយ ការសូមឱកាសតាមការគួរ ឬតាមត្រូវការ ។ បើតាមវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ពាក្យនេះក៏មានន័យថា ការឃាត់ ឬការប្រកែកផងដែរ តែប្រើទៅតាមការគួរ ។
ក្នុងន័យនេះ កិច្ចបវារណាចេញព្រះវស្សា គឺជាឱកាសសម្រាប់ភិក្ខុសង្ឃនិមន្តជួបជុំគ្នា បើកឱកាសពោលដាស់តឿនក្រើនរំលឹកអំពីទោសកំហុស ឬការស្រដីឆ្គាំឆ្គងលើសលស់លើគ្នាទៅវិញទៅមកក្នុងអំឡុងពេលគង់ចាំវស្សារួមគ្នាអស់វារៈ១ត្រីមាសកន្លងទៅ ហើយក៏ជាឱកាសដ៏ពិសេសមួយសម្រាប់ព្រះភិក្ខុសង្ឃគ្រប់អង្គធ្វើការអប់រំណែនាំ ដើម្បីឆ្លុះបញ្ចាំងពីទោសកំហុសគ្នាទៅវិញទៅមក ក្នុងគោលបំណងដើម្បីបានសង្រួម និងប្រតិបត្តិធម៌វិន័យតទៅមុខទៀត ។
ក្នុងកំឡុងពេល៣ខែដែលព្រះសង្ឃគង់ចាំព្រះវស្សា ដើម្បីសិក្សានិងបដិបត្តិព្រះធម៌ជុំគ្នានោះ ការប៉ះទង្គិចឬប្រព្រឹត្តកំហុសដោយប្រការណាមួយតែងកើតមានដោយចៀសមិនរួចឡើយ ដូច្នេះក្នុងពិធីបវារណាចេញវស្សានេះ ព្រះសង្ឃគ្រប់អង្គអាចបង្ហាញពីទោសដល់គ្នាទៅវិញទៅមក ដោយយោងតាម៣ចំណុចគឺ ទោសកំហុសដែលបានឃើញដោយផ្ទាល់, កំហុសដែលបានឮតគ្នា និងការសង្ស័យលើចំណុចណាមួយ ។
លក្ខណៈសំខាន់នៅក្នុងករណីទាំងអស់ហ្នឹង បើអ្នកដទៃចង្អុលបង្ហាញប្រាប់ទោសកំហុសនោះ ដូចគេប្រាប់កំណប់អ៊ីចឹងដែរ ព្រោះទោសកំហុសនោះជាជញ្ជាំងបិទបាំងនូវប្រយោជន៍ក្នុងលោកនេះផង និងលោកខាងមុខផង ។ កាលណាយើងធ្វើខុសអី្វមួយនោះហើយយើងមិនដឹង ទោសនោះពីមួយថ្ងៃទៅមួយថ្ងៃរឹតតែសង្កត់សង្កិនយើងកាន់តែធ្ងន់ទៅៗ។ អ៊ីចឹងពេលណាគេប្រាប់ថាខុសហើយ នឹងធ្វើឱ្យយើងត្រឡប់មករកផ្លូវត្រូវវិញ ដូចគេប្រគល់ប្រយោជន៍ឱ្យយើងអ៊ីចឹងដែរ ។
ដូចនេះការធ្វើពិធីបវារណាចេញវស្សានេះគឺមានបំណងឱ្យភិក្ខុសង្ឃទាំងអស់អង្គចេះកែខ្លួន ហើយសុំឱកាសអំពីអង្គផ្សេងៗទៀតឱ្យគេជួយថា ជួយប្រាប់ ជួយចង្អុលបង្ហាញផ្លូវប្រតិបត្តិឱ្យបានត្រឹមត្រូវ ។
ចំណែកពុទ្ធបរិស័ទទូទៅក៏អាចរៀនសូត្រពីការធ្វើពិធីបវារណាចេញវស្សារបស់ព្រះភិក្ខុសង្ឃផងដែរតាមរយៈបង្កើតការជួបជុំក្នុងគ្រួសារ ឬស្ថាប័ន អង្គភាពរបស់ខ្លួន ដើម្បីធ្វើការឆ្លុះបញ្ចាំងនិងផ្ដល់យោបល់កែលម្អគ្នាទៅវិញទៅមក និងសុំទោសគ្នានូវរាល់កំហុសឆ្គងទាំងឡាយ ហើយចេះកែកំហុសនោះ ដើម្បីការរស់នៅសុខសាន្តជានានឹងគ្នាតរៀងទៅ ៕ សាន សារិន
ចែករំលែកព័តមាននេះ