ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ ​២​ថ្ងៃ អ្នក​នាង ខ្ញុង បង្ហាញ​ទឹកប្រាក់​ដែល​ទទួល​បាន​ពីសប្បុរជន ​ជាង ៥​ម៉ឺន​ដុល្លារ​ហើយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ស្រី អ្នក​នាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង នៅ​វេលា​ម៉ោង​១០​និង​២៩​នាទី​ព្រឹក​ថ្ងៃ​ទី​២០ តុលា ២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ស្រី អ្នក​នាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង នៅ​វេលា​ម៉ោង​១០​និង​២៩​នាទី​ព្រឹក​ថ្ងៃ​ទី​២០ តុលា ២០២១​នេះ បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន និយាយ​ពី​បញ្ហា​ទាំងអស់ ពាក់ព័ន្ធ​ទៅ​នឹង​បំណុល​វ័ណ្ឌក ដែល​អ្នក​នាង​ខ្ញុង អះអាង​ថា ជា​រឿង​ពិត ដែល​ជំពាក់​ប្រាក់​សរុប​ចំនួន ៥៧២,០០០​ដុល្លារ​អា​មេ​រិ​ក ។

នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​នេះ​ដែរ អ្នក​នាង ខ្ញុង បាន​បង្ហាញ​ពី​ទឹកប្រាក់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ បាន​ជួយ​ដល់​រូប​នាង មាន​ចំនួន $៥៦,៥៣៣.៣៧ (​ប្រាំ​ម៉ឺន​ប្រាំមួយ​ពាន់​ប្រាំ​រយ​សាមសិប​បី​ដុល្លារ​អា​មេ​រិ​ក និង​សាមសិប​ប្រាំពីរ​សេន​) ដែល​ចំនួន​នេះ ត្រឹមតែ​រយៈពេល​ជិត ២​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​តារា​កំប្លែង​ស្រី ខ្ញុង បាន​ចូល​ទៅ​តុលាការ​ប្តឹង​ខ្លួនឯង​(​ថា​ក្ស័យធន​) ហើយ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក អំពាវនាវ លើកដៃ​សុំ មេត្តា​សន្តោស​ប្រណី​ពី​មហាជន​ម្នាក់​១​ដុល្លារ​ៗ ដើម្បី​ចិញ្ចឹម​កូន​ៗ ក្នុង​ពេល​រូប​នាង​ត្រូវ​ប្រឈម​មុខ​ច្បាប់ ។

សូម​រម្លឹក​ដែរ​ថា អ្នក​នាង ស្រេង សុ​កាន់​ដា បាន​បង្ហោះ​សារ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក កាលពី​ម៉ោង​១១​និង​៣៣​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ២០២១​នេះ​ថា នាង​ខ្ញុំ​ពិតជា​បាន​ខ្ចី​បំណុល ម្ចាស់បំណុល​ជា​ច្រើន ទាំង​មាន​សែក គ្មាន​សែក នាង​ខ្ញុំ ពិតជា​អស់​លទ្ធិ​ភាព ក្នុង​ការ​រក​ប្រាក់​មក​សងបំណុល តទៅ​ទៀត​ហើយ ។ នាង​ខ្ញុំ មាន​តែ​ត្រូវ​ជាប់​ពន្ធនាគារ មូលហេតុ​មិន​មាន​ប្រាក់​សង​ម្ចាស់បំណុល​តទៅ​ទៀត​ទេ ។

នាង​បញ្ជាក់​ថា ដោយសារ​នាង​ខ្ញុំ អាណិតកូន​ប្រុស​ទាំង​ពីរ​នាក់ ដែល​មាន​ម្ដាយ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ ដូចនេះ​ហើយ ដើម្បី​ឲ្យ​កូន​ខ្ញុំ​បាន​បន្ត​រៀនសូត្រ និង​បាន​បាយ​ហូប សូម​បងប្អូន ដែល​ធ្លាប់​គាំទ្រ​នាង​ខ្ញុំ ជួយ​អនុគ្រោះ​ផ្តល់​ជូន​ខ្ញុំ 1​ដុល្លារ​ផង​ចុះ នាង​ខ្ញុំ​ពិតជា​អរគុណ​បងប្អូន​ទាំងអស់​គ្នា ទុកជា​មុន និង​ជូនពរ​បងប្អូន​ទាំងអស់​គ្នា ជួប​តែ​សំណាងល្អ សូមកុំ​ជួប​រឿង​ដូច​ខ្ញុំ​អី ។ រួម​និង​ដាក់​លេខ​គណនី​ធនាគារ ABA ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ