ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២០២១-២០៣៥ ខេត្តសៀមរាប មានផែនការមេក្លាយជាគោលដៅទេសចរណ៍អន្តរជាតិសម្បូរបែប

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាបឆ្នាំ ២០២១-២០៣៥ ទឹកដីអង្គរ នឹងក្លាយជាគោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញប្រកបដោយគុណភាព ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប មានការទទួលស្គាល់ជាលក្ខណៈសកល លើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភ័ណ្ឌ…

រាជធានីភ្នំពេញ ៖ ផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាបឆ្នាំ ២០២១-២០៣៥ ទឹកដីអង្គរ នឹងក្លាយជាគោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញប្រកបដោយគុណភាព ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប មានការទទួលស្គាល់ជាលក្ខណៈសកល លើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភ័ណ្ឌ វប្បធម៌ និងបរិស្ថានធម្មជាតិ និងមានភ្ងៀវទេសចរមកកម្សាន្តបានម្ដងហើយម្ដងទៀត ផ្សាភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ។

ផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាបនេះ បានប្រកាសឱ្យអនុវត្តនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ នេះ ។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា ដើម្បីអាចដើរតាមទស្សនវិស័យនៃការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងនៅក្នុងបរិបទនៃការប្រកួតប្រជែងទេសចរណ៍កាន់តែខ្លាំងក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩ ផែនការមេបានកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំង «ទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ» សម្រាប់ខេត្តសៀមរាប ខណៈដែលបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប ។

លោកបានបញ្ជាក់ថា ផែនការមេនេះបានធ្វើការសិក្សា និងកំណត់នូវយុទ្ធសាស្រ្តបង្កើនភាពទាក់ទាញនៃខេត្តសៀមរាបទាំងមូល ដែលមានលើសពីការទស្សនាប្រាសាទដោយត្រូវផ្សាភ្ជាប់ជាមួយសកម្មភាពកម្សាន្តដ៏សម្បូរបែប ប៉ុន្តែត្រូវគោរពតាមគោលការណ៍អភិរក្ស និងប្រើប្រាស់គុណសម្បត្តិវប្បធម៌ និងធម្មជាតិទាំងនេះឱ្យបានជាអតិបរមាតាមរយៈការពង្រីកបន្ថែមនូវសកម្មភាព និងព្រឹត្តិការណ៍កម្សាន្តនានា ដើម្បីបង្កើនភាពពេញចិត្ត ភាពទាក់ទាញដល់ភ្ញៀវទេសចរ ឈានទៅបង្កើនរយៈពេលស្នាក់នៅក៏ដូចជាបង្កើនការចំណាយរបស់ភ្ញៀវទេសចរ និងចាប់យកតម្លៃបន្ថែមពីវិស័យទេសចរណ៍ខ្ពស់ជាងមុនដើម្បីបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជា ។

ពីខេត្តសៀមរាបផ្ទាល់តែម្តង នៅក្នុងពិធីប្រកាសដាក់អនុវត្តផែនការមេនេះ លោក ថោង ខុន បានបញ្ជាក់បន្ថែមថា ខេត្តសៀមរាប នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ចម្បង និងទាក់ទាញនៅក្នុងតំបន់ និងសកលលោកដោយឈរលើមូលដ្ឋាននៃសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្រ្ត សាសនា និងភាពជាខ្មែរ ។ លោកថា ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាបន្ន ខេត្តសៀមរាបគួររៀនសូត្រពីគំរូអនុវត្តល្អៗពីគ្រប់សម័យកាល ពិសេសសម័យអង្គរ ក៏ដូចជាការគិតគូលើ «ភាពស្អាត បៃតង និងឆ្លាត» ក្នុងរិការណ៍សម័យទំនើប និងដំណើរឆ្ពោះទៅការកសាងសេដ្ឋកិច្ចឌីជីថល ។ ទន្ទឹមនេះគោលបំណងយុទ្ធសាស្រ្ត ដែលនឹងដាក់ចេញដោយផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ មានចំនួន ៣ ដែលបំពេញអោយគ្នាទៅវិញទៅមករួមមាន ទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ ទេសចរណ៍ឆ្លាត និង ទេសចរណ៍ដែលមានតុល្យភាពរវាងការអភិវឌ្ឍន៍ និងការអភិរក្សធនធានវប្បធម៌ និងបរិស្ថានធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ