ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើការ​នៅ​ថៃ ១០ ឆ្នាំ​ចាញ់​តែ​បោក​គេ ងាក​មក​ផ្ញើ​វាសនា​លើ​ចេកចៀន និង​នំ​ប៉ោង​វិញ​!

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ប្តី​ប្រពន្ធ​ពីរ​នាក់ មានឈ្មោះ​ថា​អ្នកស្រី ចក់ ស៊ីវ និង​លោក​នឹម អ៊ូញ បាន​និយាយ​ថា ពួក​គាត់​បាន​ធ្វើ​ចំណាកស្រុក ទៅ​លក់​កម្លាំង​ពលកម្ម​នៅ​ប្រទេស​ថៃ…

រាជធានី​ភ្នំពេញ​៖ ប្តី​ប្រពន្ធ​ពីរ​នាក់ មានឈ្មោះ​ថា​អ្នកស្រី ចក់ ស៊ីវ និង​លោក​នឹម អ៊ូញ បាន​និយាយ​ថា ពួក​គាត់​បាន​ធ្វើ​ចំណាកស្រុក ទៅ​លក់​កម្លាំង​ពលកម្ម​នៅ​ប្រទេស​ថៃ អស់​រយៈពេល​ប្រមាណ​ជា ១០ ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​សេសសល់​ប្រាក់​កាក់​អ្វី​នោះ​ទេ ។ លោក​ថា​ជីវិត​នៅ​ប្រទេស​ថៃ ធ្វើការ​អស់​តែ​កម្លាំង ខាត​ពេលវេលា និង​សឹងតែ​រក​ជីវិត​មក​ផ្ទះ​មិន​បាន​ផង ដោយសារ​ពួក​គាត់​ជួប​តែ​គេ​បោក កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ។

នា​ពេល​បច្ចុប្បន្ន អ្នកស្រី​ចក់ ស៊ីវ ដែល បាន​រៀបរាប់​ថា​៖ «​ពួក​ខ្ញុំ​បាន​ចំណាយ​កម្លាំង​ឥតប្រយោជន៍ ត្រូវ​ថៅកែ​ថៃ​បោក​ប្រើ​អត់ឱ្យ​លុយ បាន​ត្រឹមតែ​បាយ​ហូប​ស្ទើរ​ពុំ​ចង់​គ្រប់​ផង ។ ចុងបញ្ចប់​ក៏​បាន​នាំ​គ្នា​ត្រឡប់​មក​ស្រុក​កំណើត​វិញ និង​បាន​ចាប់​យកមុខ​របរ​លក់​ចេកចៀន​និង​នំ​ប៉ោង​វិញ ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត​ជួបជុំ​គ្រួសារ​»​ ។

ប្ដី​ប្រពន្ធ​អ្នក​ទាំង​ពីរ​បាន​ឈប់​ធ្វើ​ជា​ពលករ ហើយ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ រួច​បាន​ចាប់​យកមុខ​របរ​នេះ បាន​រយៈពេល​ជាង ១ ឆ្នាំ​កន្លង​មក​ហើយ ដោយ​ពី​មុន​ពួក​គាត់​បាន​ដាក់​លក់ នៅ​មុខ​វិទ្យាល័យ​កំ​បូល ។ ប៉ុន្តែ​ពេល​នេះ​បាន​ផ្លាស់​មក​លក់​នៅ​លើ​ដី​វាល​មួយ​កន្លែង​នៅ​ជិត​ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​វិញ ហើយ​កាក់កប​អាច​រក​ប្រាក់​បាន​គ្រាន់បើ មិន​ដូច​ជា​ពេល​ធ្វើ​ជា​ពលករ​ចំណាកស្រុក​ឡើយ ។

ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ មានកូន​ស្រី ២ នាក់​នៅ​ក្នុង​បន្ទុក មានស្រុក​កំណើត​មក​ស្រុក​ទូក​មាស ខេត្តកំពត ។ បច្ចុប្បន្ន​ពួក​គាត់​ស្នាក់​នៅ​ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ របរ​លក់​ចេកចៀន​និង​នំ​ប៉ោង របស់​ពួក​គាត់​មិន​នៅ​នឹង​មួយ​កន្លែង​នោះ​ទេ គឺ​ត្រូវ​ដើរ​លក់ ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង ដោយ​បាន​ចេញ​លក់​ពី​ព្រឹក​រហូត​ដល់​ល្ងាច​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​។
អ្នកស្រី ស៊ីវ បាន​បន្ត​ថា​៖ «​ក្នុង​១​ថ្ងៃ​លក់​ចេកចៀន​អស់ ១០ ស្និត បូក​រួម​និង​នំ​ប៉ោង​មួយ​ចំនួន​ផង​ដែរ ។ ខ្ញុំ​អាច​ចំណេញ​ប្រមាណ ៥ ម៉ឺន​រៀល​នៅ​រៀងរាល់ថ្ងៃ​» ។

ស្ត្រី​ខាងលើ​បញ្ជាក់​ថា ក្រៅពី​លក់​ចេកចៀន​នេះ​គ្រួសារ​គាត់ ពិសេស​ស្វាមី​ត្រូវ​ឡើង​ទៅ​ធ្វើស្រែ​ទៀត នៅ​ពេល​ដល់​រដូវ​ដាំ​ដុះ គ្រាន់​ទុក​ហូប និង​មិន​ខ្វល់ខ្វាយ​ពី​រឿង​ស្រូវ​អង្ករ​រក​លុយ គឺ​ទិញ​តែ​ម្ហូប​ប៉ុណ្ណោះ ។

អតីត​ពលករ​ចំណាយ​ស្រុក ថា​ពេល​ពួក​គាត់​ទៅ​លក់​កម្លាំង​នៅ​ប្រទេស​ថៃ ស្វាមី​ធ្វើ​ជា​កម្មករ​សំណង់ ចំណែក​គាត់​ធ្វើ​ជា​កម្មការិនី​រោងចក្រ ។ «​ប៉ុន្តែ​រយៈពេល​១០​ឆ្នាំ​គ្មាន​សល់​លុយ​ទេ ព្រោះ​ពេល​ខ្លះ​ត្រូវ​ថៅកែ និង​មេការ​បោក​ប្រើ​ទទេ​ៗ អត់ឱ្យ​លុយ​តែ​ម្ដង ហើយ​កម្មករ​នៅ​ស្រុក​គេ យើង​លំបាក​រក​ការ​ជួយ​អន្តា​គម​ន៍​ណាស់ គេ​មិន​ឱ្យ​លុយ​មិនដឹង​ធ្វើ​មេច​ទេ ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​យ៉ាប់​ទៅ​ៗ ទើប​សម្រេចចិត្ត​មក​ស្រុក​វិញ​»​។

ទោះបី​ចំណូល​ពី​ការ​លក់ដូរ​មិន​ច្រើន​ប៉ុន្តែ​អ្នកស្រី ចក់ ស៊ីវ ថា​គាត់​មាន​សេចក្តីសុខ និង​សប្បាយ​រីករាយ ដែល​បាន​ធ្វើការ​រក​ទទួលទាន នៅ​ក្នុង​ប្រទេស​ខ្លួន​ជួបជុំ​គ្រួសារ មិន​ដូច​នៅ​ប្រទេស​គេ ដែល​លំបាក​សព្វគ្រប់ ។ ស្ត្រី​កូន​ពីរ​រូប​នេះ​អះអាង​ថា គាត់​នឹង​មិន​ធ្វើ​ចំណាកស្រុក​ទៀត​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ