ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ទីតាំង​ដី​រ៉ាំរ៉ៃ​មួយ​កន្លែង នៅ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ពិភាក្សា​លើ​សំណើ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តី​ពី​ការ​អនុវត្ត​សាលដីកា​លេខ ៥៦ ”​ដ​” ចុះ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០០៩ របស់​សាលាឧទ្ធរណ៍ លើ​ទីតាំង​ដី ស្ថិត​នៅ​ភូមិ​៣ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​លោក​,​លោកស្រី ជា​ក្រុម​គ្រួសារ​របស់​លោក ឥន្ទ សុ​ពុម នេះ​បើ​យោង​តាម​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​របាយការណ៍​របស់​មន្ត្រី​ជំនាញ ទីតាំង​ដី​ខាងលើ គឺ​បាន​ចុះ​បញ្ជីសារពើភ័ណ្ឌ​ជា​ទ្រព្យសម្បត្តិ របស់​សាខា​ពន្ធដារ​ក្រុងព្រះសីហនុ (​បច្ចុប្បន្ន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ​) តាំងពី​ឆ្នាំ​១៩៩២ ។ ដែល​លោក ឥន្ទ សុ​ពុម ជា​មន្ត្រី​ពន្ធដារ​សាខា​ស្រុក​ស្ទឹង​ហាវ បាន​ស្នើ​សុំ​ធ្វើ​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន និង​បាន​សន្យា​ថា​នៅ​ពេល​សាខា​ពន្ធដារ​ត្រូវការ​សាងសង់​ស្នាក់​ការ គាត់​នឹង​ព្រម​ចាកចេញ​ដោយ​មិន​ប្រកែក ។

ជាក់ស្តែង​នៅ​ពេល​សាខា​ពន្ធដារ​ត្រូវការ​សាងសង់​ស្នាក់​ការ​សាខា​ស្រុក​ស្ទឹង​ហាវ គឺ​លោក ឥន្ទ សុ​ពុម មិន​ព្រម​ប្រគល់​ដី​ជូន​សាខា​ពន្ធដារ​វិញ​ទេ ថែម​ទាំង​បាន​ដោះ​ស្លាក​សាខា​ខណ្ឌ​ស្ទឹង​ហាវ​(​ស្រុក​ស្ទឹង​ហាវ​) បោះ​ចូល​ទឹកសមុទ្រ​ទៀត ។

សាលក្រម​លេខ ៣៤ ចុះ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ ២០០៧ របស់​តុលាការ ក្រុងព្រះសីហនុ​(​ខេត្ត​ព្រះ​សីហ​នុ​) និង​សាលដីកា​លេខ ៥៦ ”​ដ​” ចុះ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០០៩ របស់​សាលាឧទ្ធរណ៍ បាន​សម្រេច​ឱ្យ​លោក ឥន្ទ សុ​ពុម ប្រគល់​ដី​ទំហំ ៣៣​ម៉ែត្រ x ៤០​ម៉ែត្រ ឱ្យទៅ​សាខា​ពន្ធដារ​ក្រុងព្រះសីហនុ​(​ខេត្ត​ព្រះ​សីហ​នុ​) ធ្វើ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ។

ក្រោយមក​លោក ឥន្ទ សុ​ពុម ក៏​បាន​ទទួលមរណភាព ដោយ​មានកូន​ក្នុង​បន្ទុក ០៦​នាក់ ហើយ​មាន​អ្នកខ្លះ​រស់នៅ​តាម​រាជធានី ខេត្ត​ផ្សេង នៅ​សល់​តែ​លោក ឥន្ទ សុវណ្ណ (​កូនប្រុស​លោក ឥន្ទ សុ​ពុម​) និង​ប្រពន្ធ​កំពុង​រស់នៅ​លើ​ដី​នេះ ។

ក្នុង​ឱកាស​នោះ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា យោង​តាម​ការ​សម្រេច​របស់​តុលាការ​ទាំង​ពីរ​ថ្នាក់​គឺ សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ បាន​ឈ្នះក្តី នឹង​ត្រូវ​យក​ទីតាំង​ខាងលើ​ធ្វើការ​សាងសង់​ជា​ស្នាក់​ពន្ធដារ​ស្រុក ប៉ុន្តែ​ជា​គុណធម៌ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ផ្តល់​ថវិកា​ចំនួន ៦០.០០០ (​ហុកសិប​ពាន់​)​ដុល្លារ​អា​មេ​រិ​ក និង​រដ្ឋបាល​ខេត្ត ក៏​បាន​ផ្តល់ ដី​សម្បទាន​សង្គមកិច្ច ជូន​គ្រួសារ​លោក ឥន្ទ សុ​ពុម ចំនួន ០១​ឡូ​ត៌ ទំហំ​៣០​ម៉ែត្រ x ៤០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ផង​ដែរ ។

ចំពោះ​គោលការណ៍​ឈ្នះ​ឈ្នះ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋបាល​ខេត្ត ដែល​លោក​អភិបាលខេត្ត បាន​លើក​ឡើង​ខាងលើ​គឺ​លោក ឥន្ទ សុវណ្ណ និង​ភរិយា បាន​យល់ព្រម​ទទួល​ដោយ​ស្ម័គ្រចិត្ត និង​យល់ព្រម​រុះរើ សំណង់​របស់​ខ្លួន​នៅ​លើ​ទីតាំង​ដី​ស្នាក់​ការ​ពន្ធដារ​ស្រុក​ស្ទឹង​ហាវ ដោយ​ស្នើ​សុំ​រយៈពេល​០១​ខែ ។

លោក​អភិបាលខេត្ត បាន​ថ្លែង​ការ​កោតសរសើរ ចំពោះ​ភាគី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដោយ​សាខា​ពន្ធដារ​ខេត្ត និង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត និង​តំណាង​ក្រុម​គ្រួសារ​លោក ឥន្ទ សុ​ពុម ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ដោះស្រាយ និង​បាន​យល់ព្រម​ទទួលយក​គោលការណ៍ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋបាល​ខេត្ត ដោយ​ស្ម័គ្រចិត្ត ដើម្បី​បញ្ចប់​បញ្ហា​ចាប់ពី​ពេល​នេះ​តទៅ ។

ជាមួយ​គ្នា​នេះ លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ​ទៅ​មន្ត្រី​ជំនាញ ដោយ​បាន​កំណត់​ពេលវេលា​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១ ខាង​មុខ​នេះ ត្រូវ​ជូន​លោក ឥន្ទ សុវណ្ណ និង​ភរិយា ទៅ​ពិនិត្យ​ទីតាំង​ដី​ឡូ​ត៌ សម្បទាន​សង្គមកិច្ច ដែល​រដ្ឋបាល​ខេត្ត​ផ្តល់​ជូន ស្ថិត​នៅ​ភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ដោយឡែក​ចំពោះ​ថវិកា​ចំនួន ៦០.០០០ (​ហុកសិប​ពាន់​) ដុល្លារ​អា​មេ​រិ​ក របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ផ្តល់​ជូន​នៅ​ពេល​ដែល​លោក ឥន្ទ សុវណ្ណ និង​ភរិយា ធ្វើការ​រុះរើ​សំណង់​របស់​ខ្លួន​នៅ​លើ​ទីតាំង​ដី​ស្នាក់​ការ​ពន្ធដារ ស្រុក​ស្ទឹង​ហាវ​រួចរាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ