ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីអ្នក​នាង​«​ខ្ញុង​» លោកគួ​ច ខេ​វិ​ន ថ្លែង​ថា គ្រប់​រឿងរ៉ាវ​តែងតែមាន “​ហេតុ បច្ច័យ និង​ផល​”

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​តារា​កំប្លែង​ស្រី អ្នក​នាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង ចូល​ទៅ​តុលាការ​ប្តឹង​ខ្លួនឯង​(​ថា​ក្ស័យធន​) ដោយសារ​វ័ណ្ឌក នឹង​បំណុល…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​តារា​កំប្លែង​ស្រី អ្នក​នាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង ចូល​ទៅ​តុលាការ​ប្តឹង​ខ្លួនឯង​(​ថា​ក្ស័យធន​) ដោយសារ​វ័ណ្ឌក នឹង​បំណុល ៥៧២,០០០​ដុល្លារ ហើយ​ផ្សាយ​ផ្ទាល់​លើ​ហ្វេ​ស​ប៊ុ​ក អំពាវនាវ លើកដៃ​សុំ មេត្តា​សន្តោស​ប្រណី​ពី​មហាជន​ម្នាក់​១​ដុល្លារ​ៗ ដើម្បី​ចិញ្ចឹម​កូន​ៗ​រូប​នាង ក្នុង​ពេល​រូប​នាង​ត្រូវ​ប្រឈម​មុខ​ច្បាប់​នោះ លោក គួ​ច ខេ​វិ​ន ដែល​ជា​ផលិតករ​ទូរទស្សន៍​ល្បីឈ្មោះ​មួយ​រូប បាន​និយាយ​ថា គ្រប់​រឿង គ្រប់​រ៉ាវ​វា​តែងតែមាន “​ហេតុ បច្ច័យ និង​ផល​” របស់​វា​ជា​និច្ច ។

លោក គួ​ច ខេ​វិ​ន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នៅ​ថ្ងៃ​ទី​១៩ តុលា ២០២១​នេះ​ថា «​ជាដំបូង លោក​សូម​សម្តែង​នូវ​ក្តី អាណិតអាសូរ​ជា​ពន់ពេក​ចំពោះ​ប្អូនស្រី​ខ្ញុង ដែល​កំពុង​តែ​វ័ណ្ឌ​.​ក ជាមួយ​បំណុល​សិប​ម៉ឺន មិន​មាន​លទ្ធភាព​សង រហូត​សុខចិត្ត​ដើរ​ចូល​គុក ដោយ​ពុំ​ទាន់​ទាំង​មាន​អ្នក​ប្តឹង និង​មិន​ទាន់​មាន​ដីការ​ពី​តុលាការ​ផ្តន្ទាទោស​អំពី​កំហុស​អ្វី ? ហើយ​កាន់តែ​អាណោច​ថែម​ទៀត គឺ​ប្អូនស្រី ពុំ​បាន​ភ្លេច ទទូច​អង្វរ​សុំ​ជំនួយ​ពី​សប្បុរសជន​នានា ម្នាក់​១​ដុល្លារ​ៗ ទុក​គ្រាន់​ឲ្យ​កូន​ៗ ពីរ​នាក់​របស់​ប្អូនស្រី​ទិញ​បាយ​ហូប ពេល​ដែល​ប្អូនស្រី​គេង​នៅ​ក្នុង​គុក​» ។

អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​ដ៍​ល្បីល្បាញ​រូប​នេះ បន្ត​ថា «​ពិតជា​ម្តាយ ប្រកបដោយ​ព្រហ្ម​វិហារធម៌ ជា​ប្រពន្ធ​មហា​ល្អ ដែល​មិន​ឲ្យ​ប្តី​រង​ទុក្ខ​មែន ហើយ​ពិត​ៗ​ជា​ពិបាក​រក​មនុស្ស ដែល​ហ៊ានស៊ី ហ៊ាន​សង ដូច​ប្អូនស្រី​ខ្ញុង​នេះ​ណាស់ ព្រោះ​បើ​ខ្ចី គឺ​ខ្ចី បើ​អត់​លុយ​សង​សុខចិត្ត​ដើរ​ចូល​គុក មិនបាច់​គេ​ចាប់ ។ ខ្ចី​គេ​សោះ ហ៊ាន​ទៅ​រកស៊ី​ជាមួយ​កឺ​កឺ​! (​កឺ​កឺ​ពាក្យ​ហៅ សំដៅលើ​ជនជាតិ​ចិន​) ហើយ​កឺ​កឺ មកពីណា មក​រកស៊ី តិច តក់ ជាមួយ​វិនិយោគិន ជាប់បំណុល​ដូច​ជា​ប្អូនស្រី ខ្ញុង ហ្នឹង ?​»

លោក​គួ​ច ខេ​វិ​ន បន្ថែម​ថា ធ្លាប់តែ​ឮ​គេ​លេងល្បែង​តាម​អន​ឡាញ​, ឥឡូវ ខ្ចី​បំណុល តាម​អន​ឡាញ​ទៀត​! ខ្ញុំ​គ្រាន់តែ ព្រលយ​ការ​គិត​តិចតួច​! ដូច​ជា​មិន​ទំនង ? ទោះជា​យ៉ាងណា ខ្ញុំ​សុំ​អង្វរ ញាតិ​មិត្ត​កុំ​សើច កុំ​យំ កុំ​និយាយ​ឡកឡាយ លែបខាយ ផ្លែផ្កា ឲ្យ​ប្អូនស្រី ខ្ញុង ធ្វើ​អ្វី ជួយ​បាន​ក៏​ជួយ ជួយ​មិន​បាន ក៏​ហី ! ព្រោះ​ប្អូនស្រី ខ្ញុង ក៏​ឆ្លាត​មិន​អន់​ដែរ គ្រាន់តែ​វា​ចាញ់​ប្រាជ្ញ ប៉ុណ្ណោះ ទើប​មាន​ជា​រឿង​បែប​អ៊ីចឹង​! ចង់​ជួយ​ប្អូនស្រី​ខ្ញុង ក៏​បាន ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា មន្ទី​ពេទ្យ​កុមារ​ជាតិ កុមារ​អង្គរ ក៏​បាន ព្រោះ​នោះ​ជា​សទ្ធា ជា​កុសល​បុណ្យ​របស់​បងប្អូន​ជនរួមជាតិ រួម​ភាសា​នៃ​យើង ខ្ញុំ​ក៏​ស្ម័គ្រចិត្ត ជួយ​ចំពោះ​អ្នក​ដែល​ខ្ញុំ​យល់​ច្បាស់​ថា ត្រូវ​តែ​ជួយ​!» ។

សូម​ជម្រាប​ថា អ្នក​នាង ស្រេង សុ​កាន់​ដា បាន​បង្ហោះ​សារ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១៨ តុលា ២០២១​នេះ​ថា នាង​ខ្ញុំ​ពិតជា​បាន​ខ្ចី​បំណុល ម្ចាស់បំណុល​ជា​ច្រើន ទាំង​មាន​សែក គ្មាន​សែក នាង​ខ្ញុំ ពិតជា​អស់​លទ្ធិ​ភាព ក្នុង​ការ​រក​ប្រាក់​មក​សងបំណុល តទៅ​ទៀត​ហើយ ។ នាង​ខ្ញុំ មាន​តែ​ត្រូវ​ជាប់​ពន្ធនាគារ មូលហេតុ​មិន​មាន​ប្រាក់​សង​ម្ចាស់បំណុល​តទៅ​ទៀត​ទេ ។

នាង​បញ្ជាក់​ថា ដោយសារ​នាង​ខ្ញុំ អាណិតកូន​ប្រុស​ទាំង​ពីរ​នាក់ ដែល​មាន​ម្ដាយ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ ដូចនេះ​ហើយ ដើម្បី​ឲ្យ​កូន​ខ្ញុំ​បាន​បន្ត​រៀនសូត្រ និង​បាន​បាយ​ហូប សូម​បងប្អូន ដែល​ធ្លាប់​គាំទ្រ​នាង​ខ្ញុំ ជួយ​អនុគ្រោះ​ផ្តល់​ជូន​ខ្ញុំ 1​ដុល្លារ​ផង​ចុះ នាង​ខ្ញុំ​ពិតជា​អរគុណ​បងប្អូន​ទាំងអស់​គ្នា ទុកជា​មុន និង​ជូនពរ​បងប្អូន​ទាំងអស់​គ្នា ជួប​តែ​សំណាងល្អ សូមកុំ​ជួប​រឿង​ដូច​ខ្ញុំ​អី ។ រួម​និង​ដាក់​លេខ​គណនី​ធនាគារ ABA ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ