ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​សំខាន់​ៗ៣​ក្នុង​ក្រុង​សៀមរាប គ្រោង​នឹង​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​ហើយ

2 ឆ្នាំ មុន
  • សៀមរាប

លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀម​រាប បាន​មាន​ប្រសាសន៍​ថា រដ្ឋបាល​ខេត្ត​សៀមរាប គ្រោង​នឹង​បើក​ឲ្យ​ដំណើរការ​​ផ្សារ​សំខាន់​ៗ​ចំនួន​៣​ទីតាំង នៅ​ក្នុង​ក្រុង​សៀមរាប រួម​មាន

ខេត្តសៀមរាប ៖ លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បាន​មាន​ប្រសាសន៍​ថា រដ្ឋបាល​ខេត្តសៀមរាប គ្រោង​នឹង​បើក​ឲ្យ​ដំណើរការ​ផ្សារ​សំខាន់​ៗ​ចំនួន​៣​ទីតាំង នៅ​ក្នុង​ក្រុង​សៀមរាប រួម​មាន ៖ ផ្សារ​សាមគ្គី​-​ហ៊ុយ​គាំង​, ផ្សា​រលើ​ធំ​ថ្មី និង​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ បន្ទាប់​ពី​មានការ​បិទ​ខ្ទប់​ជា​ច្រើន​លើក និង​ជា​ច្រើន​ស​ប្តា​ហ៍ កន្លង​មក​ហើយ​នោះ ។

លោក នួន ពុទ្ធា​រ៉ា មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ឱកាស​អមដំណើរ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែល​ឯកឧត្តម​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​ទីតាំង​ផ្សារ​ទាំងនោះ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១​នេះ ក្នុង​ខណៈ​ពេល​ដែល​ទីតាំង​ផ្សារ​ទាំងនេះ បាន​និង​កំពុង​ដំណើរការ​សាកល្បង​ជា​បណ្តោះអាសន្ន​អស់​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ​នោះ ។

លោក​អភិបាលក្រុង​សៀមរាប មាន​ប្រសាសន៍​ទៀត​ថា ការ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នេះ គឺ​ដោយ សារ​តែ​បាន​ពិនិត្យ​ឃើញ​ថា ៣​ថ្ងៃ​កន្លង​មក ក្នុង​ការ​បើក​ឲ្យ​ដំណើរការ​សាកល្បង ទីតាំង​ផ្សារ​ទាំងនោះ​អនុវត្ត​ល្អ​តាម​ការ​ណែនាំ​របស់​ក្រុមការងារ ហើយ​អត្រា​ខ្ពស់​នៃ​ប្រជាជន​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ឆ្លង​កូ​វី​ដ​-១៩ គឺជា​ថាមពល​មួយ​ផ្នែក​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​សម្រេចចិត្ត​ក្នុង​ការ​ប្រើប្រាស់​យន្ត ការ​បើក​ចរន្ត​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ និង​សហគមន៍​ជា​បណ្តើរ​ៗ​ឡើង​វិញ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ក្នុង​គោល បំណង ចង់​ឲ្យ​ផ្សារ​ទាំងនេះ​បាន​ដំណើរការ​ឡើង​វិញ​នោះ កាលពី​ថ្ងៃ​ទី​១១ ខែតុលា​កន្លង​មកនេះ ក្រុមការងារ​ចម្រុះ​បាន​ចុះ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​អាជីវករ​ឲ្យ​បាន​យល់ និង​បានដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ស្កេ​ន QR Code ព្រោះ​វា​ជា​ជំនួយ​ដល់​ការ​គ្រប់គ្រង និង​តាម​ដាន​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ អាច​នឹង​ច្បាស់លាស់​ក្នុង​ការ​កំណត់​តូប ឬ​ទីតាំង​ពាក់ព័ន្ធ ដើម្បី​ជៀសវាង​ការ​បិទ​ផ្សារ​ទាំងមូល ។ ក្នុង​ករណី​ជួប​ប្រទះ​ករណី​ឆ្លង​ជាយថាហេតុ​នោះ ដែល​នេះ​គឺជា​យន្តការ​ថ្មី​មួយទៀត ជួយ​សម្រួល​ឲ្យ​អាជីវកម្ម​ផ្តល់​កិច្ចសហការ​ជា​មួយ​ក្រុមការងារ​បង្កើន​ភាព​រហ័ស​ទាន់សភាពការណ៍​ក្នុង​ការ​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ ប៉ុន្តែ​ប្រការ​សំខាន់ គឺ​ក្រុមការងារ​បាន​ណែនាំ​ឲ្យ​មានការ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ផ្សារ​ឡើង​វិញ ស្រប​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល «៣​ការពារ និង​៣​កុំ​» វិធាន​សុវត្ថិ​ភាព​នានា​ដែល​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល និង​ការ​ប្រតិបត្តិ​លើ​ការ​រៀន​រស់​តាម​គន្លង​ថ្មី​នៃ​បរិបទ​កូ​វី​ដ​-១៩​។

លោក​អភិបាលខេត្ត​សៀមរាប មាន​ប្រសាសន៍​ទៀត​ថា អត្រា​ភាគរយ​នៃ​ចំនួន​ប្រជាជន​ខេត្តសៀមរាប​ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​បង្ការ គឺជា​ភាព​កក់ក្តៅ​មួយ​ដែល​ជម្រុញ​ឲ្យ​រដ្ឋបាល​ខេត្ត ប្រើប្រាស់​យន្ត ការ​បង្ហើប​ឲ្យ​មាន​ដង្ហើម​នៃ​ចរន្ត​សេដ្ឋកិច្ច​ឡើង​វិញ ដោយ​ការ​ចាប់ផ្តើម​ចេញពី​ដំណោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ប្រជាពលរដ្ឋ និង​សហគមន៍​។ ការ​រៀន​រស់​ជាមួយ​កូ​វី​ដ​-១៩ គឺជា​កម្រាល​ផ្លូវ​ឆ្ពោះទៅ​រក​គោលដៅ​មួយ ដែល​នៅ​ទីនោះ​យើង​នឹង​អាច​និយាយ​បាន​ថា កូ​វី​ដ​១៩ វា​គ្រាន់តែ​ជា​វិបត្តិ​មេរៀន​របស់​អតីតកាល​តែ​ប៉ុណ្ណោះ​។

គួរ​រំលឹក​ថា ក្នុង​ឱកាស​នៃ​ការ​ចុះ​ត្រួតពិនិត្យ​នោះ លោក​អភិបាលខេត្ត ពុំ​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ថា អំពី​កាលបរិច្ឆេទ​នៃ​ការ​ចេញ​សេចក្តី​ប្រកាស​ឲ្យ​បើក​ផ្សារ​ទាំងនោះ​ជា​ផ្លូវការ​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​គោលបំណង​នៃ​ការ​ចុះ​ត្រួតពិនិត្យ​នេះ គឺជា​សញ្ញា​ភ្លើង​ខៀវ សម្រាប់​ពេលវេលា​សម្រាប់​ការ​បើក​ឲ្យ​ដំណើរការ​ផ្សារ​សំខាន់​ៗ​ទាំង​៣ នេះ ឡើង​វិញ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ