ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិតសប្បាយចិត្ត និងត្រៀមចូលរៀនផ្ទាល់តាមសាលារៀន វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សាកលវិទ្យាល័យខ្លះក្នុងរាជធានីភ្នំពេញ បានបើកដំណើរការឱ្យនិស្សិតចូលសិក្សាផ្ទាល់នៅឯសាលារៀន និងខ្លះបានត្រៀមក្នុងការបើកសាលារៀនវិញផងដែរ ។ នេះជាដំណើរការសិក្សាថ្នាក់ឧត្តមសិក្សាឡើងវិញក្រោយពីបានតម្រូវឲ្យមានការសិក្សាពីចម្ងាយដោយសារកូវីដ ១៩ ជាងមួយឆ្នាំមកនោះ ។…

រាជធានីភ្នំពេញ ៖ សាកលវិទ្យាល័យខ្លះក្នុងរាជធានីភ្នំពេញ បានបើកដំណើរការឱ្យនិស្សិតចូលសិក្សាផ្ទាល់នៅឯសាលារៀន និងខ្លះបានត្រៀមក្នុងការបើកសាលារៀនវិញផងដែរ ។ នេះជាដំណើរការសិក្សាថ្នាក់ឧត្តមសិក្សាឡើងវិញក្រោយពីបានតម្រូវឲ្យមានការសិក្សាពីចម្ងាយដោយសារកូវីដ ១៩ ជាងមួយឆ្នាំមកនោះ ។

កញ្ញា ណេន ពិសី ជានិស្សិតឆ្នាំទី ២ នៅសាលាឯកជនមួយបានបង្ហាញក្តីរីករាយជាខ្លំាង ចំពោះការបានសិក្សានៅថ្នាក់រៀនដោយផ្ទាល់វិញនេះ ។ កញ្ញាឲ្យដឹងថា សាលារបស់នាងបានបើកដំណើរការឱ្យនិស្សិតចូលសិក្សាផ្ទាល់នៅឯសាលាផ្ទាល់កាលពីថ្ងៃទី ១៤ ខែតុលាកន្លងមកនេះ ។ និស្សិតរូបនេះបញ្ជាក់ថា ដោយសារទើបតែបើកសាកល្បង ដូច្នេះសាលាតម្រូវឱ្យរៀនផ្ទាល់នៅសាលាតែមួយថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ហើយសម្រាប់ថ្ងៃផ្សេងទៀតគឺរៀនតាមអនឡាញធម្មតា ។  ដោយឡែកចំពោះនិស្សិតដែលនៅបណ្តាខេត្តឆ្ងាយៗ គឺភាគច្រើនពូកគេជ្រើសរើសរៀនតាមអនឡាញ សិន ទើបធ្វើឱ្យក្នុងថ្នាក់រៀនមានសិស្សមិនសូវច្រើនទេ ។

ពិសី និយាយបន្តដូច្នេះថា ចំពោះជំងឺកូវីដ ១៩ គាត់នៅតែខ្លាច​ និងការពារខ្លួនខ្ពស់ មិនអាចធ្វេសប្រហែសបានឡើយ ពោលគឺពាក់ម៉ាស់ បាញ់អាល់កុលគ្រប់ពេលវេលា ទាំងនៅក្នុងថ្នាក់រៀន និងនៅក្រៅសាលា ។ «ខ្ញុំតែងតែបាញ់អាល់កុល និងពាក់ម៉ាស់គ្រប់ពេល មិនថាពេលរៀន និងនៅជាមួយមិត្តភ័ក្ត ដើម្បីការពារខ្លួន និងខ្លាចឆ្លងកូវីដផង» ។

កាលពីថ្ងៃទី ២៧ ខែកញ្ញាកន្លងទៅ ក្រសួងអប់រំបានចេញសេចក្តីប្រកាសស្តីពីការអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានឧត្តមសិក្សាឡើងវិញដំណាក់ក្នុងដំណាក់កាលទី ១ ដោយតម្រូវឱ្យអនុវត្តន៍នូវគោលការណ៍ចំនួន ១១ ចំណុច ជាពិសេស គឺត្រូវគោរពវិធានការការពារខ្លួនពីការឆ្លងជំងឺកូវីដ ១៩ បន្ទាប់ពីបានបើកដំណើរសាលាចំណេះទូទៅពីថ្នាក់ទី៩ដល់ថ្នាក់ទី ១២ នោះ ។ ការបើកឲ្យដំណើរការសិក្សាដោយផ្ទាល់នៅសាលារៀនវិញនេះ ជាផ្នែកមួយនៅក្នុងការឆ្ពោះទៅបើប្រទេសជាលក្ខណៈពេញលេញឡើងវិញនាពេលឆាប់ៗនេះ ។

កញ្ញា ឆេស៊ុនឌី ធាវី និស្សិតមួយរូបទៀតដែលកំពុងសិក្សាឆ្នាំទី ៣ នៅសាលាឯកជនមួយទៀត ដែលគ្រោងនឹងបើកដំណើរការសិក្សាផ្ទាល់ឡើងវិញនៅថ្ងៃទី ២២ ខែតុលា ខាងមុខនេះបាននិយាយថា ខ្លួនសប្បាយចិត្តជាខ្លាំង ព្រោះសង្ឃឹមថា បានរៀនផ្ទាល់នៅឯសាលាវិញឆាប់ៗ ។ ទោះបីជាការបើកសាកល្បងដំណាក់កាលទីមួយនេះ ខ្លួនមិនទាន់បានចូលរៀនផ្ទាល់ ដោយសាលាតម្រូវឱ្យតែនិស្សិតឆ្នាំទី ១ ក្តី ប៉ុន្តែនិស្សិតរូបនេះមានសង្ឃឹមថា នឹងបានចូលរៀនក្នុងរយៈពេលខ្លីខាងមុខ ដោយសារស្ថានភាពនៃជំងឺកូវីដបច្ចុប្បន្នក៏មានការធ្លាក់ចុះផងដែរ ។ និស្សិតរូបនេះបន្តថា ខ្លួនពិតជាគាំទ្រក្នុងការ បើកសាកលវិទ្យាល័យឡើងវិញ ហើយគ្រប់សាលាទាំងអស់គួរតែអនុវត្តន៍វិធានការការពារឱ្យបានល្អ ចៀសវាងការឆ្លងជំងឺកូវីដ ។ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំយល់ថា សាលាទាំងអស់គួរតែអនុវត្តន៍វិធានការការពារ ឱ្យបានល្អ គឺ ៣កុំ ៣ការពារ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយសិស្សនិស្សិត និងគ្រូបង្រៀនត្រូវតែពាក់ម៉ាស់ ការពារ បាញ់អាល់កុល និងរក្សាគម្លាតឱ្យបានត្រឹមត្រូវ» ។ និស្សិត ធាវី បញ្ជាក់ ។

កញ្ញា អឿន ស្រម៉ី និស្សិតឆ្នាំទី ២ មួយរូបទៀត បានសម្តែងក្តីរីករាយនៅពេលដែលខ្លួនលឺដំណឹងថា ក្រសួងអប់រំនឹងបើកដំណើរការសាកលវិទ្យាល័យទាំងអស់នៅក្នុងរាជធានីភ្នំពេញ ។ និស្សិតខាងលើនេះរំពឹងថា នឹងបានរៀននៅសាលាក្នុងពេលឆាប់ៗខាងមុខ ដោយសារតែស្ថានភាពនៃជំងឺកូវីដ ១៩ នៅកម្ពុជាក្នុងពេលថ្មីៗនេះមានភាពល្អប្រសើរជាងមុន និងមានការធ្លាក់ចុះនៃការឆ្លង ។ កញ្ញាបញ្ជាក់ថា សម្រាប់ខ្ញុំផ្ទាល់ គឺមានសង្ឃឹមខ្ពស់ក្នុងការបានទៅរៀនផ្ទាល់នៅឯសាលាវិញ ដោយសារតែកូវីដ ដូចជាស្បើយជាងមុនដែរ អ៉ិចឹងយើងអាចនឹងមានសង្ឃឹមច្រើន ៕ ដោយ ៖ លាក់ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ