ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​ស្ងើចសរសើរ ​! សិស្សសាលា​មួយ​ក្រុម​បង្កើត​ស្នាដៃ​គំនូរ ​និង​រូបភាព ​រក​កម្រៃ​ជួយសិស្សសាលា​នៅ​ជនបទ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សិស្ស​វិទ្យាល័យ​ថ្នាក់​ទី ១២ មួយ​ក្រុម​មាន​គ្នា ​៩ ​នាក់ ដោយ​ក្នុង​នោះ​មាន​ទាំង​សិស្ស​ជនជាតិ​ខ្មែរ ​និង​អន្តរជាតិ បាន​បង្កើត​កម្មវិធី​តាំងពិព័រណ៍​សិល្បៈ​ពិសេស​របស់​ពួក​គេនៅ​ឯ​អាគារ…

រាជធានី​ភ្នំពេញ​ ៖ សិស្ស​វិទ្យាល័យ​ថ្នាក់​ទី ១២ មួយ​ក្រុម​មាន​គ្នា ​៩ ​នាក់ ដោយ​ក្នុង​នោះ​មាន​ទាំង​សិស្ស​ជនជាតិ​ខ្មែរ ​និង​អន្តរជាតិ បាន​បង្កើត​កម្មវិធី​តាំងពិព័រណ៍​សិល្បៈ​ពិសេស​របស់​ពួក​គេនៅ​ឯ​អាគារ The Commune ក្នុង​ខណ្ឌទួលគោក ក្រោម​ប្រធានបទ «​វប្បធម៌​ និង​បរិស្ថាន​កម្ពុជា​» ដែល​មាន​រយៈពេល​ជាងមួ​យស​ប្តា​ហ៍ គឺ​ចាប់ពី​ថ្ងៃ​ទី ១៦ ដល់ទី ​២៤ ខែតុលា ឆ្នាំ ​២០២១​ ។

ក្រុមសិស្ស​រៀន​ថ្នាក់​ទី ១២ នៃ​សាលា​អន្តរជាតិ​ភ្នំពេញ ISPP បង្ហាញស្នាដៃរបស់ពួកគេ នៅអាគារ The Commune ។ រូបភាព ៖ ស្រី គំនិត

ក្នុង​កិច្ច​សំភាសន៍​ជា​សារព័ត៌មាន​កោះសន្តិភាព នៅ​ថ្ងៃ​ទី​ ១៨ ខែតុលា ឆ្នាំ ​២០២១ យុវជន Nathan Ra តំណាង​ឱ្យ​ក្រុមបាន​ប្រាប់​ថា ​៖ «​ការ​តាំងពិព័រណ៍​នេះ​គឺ​បង្ហាញ​ថា ​ផែនដី​ដែល​យើង​រស់នៅ​បច្ចុប្បន្ន​មិន​ត្រឹមតែ​សម្រាប់​យើង ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កន្លែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​រស់នៅ​ផង​ដែរ ។ ដូច្នេះ​វា​ជា​តួនាទី​ និង​កាតព្វកិច្ច​របស់​យើង ក្នុង​ការ​អភិរក្ស​វប្បធម៌ ​និង​បរិស្ថាន នៃ​ប្រពៃណី​របស់​ប្រទេស​កម្ពុជា ដ៏​ស្រស់​ស្អាត​មួយ​នេះ ដូច​អ្វី​ដែល​មនុស្ស​ជំនាន់​មុន​បាន​ធ្វើ​និង​បន្សល់​ទុក សម្រាប់​យើង​ផង​ដែរ​» ។

Nathan ជា​ជនជាតិ​កូរ៉េ មានវ័យ ១៧ ឆ្នាំ ឈរក្បែររូបថតរបស់គាត់ ។ រូបថត ៖ ស្រី គំនិត

យុវជន Nathan ជា​ជនជាតិ​កូរ៉េ វ័យ ១៧ ឆ្នាំ​រូប​នេះ បាន​បន្ត​ថា​ ៖ «​ខ្ញុំ​ចង់​លើក​ស្ទួយ​វប្បធម៌​ដ៏​ស្រស់​ស្អាត នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​ស្នាដៃ​សិល្បៈ​នៃ​មជ្ឈដ្ឋាន​ផ្សេង​ៗ ដើម្បី​ឱ្យ​គ្រប់​គ្នា​យល់​ពី​សារៈសំខាន់ នៃ​ការ​អភិរក្ស​បរិស្ថាន និង​ភព​ផែនដី ដែល​យើង​កំពុង​រស់នៅ​» ​។

ផលិត​ដោយ​ប្រើ​ឥដ្ឋ​អេកូ​-​ដប​ប្លា​ស្ទិ​ក បំពេញ​ទៅ​ដោយ​ប្លា​ស្ទិ​កនៅក្នុងដបដើម្បីកែ​ច្នៃ​ឡើង​វិញ ។ រូបថត ៖ ស្រី គំនិត

Nathan បន្ថែម​ថា មិន​ត្រឹមតែ​មាន​ស្នាដៃ​ថតរូប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​រូបគំនូរ​ និង​បំណែក​ច្នៃប្រឌិត ដែល​ផលិត​ដោយ​ប្រើ​ឥដ្ឋ​អេកូ​-​ដប​ប្លា​ស្ទិ​ក បំពេញ​ទៅ​ដោយ​ប្លា​ស្ទិ​កនៅក្នុងដបដើម្បីកែ​ច្នៃ​ឡើង​វិញ ដែល​ជា​លើក​ទី​មួយ​នៅ​ក្នុង​ប្រទេស​យើង​ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​របស់​ក្រុម​យុវជន យុវនារី ជាតិ ​និង​អន្តរជាតិ ពួក​គេ​បាន​ចង្អុលបង្ហាញ អំពី​អត្ថន័យ​ផ្សេង​ៗ​គ្នា​នៃ​រូបគំនូរ​ និង​រូ​ថត ដែល​ពួក​គេ​បាន​ធ្វើ​ការងារ​នេះ​រួម​គ្នាដូចនេះ​ថា វា​បាន​បង្ហាញ​អំពី​វប្បធម៌​និង​តម្រូវការ ការពារ​បរិស្ថាន និង​កិច្ចសហការ​ពី​ប្រជាពលរដ្ឋ​ម្នាក់​ៗ​ ។

Douk Tiffany ។ រូបថត ៖ ស្រី គំនិត

Douk Tiffany គឺជា​យុវនារី​ម្នាក់​ទៀត ដែល​ជា​អ្នក​ធ្វើ​កិច្ចការ​ក្នុង​ក្រុម​នេះ​ផង​ដែរ បាន​ប្រាប់​កោះសន្តិភាព​ ​ថា ​៖ «​ការ​តាំងពិព័រណ៍​សិល្បៈ​នេះ គឺ​ដើម្បី​លើកកម្ពស់​ប្រពៃណី​ខ្មែរ បង្កើន​នូវ​តម្លៃ​នៃ​វប្បធម៌​ខ្មែរ ជា​ពិសេស​ក្នុង​នាម​យើង​ជា​យុវជន​ខ្មែរ យើង​ចង់​ជម្រុញ​ក៏​ដូច​ជា​លើកទឹកចិត្ត​ដល់​យុវជន​ខ្មែរ​ដទៃ​ទៀត ឱ្យ​ស្រឡាញ់​វិស័យ​គំនូរ​និង​សិល្បៈ​ខ្មែរ​ផង​ដែរ​»​ ។

រូបថត ៖ ស្រី គំនិត

យុវនារី Tiffany បាន​បន្ត​ថា ​៖ «​ប្រាក់​ចំណេញ​ដែល​ទទួល​បាន​ពី​ការ​តាំងពិព័រណ៍​នេះ នឹង​ឆ្ពោះទៅ​រក​ការ​ទិញ និង​ដំឡើង​បន្ទះ​សូ​ឡា ដើម្បី​ជួយ​ដល់​សិស្សសាលា នៅ​ក្នុងភូមិ​ជនបទ​ដាច់​ស្រយាល ដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់ ដែល​នេះ​ជា​ជម្រើស​ប្រកបដោយ​និរន្តរភាព សម្រាប់​ពួក​គេ​ផង​ដែរ​» ​។

រូបគំនូរតាំងនៅ​អាគារ The Commune ក្នុង​ខណ្ឌទួលគោក ។ រូបថត ៖ ស្រី គំនិត

សូម​ជម្រាប់​ជូន​ផង​ដែរ​ថា សមាជិក​ដែល​ចូលរួម​បង្កើត​ស្នាដៃ​នេះ​ឡើង ជា​សិស្ស​រៀន​ថ្នាក់​ទី ១២ នៃ​សាលា​អន្តរជាតិ​ភ្នំពេញ ISPP មានឈ្មោះ​ថា Nathan Ra, Lim Tymean, Douk Tiffany, Heng Siyanit, Taing Dararith, Tang Bunsan, Lim Kimvibol, Meng Mayor, និង Am Phat ហើយ​ពួក​គាត់​ទាំងអស់​សុទ្ធសឹងតែ​មាន​អាយុ​ត្រឹមតែ ១៧ ឆ្នាំ​ប៉ុណ្ណោះ ​។ ចំណែកឯ​ការ​ដាក់​តាំង​លក់​រូបគំនូរ និង​រូបថត មាន​តម្លៃ​ចាប់ពី ៥០​ ដុល្លារ​អា​មេ​រិ​ក រហូត​ដល់ ២៤០ ដុល្លារ​តែ​ប៉ុណ្ណោះ ៕

រូបគំនូរតាំងនៅ​អាគារ The Commune ក្នុង​ខណ្ឌទួលគោក។ រូបថត៖ ស្រី គំនិត
រូបគំនូរតាំងនៅ​អាគារ The Commune ក្នុង​ខណ្ឌទួលគោក។ រូបថត៖ ស្រី គំនិត
រូបគំនូរតាំងនៅ​អាគារ The Commune ក្នុង​ខណ្ឌទួលគោក។ រូបថត៖ ស្រី គំនិត
រូបគំនូរតាំងនៅ​អាគារ The Commune ក្នុង​ខណ្ឌទួលគោក។ រូបថត៖ ស្រី គំនិត
រូបគំនូរតាំងនៅ​អាគារ The Commune ក្នុង​ខណ្ឌទួលគោក។ រូបថត៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ