ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​ឆាបឆេះ​ប្រអប់​កុង​ទី​ន័​រ និង​ខ្សែភ្លើង​យ៉ាង​សន្ធោសន្ធៅ​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ

1 ខែ មុន
  • ភ្នំពេញ

ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​ក្លាយ​ទៅ​អណ្ដាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង និង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក យ៉ាង​សន្ធោសន្ធៅ រហូត​ដាច់​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​មក

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​ក្លាយ​ទៅ​អណ្ដាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង និង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក យ៉ាង​សន្ធោសន្ធៅ រហូត​ដាច់​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ ត្រង់​ចំណុច​ក្បែរ​ស្តុ​ប​វត្ត​នាគ​វ័​ន្ត តាម​បណ្ដោយ​ផ្លូវ​១១២​កែង​នឹង​ផ្លូវ​២២១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​បង្គោល​ភ្លើង ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​នោះ​នៅ​មិន​ទាន់​ភ្ញាក់​ពី​ដំណេក​នៅឡើយ​។ បន្ទាប់​មក​ក៏​ស្រាប់តែ​មានការ​ផ្ទុះ​បែក​ផ្កា​ភ្លើង​ចេញពី​ខាងលើ​បង្គោល​នោះ ដែល​មាន​ខ្សែភ្លើង និង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ជា​ច្រើន​សរសៃ ធ្វើ​ឱ្យ​មាន​សភាព​រញ៉េរញ៉ៃ​ខ្លាំង​មែន​ទែន​។ រហូត​លេច​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង និង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ដែល​នៅ​ខាងលើ​បង្គោល​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចេញពី​ក្នុងផ្ទះ និង​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ប្រមាណ​ជិត​១០​បំពង់​ទៅ​បាញ់​ពន្លត់​អណ្ដាតភ្លើង តែ​ដោយ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​មក​ជួយ​អន្តរាគមន៍​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ និង​បាន​បាញ់​ទឹក​អស់​បន្តិចបន្តួច​ក៏​រលត់​ជា​ស្ថាពរ​។ ហើយ​ចំពោះ​ហេតុការណ៍​ខាងលើ​នេះ គឺ​មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ គ្រាន់តែ​ខូចខាត​ប្រអប់​កុង​ទី​ន័​រ​អគ្គិសនី​ចំនួន​៣​ប្រអប់ ខ្សែភ្លើង​អគ្គិសនី និង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ជា​ច្រើន​ខ្សែ ត្រូវ​បាន​ឆេះ​ដាច់​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​រង​ការ​ខូចខាត ហើយ​ចំពោះ​មូលហេតុ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕