ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង បានកើត​ឡើង ក្នុង​បណ្តាខេត្ត​មួយចំនួន ដូចជា នៅ​បាត់ដំបង មណ្ឌលគិរី រតនគិរី ឧ​ត្ត​រ​មានជ័យ…

ភ្នំពេញ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង បានកើត​ឡើង ក្នុង​បណ្តាខេត្ត​មួយចំនួន ដូចជា នៅ​បាត់ដំបង មណ្ឌលគិរី រតនគិរី ឧ​ត្ត​រ​មានជ័យ និង​នៅ​ខេត្តបន្ទាយមានជ័យ ជាដើម​។ គ្រោះទឹកជំនន់ បង្កដោយ​ទឹកភ្លៀង ដែល​ទឹក​ឡើង​​លឿន ហើយ​ស្រក​ក៏​លឿន​​នេះ ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជន់​លិច ត្រូវ​បង្កើន​កិច្ច​ការពារ និង​ការប្រុងប្រយ័ត្ន ពិសេស​លើ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស សត្វពាហនៈ និង​ជំងឺ​ដ​ង្កា​ច់​ផ្សេងៗ​។​

​រហូតដល់​ថ្ងៃ​ចន្ទ ទី​១៨ ខែតុលា ជំនន់​ទឹកភ្លៀង ដែល​ធ្វើឱ្យ​ទឹកស្ទឹង​សង្កែ ឡើង​ខ្ពស់ រហូត​លិចលង់​តំបន់​មួយចំនួន ក្នុង​ក្រុង​បាត់ដំបង បាន​ថមថយ​ឥទ្ធិពល​ទៅវិញ​បន្តិច​។ យ៉ាងណាក៏ដោយ នៅ​ក្រុង​បាត់ដំបង បើទោះបីជា​ទឹកស្ទឹង​សង្កែ បាន​ស្រក​ចុះ​ក៏ពិតមែន ប៉ុន្តែ​ទឹក​ដែល​ឡើង​ជន់​លិច​តំបន់​មួយចំនួន នា​ប៉ុន្មាន​ថ្ងៃ​មក​នោះ មាន​សភាព​ស្រក​ចុះ​យឺត​ជាង​ទឹកស្ទឹង ដោយសារតែ​ប្រព័ន្ធ​លូ​រំដោះ​ទឹក តូច និង​លាយឡំ​ដោយ​ដី និង​សំរាម​។

​ចំណែក​នៅ​ខេត្តរតនគិរី រហូតដល់​ថ្ងៃ​ចន្ទ ទី​១៨ ខែតុលា ទឹក​ទន្លេស្រែពក ដែល​បាន​ហក់​ឡើង នា​ប៉ុន្មាន​ថ្ងៃ​មកហើយ​នោះ បាន​ជន់​​​លើស​កម្រិត​ប្រកាសអាសន្ន​​ហើយ​។  ជំនន់​នេះ លើស​កម្រិត​ប្រកាសអាសន្ន រួមទាំង​ទន្លេ​សេ​សាន្ត​ផងដែរ ហើយ​ទឹកបាន​ជន់​លិច​តំបន់​មួយចំនួន តាម​ដង​ទន្លេ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កូន​មុំ ស្រុក​លំផាត់ ស្រុក​តា​វែង ស្រុក​វ៉ើន​សៃ និង​ស្រុក​អណ្ដូង​មាស​។​

​ជាទូទៅ ជំនន់​ទឹកភ្លៀង ឆាប់​ឡើង ហើយក៏​ឆាប់​ស្រក​ទៅវិញ​ដែរ​។ ប៉ុន្តែ​បើ​ជន់​លិច​លើស ១​សប្ដាហ៍ នោះ​ប្រាកដជា​ខូច​ដំណាំ​កសិករ មិនខានឡើយ ជាពិសេស​ដំណាំ​ស្រូវ​។​

​អាជ្ញាធរ​ខេត្ត រួមទាំង​កងកម្លាំងប្រដាប់ងអាវុធ បាន​ពិនិត្យ​ដល់ទី​តាំង ដែល​រង​ការ​ជន់​លិច ដោយបាន​ផ្ដល់ជំនួយ​ស​ង្រោះ​បន្ទាន់ ដល់​ពលរដ្ឋ និង​ដឹកនាំ​អាជ្ញាធរ ត្រៀម​ជួយសង្គ្រោះ ព្រមទាំង​ជម្លៀស​ប្រជាពលរដ្ឋរងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព ឱ្យបាន​ទាន់ពេលវេលា​។ ការជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​ខេត្ត​មួយចំនួន ដូចជា ខេត្តរតនគិរី និង​ខេត្តបាត់ដំបង ជាដើម​នេះ គឺ​ជា​វិញ្ញាសា​​ដំបូង សម្រាប់​អភិបាលខេត្តទាំងពីរ​ ដែលទើប​ឡើង​កាន់តំណែង​ថ្មី​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជំនន់​ទឹកភ្លៀង​បានកើត​មាន​តាម​បណ្តា​ខេត្ត​ជាច្រើន ក្នុងនោះ មាន​ទាំង​នៅ​រាជធានី​ភ្នំពេញ​ផង ជាពិសេស​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដែលមាន​សភាព​ធ្ងន់ធ្ងរ កាលពី​ឆ្នាំ​២០២០ កន្លងទៅ​។​

​មិន​ថា ជំនន់​ទឹកភ្លៀង ឬ​ជំនន់​ទឹកភ្លៀង​មេគង្គ​ទេ តែងតែ​បង្ក​ការលំបាក​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់ ដែល​ត្រូវ​ទឹក​ជន់​លិច​។ បញ្ហា​ចម្បង គឺ​ការបាត់បង់​អាយុជីវិត ដោយ​លង់ ពិសេស​ក្មេងៗ​ និង​មនុស្ស​ចាស់ជរា​។ ទឹក​ជំនន់ ក៏បង្ក​ការបំផ្លិចបំផ្លាញ​ផ្ទះសម្បែង ផ្លូវ​ស្ពាន ស្រែចំការ ផលដំណាំ រួមទាំង​បង្ក​ជា​ជំងឺ​ផ្សេងៗ ដោយសារតែ​ការបរិភោគ​ទឹក​មិន​ស្អាត ជាដើម​។​

​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ នៅ​តំបន់​រងគ្រោះ ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះមហន្តរាយ បង្កឡើងដោយ​ទឹកជំនន់​។ ប្រជាពលរដ្ឋ ត្រូវ​រៀបចំ និង​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ដែល​នៅ​ជិត​បំផុត ហើយ​ទាក់ទង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជាប់ជានិច្ច​។ រក្សា​ទឹកស្អាត​ទុក និង​ស្បៀងអាហារ នៅ​កន្លែង ដែលមាន​សុវត្ថិភាព​។ ការពារ​ក្រុមគ្រួសារ និង​សត្វ​ចិញ្ចឹម​។ ហាម​ក្មេងៗ កុំ​ឲ្យ​លេង​ក្បែរ​ទឹក​។ ក្នុងនោះ វត្ថុ​មានតម្លៃ និង​ឯកសារ​នានា ក៏​ត្រូវតែ​ដឹកជញ្ជូន យកទៅ​កាន់​ទីទួល​សុវត្ថិភាព​។​

​ក្នុងពេល​កើតមាន​គ្រោះទឹកជំនន់ មិន​ថា ជំនន់​ទឹកភ្លៀង ឬ​ទឹកទន្លេ​ទេ រាជរដ្ឋាភិបាល និង​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ពិសេស​កាកបាទក្រហម​កម្ពុជា រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ​នានា តែងតែ​យកចិត្តទុក​ដាក់ អន្តរាគមន៍​ និងជួយ​ជម្លៀស​ប្រជាពលរដ្ឋ​រងគ្រោះ ទៅកាន់​ទីទួល​សុវត្ថិភាព ក៏ដូចជា​ផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់ ជាដើម​។​

​ប៉ុន្តែ​មុននឹង​ជំនួយ និង​អន្តរាគមន៍​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរ​សមត្ថកិច្ច កាកបាទក្រហម ទៅដល់ ក៏​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ ត្រូវ​ជួយ​ខ្លួនឯង​សិន​។ បញ្ហា​សុវត្ថិភាព ជា​ចម្បង គឺ​ត្រូវ​ជម្លៀស​ចេញពីផ្ទះ​លិច​ទឹក ហើយ​ទៅកាន់​ទីទួល​សុវត្ថិភាព រួមទាំង​ការប្រុងប្រយ័ត្ន​នឹង​សត្វ​ពិស​ខាំ តិច ឬ​ចឹក​​។ ចូរកុំភ្លេចថា នៅពេ​ល​​គ្រោះទឹកជំនន់​កើតឡើង​រៀងរាល់ឆ្នាំ ក៏​តែងតែ​មាន​របាយការណ៍​ពី​ចំនួន​អ្នក​បាត់បង់​​ជីវិត ក្នុងនោះ ច្រើនជាងគេ គឺ​​កូន​ក្មេង និង​មនុស្ស​ចាស់​​។ ដូច្នេះនៅ​ពេលនេះ ​ពលរដ្ឋរងគ្រោះ ត្រូវតែបង្កើន​ការប្រុងប្រយ័ត្ន កុំ​ឲ្យសោកនាដកម្ម​ដដែលៗ ហើយដែលអាចការពារបាននេះ កើតឡើង​តទៅទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ