ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ណាត់ក្រុងដូនកែវ ចាប់ផ្តើមស្ថាបនាថ្មីហើយ​

1 ខែ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ ផ្សារណាត់​ដែល​សល់​តាំងពី​ឆ្នាំ​១៩៤២​ជំនាន់​បារាំង​មក​ម្លេះ​នោះ ឥឡូវនេះ​ជិត​លេច​រូបរាង​ថ្មី​ដោយ​ក្លាយទៅជា​ផ្សារ​

ខេត្ត​តាកែវ ៖ ផ្សារណាត់​ដែល​សល់​តាំងពី​ឆ្នាំ​១៩៤២​ជំនាន់​បារាំង​មក​ម្លេះ​នោះ ឥឡូវនេះ​ជិត​លេច​រូបរាង​ថ្មី​ដោយ​ក្លាយទៅជា​ផ្សារ​ទំនើប​ខ្នាត​តូច​មុន​ដំបូង​គេ​នៅ​ក្នុង​ទឹកដី​វ័យ​ចំណាស់ ​ស្ថិត​​នៅ​ក្នុង​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ខណៈ​ដែល​ការ​សាងសង់​ផ្សារ​ថ្មី ​ដោយ​អ្នក​វិនិយោគ​ថ្មី​ឈាន​ដល់​ការ​ចាក់​ប្លង់​សេ សន្លឹក​ទី​១ សម្រេចការ​សាងសង់​បាន​ជាង ៤០%​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ និង​ឲ្យ​បងប្អូន​អាជីវករ​ចូល​លក់​តាម​ផែនការ​កំណត់​នៅ​ខែមេសា ឆ្នាំ​២០២២ បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​។

លោក​កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ​បានអោយ​អ្នក​សារ​ព៏​ត​មាន​ពេល​ចុះ​ត្រួតពិនិត្យ​ការ​ចាក់​ប្លង់​សេ​សន្លឹក​ទី​១ ផ្សារណាត់​ជាមួយនឹង​មន្ត្រី​ជំនាញ​នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែតុលា ឆ្នាំ​២០២១​នេះ​ថា គម្រោង​វិនិយោគ​ផ្សារណាត់​នេះ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​តាម​ផែនការ​បើ​ទោះបីជា​យើង​កំពុង​តែ​ជួប​នូវ​ស្ថានភាព​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ យ៉ាងណា​ក៏​ក្ដី ដោយ​អាជ្ញាធរ​ក្រុង​បាន​បង្កើត​ក្រុមការងារ​តាមដាន និង​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​មិន​អោយ​មានការ​ធ្វេសប្រហែស​ក្នុង​ការ​សាងសង់​នោះ​ទេ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ​សាងសង់​ស្រប​តាម​បច្ចេកទេស​ស្តង់ដា និង​សំណង់​ប្រើប្រាស់​បាន​យូ​រ​អង្វែង​ជា​ពិសេស​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​នៅ​ក្នុង​ផ្សារ​ផ្ទាល់​តែ​ម្ដង​។

លោក​អភិបាលក្រុង​ដូន​កែវ បាន​បន្ត​ទៀត​ថា នេះ​ជា​សមិទ្ធផល​ថ្មីស្រឡាង​មួយទៀត​ នៅ​ក្នុង​ទឹកដី​ក្រុង​ដូន​កែវ ដែល​កើត​ចេញពី​ផ្លែផ្កា​នៃ​សន្តិភាព ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ឲ្យ​បណ្តា​ខេត្ត ក្រុង​មួយ​ចំនួន​បាន​នឹង​កំពុង​មានការ​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ត​រៀង​ៗ​ខ្លួន ជា​ពិសេស​គឺ​ការ​ប្រកួត​យក​ផ្ការំដួល ៣​ទង ទីក្រុង​ស្អាត​នេះ​តែ​ម្តង​។

លោក​អភិបាលក្រុង​ដូន​កែវ​បាន​បន្ត​ទៀត​ថា នេះ​ក៏​ជា​ការ​ខិតខំ​ប្រឹងប្រែង​មួយ​ដែរ​របស់​អាជ្ញាធរ​ដែល​រកបាន​ដៃគូ​វិនិយោគ​ល្អ​ៗ​មក​ធ្វើការ​វិនិយោគ និង​អភិវឌ្ឍ​ទីកន្លែង​ជា​ច្រើន​ដែល​កំពុង​មានការ​ខ្វះខាត​ក្នុង​ការ​រៀបចំ​កែ​លម្អ​សោ​ភ័​ណ្ឌ​ភាព ការ​លក់ដូរ​ស្អាត ដូច​ជា​ផ្សារ​ជាដើម ហើយ​ក្នុង​ពេល​នេះ យើង​ទទួល​បាន​ផ្សារណាត់​មួយ​កន្លែង​ហើយ ក្លាយជា​ផ្សារ​ទំនើប​ខ្នាត​តូច​មុន​តំបូង​គេ​ក្នុង​ទឹកដី​វ័យ​ចំណាស់​មួយ​នេះ​។ លោក​អភិបាលក្រុង​ដូន​កែវ​បាន​សំដែង​ក្ដី​រំពឹង​ថា គម្រោង​វិនិយោគ​ផ្សារណាត់​នឹង​សាងសង់​រួចរាល់​ទៅ​តាម​ផែនការ ហើយ​នៅ​ពេល​ដែល​ការ​សាងសង់​ផ្សារណាត់​បាន​ចប់​សព្វគ្រប់ ផ្សា​នេះ​នឹង​ជួយ​លើកកម្ពស់​មុខមាត់​ក្រុង​ដូន​កែវ​ថែម​ទៀត​ជាក់​ជា​ពុំខាន​។

អ្នក​មីង ហេង និង​អ្នក​មីង ទឹម សុភា ជា​អាជីវករ​ផ្សារណាត់​បាន​សំដែង​នូវ​ក្ដី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​នៅ​ពេល​មាន​អ្នក​វិនិយោគ បាន​ធ្វើការ​វិនិយោគ​សាងសង់​ផ្សារ​ថ្មី​ជូន​ដល់​បងប្អូន​អាជីវករ ពី​មុន​មក​ផ្សារណាត់​នេះ​ជា​ផ្សារ​មួយ​ចាស់​មាន​សភាព​ទ្រុឌទ្រោម ដាក់​ឆ័​ត្រ​បាំង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ពិបាក​ក្នុង​ការ​លក់ដូរ​ណាស់ និង​មួយវិញទៀត​តូប​ផ្សារ​របស់​អាជីវករ​នៅ​មិន​ទាន់​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ តែ​ឥឡូវនេះ​អ្នក​វិនិយោគ​ផ្សារណាត់​ថ្មី​នេះ បាន​ធ្វើការ​រៀបចំ​វាស់វែង​ប្លង់​តូប​ជូន​អាជីវករ​ទៅ​តាម​ទំហំ​ដែល​បងប្អូន​អាជីវករ​មាន និង​ថែម​ទាំង​ចេញ​នៅ​លិខិតបញ្ជាក់​សំគាល់​សិទ្ធិ​បាន​ពេញលេញ​ថែម​ទៀត ហើយ​ថ្ងៃនេះ​ផ្សារណាត់​បាន​នឹង​កំពុង​ចាក់​ប្លង់​សេ​សន្លឹក​ទី​១ សាងសង់​ស្រប​ទៅ​តាម​ស្តង់ដា​បច្ចេកទេស មាន​គ្រឹះ នឹង​សរសៃដែក​ធំ​ៗ​ណាស់ ដែល​សកម្មភាព​ទាំងនេះ​គឺជា​ចំណុច​មួយ​ធ្វើ​ឲ្យ​បងប្អូន​អាជីវករ​មានការ​ជឿជាក់​ខ្លាំង​លើ​អ្នក​វិនិយោគ​ផ្សារ​ថ្មី​នេះ និង​មានការ​គាំទ្រ​ខ្លាំង​ចំពោះ​សមិទ្ធិ​ផល​ថ្មី​មួយ​នេះ​ខ្លាំង​ណាស់ ។

អ្នក​វិនិយោគ​ផ្សារណាត់​លោកស្រី ប្រាក់ ចាន់រ​ដ្ឋា ដែល​ត្រូវ​បាន​អាជីវករ និង​មហាជន​ជា​ច្រើន​ទទួលស្គាល់ និង​សរសើរ​ថា​ជា​អ្នក​វិនិយោគ​ផ្សារ​ដែល​មានគុណ​ធម៌ សីលធម៌​វិជ្ជាជីវៈ និង​គំនិត​អភិវឌ្ឍ​នោះ គឺ​គាត់​បាន​ធ្លាប់​បាន​សាងសង់​ផ្សារ​ចំបក់​នៅ​ស្រុក​បាទី​ផង​ដែរ ដោយ​គាត់​បាន​ដោះស្រាយ​ជាមួយនឹង​បងប្អូន​អាជីវករ​បាន​យ៉ាង​ល្អ ហើយ​យល់​ពី​ទុក្ខ​លំបាក​របស់​អាជីវករ ដោយពេល​កន្លង​មកនេះ​គាត់​បាន​លើកលែង​ការ​យក​ភា​សុ​ី​ពី​អាជីវករ​ផ្សារ​ចំបក់​រយៈពេល​ពីរ​ឆ្នាំ​ហើយ​។

ចំពោះ​ផ្សារណាត់​នេះ​វិញ គាត់​បាន​បំពេញ​កាតព្វកិច្ច​បាន​កាន់តែ​ល្អ មិន​ធ្វើ​អោយ​បងប្អូន​អាជីវករ​ក៏​ដូច​ជា​អ្នក​ពាក់​ព​ន្ធ័​នានា​មានការ​លំបាក និង​បាត់​ទំនុកចិត្ត​ឡើយ ដោយ​ក្នុង​កំឡុង​ពេល​សាងសង់​ផ្សារណាត់​ថ្មី​នេះ គឺ​លោកស្រី​បាន រៀបចំ និង​ជួល​ទីតាំង​ថ្មី​សម្រាប់​បងប្អូន​អាជីវក​លក់ដូរ​ជា​បណ្តោះអាសន្ន​បាន​សមរម្យ​បំផុត និង​ថែម​ទាំង​រ៉ាប់រង​ចេញថ្លៃ​ទឹក ថ្លៃ​ភ្លើង ជូន​អាជីវករ​ប្រើប្រាស់​ដោយ​មិន​គិត​ថវិការ​ឡើយ ក្នុង​រយៈពេល​នៃ​ការ​សាងសង់​ផ្សារ ១​ឆ្នាំ​កន្លះ​នេះ​​ ៕​