ខេត្តមណ្ឌលគិរី ៖ បើតាមមានសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ប្រជាពលរដ្ឋ នៅចំណុចដីចំការក្បែរអូរឡូស ស្ថិតក្នុងភូមិពូលូង សង្កាត់-ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីអំពើចោរកម្មមួយបានកើតឡើង បង្កដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់បានចូលទៅលួចយកទ្រព្យសម្បត្តិ ខណៈពេលដែលម្ចាស់ផ្ទះមិននៅ ។ ប៉ុន្តែទីបំផុតជនសង្ស័យដែលជាចោរលួចម៉ូតូកញ្ចាស់១គ្រឿង សូម្បីអាគុយប្រើមិនកើតក៏លួចដែរនោះ ត្រូវបាមម្ចាស់មកទាន់ រួចដេញរត់ចូលព្រៃ ទើបសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ ហើយក៏ក្របួចបានភ្លាមៗផង ។
ក្រោយឃាត់ខ្លួនទើបបានស្គាល់មុខមាត់របស់ចោរដែលមានឈ្មោះ ឡុច លាង ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិកណ្តាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មុខរបរជាកម្មករវាយថ្ម ស្នាក់នៅភ្នំបាយឆៅ ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ចំណែកជនរងគ្រោះមានឈ្មោះ ញ៉ក់ រតនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើ ។
សេចក្តីរាយការណ៍បន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានចូលលួចយកម៉ូតូកញ្ចាស់១គ្រឿង និងអាគុយ២គ្រឿង ខណៈពេលដែលម្ចាស់ទុកនៅខាងក្រោមផ្ទះ រួចក៏បានចេញទៅលេងស្រុកកំណើត ។ ក្រោយមកជនសង្ស័យក៏បានចូលធ្វើសកម្មភាពលួចជិះម៉ូតូរបស់ជនរងគ្រោះយកចេញ ស្របពេលនោះជនរងគ្រោះដែលជាម្ចាស់ម៉ូតូក៏បានមកទាន់ ហើយស្រែកថា «ចោរៗ» ធ្វើឱ្យជនសង្ស័យដែលជាចោរជើងថ្មីមានការភ័យខ្លាចគេចាប់វាយ ក៏បានទុកម៉ូតូចោល រួចរត់គេចខ្លួនចូលព្រៃ ដើម្បីគេចយករួចខ្លួនមួយគ្រា ។
ប្រភពដដែលបន្តថា ក្រោយមកជនរងគ្រោះក៏រាយការណ៍ និងផ្តល់ព័ត៌មានទៅឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់រមនា ឲ្យជួយអន្តរាគមន៍ដើម្បីឃាត់ខ្លួនចោរលួចទាំងថ្ងៃ ។ ការតាមប្រមាញ់ និងចាប់ខ្លួនចោរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរត់ចូលព្រៃនោះ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្នានបានប្រើពេលវេលារហូតដល់ម៉ោង៨និង៣០នាទីយប់ ទើបត្រូវក្របួចចោរបាន។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានលួចម៉ូតូ និងអាគុយកញ្ចាស់របស់ប្រជាពលរដ្ឋនោះពិតប្រាកដមែន ដោយឃើញម្ចាស់គេមិននៅផ្ទះ ស្របពេលខ្លួនជាកម្មករសំណង់វ៉ៃថ្ម ខ្វះខាតលុយទិញបាយបរិភោគ ។ ទោះបីយ៉ាងណាក្តី ជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីផងដែរ ៕
ចែករំលែកព័តមាននេះ