ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិវាទ​ដី​៥៨​ហិ​កតា​មិន​ទាន់​ចប់​ផង​ ឧកញ៉ា​២​រូប ​បូម​ដី​ចាក់​ពេញ​ស្រេច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រឿង​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​២៤១​គ្រួសារ នៅ​ភូមិ​ចំពុះក្អែក​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ជាមួយ​

រាជធានីភ្នំពេញ ៖ រឿង​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​២៤១​គ្រួសារ នៅ​ភូមិ​ចំពុះក្អែក​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ជាមួយ​ឧកញ៉ា​ពីរ​រូប ឧកញ៉ា ថៃ ជា​ហួត និង​ឧកញ៉ា ហៀ​ង ប៊ុ​ន​ប៉េង លើ​ទំហំ​ដី​៥៨​ហិ​កតា ត្រូវ​បាន​ជំនាញ​របស់​ក្រសួង​បន្ត​សម្របសម្រួល​ដោះស្រាយ​លើ​រឿង​នេះ​រាប់​ឆ្នាំ​មក​ហើយ​ពុំ​ទាន់​បញ្ចប់​ឡើយ ក្រោយ​ពេល​កាត់​ដី​តំបន់​នោះ​ចូល​មក​រាជធានី​ភ្នំពេញ ។

ការងារ​នេះ​កន្លង​មក​ក្រុម​អធិការកិច្ច​ក្រសួង​ដែនដី គឺជា​អ្នក​ធ្វើ​ជាមួយ​ប្រជាជន​២៤១​គ្រួសារ ។

ក្រសួង​បាន​ធ្វើការ​ស៊ើបអង្កេត​សព្វ​យ៉ាង​ទាំងអស់ ហើយ​ដី​នេះ​ពី​មុន​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ហើយ​បាន​កាត់​ពី​ខេត្តកណ្តាល​ចូល​មក​ភ្នំពេញ ពេល​ដែល​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល គឺ​គេ​មាន​ប័ណ្ណកម្មសិទ្ធិ​នៅ​ខេត្តកណ្តាល​រួច​ទៅ​ហើយ ។ អ៊ីចឹ​ង​នៅ​ពេល​កាត់​ពី​ខេត្តកណ្តាល​ចូល​មក​រាជធានី​ភ្នំពេញ ខ្ញុំ​គ្រាន់តែ​ប្តូរ​សំបក​ប័ណ្ណ​ទេ​គឺ​ធ្វើ​តាម​ជំនាញ​ដោយ​ត្រឹមត្រូវ​អត់​មានអី​ខុស​ទេ ។

អ្នកស្រុក​ម្ចាស់​ដី​បាន​ប្រាប់​កោះសន្តិភាព​ថា ការ​បង្ហាញ​ភស្តុ​តាង គឺ​ក្រសួង​បាន​ជ្រាប រួច​ទៅ​ហើយ ប្រជាពលរដ្ឋ​រក​ឃើញ​ថា លោក ស្រី ស៊ុ​យ សុ​ផា​ន កាលពី​នៅ​រស់​គ្មាន​ដី​នៅ​ទីតាំង​ទំនាស់​ទេ គាត់​បាន​យក​ប័ណ្ណកម្មសិទ្ធិ​នៅ​ទីតាំង​កន្លែង ផ្សេង​មក​រំលោភ​ដី​ប្រជាពលរដ្ឋ រហូត​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​ក្រសួង​ចុះ​វាស់វែង រក​ចំណុច​ទីតាំង​ដី​របស់​លោកស្រី ស៊ុ​យ សុ​ផា​ន និង​បក្ខពួក ប៉ុន្តែ​លោក ស្រី ស៊ុ​យ សុ​ផា​ន មិន​ព្រម​ឲ្យ​ចុះ​វាស់វែង​ទេ គាត់​ប្រឆាំង​មិន​ឱ្យ​វាស់ ។

លិខិត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ ដែល​ប្រជាពលរដ្ឋ​បង្ហាញ​កោះសន្តិភាព​បាន​ជម្រាប​ទៅ​លោកស្រី ស៊ុ​យ សុ​ផា​ន អំពី​ករណី​សំណើសុំ​ពិនិត្យ និង​ដោះស្រាយ​បណ្តឹង របស់​ប្រជាពលរដ្ឋ ២៤១​គ្រួសារ ស្ថិត​នៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែករ​ថ្មី ខណ្ឌ​ច្បារ​អំពៅ​ថា កន្លង​មក ក្រុមការងារ​របស់​ក្រសួង​បាន​អញ្ជើញ​គូភាគី មក​សម្របសម្រួល​ដោះស្រាយ​ជា​ច្រើន​លើក​ប៉ុន្តែ​ពុំ​មានការ​ព្រមព្រៀង​គ្នា និង​ទុក​ករណី​នេះ​ជូន​ភាគី​ធ្វើការ​ដោះស្រាយ​ដោយ​ផ្ទាល់ ឬ​តាម​ផ្លូវច្បាប់ ។

យោង​តាម​លិខិត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ជម្រាប​ទៅ​តំណាង​ប្រជាពលរដ្ឋ ២៤១​គ្រួសារ និង​លោកស្រី ស៊ុ​យ សុ​ផា​ន អំពី​ករណី​សំណើសុំ​ដោះស្រាយ​វិវាទ​ដីធ្លី រវាង​ប្រជាពលរដ្ឋ ២៤១​គ្រូ​សារ ជាមួយ​ឈ្មោះ ស៊ុ​យ សុ​ផា​ន ស្ថិត​នៅ​ភូមិ​ចំពុះក្អែក សង្កាត់ ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ​ថា បន្ទាប់​ពី​ទទួល​សំណើ​របស់​លោក លោកស្រី​រួច​មក ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន ចាត់​ក្រុមការងារ​ចុះ​ពិនិត្យ​ដោះស្រាយ និង​បាន អញ្ជើញ​គូភាគី​វិវាទ​មក ធ្វើការ​សម្របសម្រួល​ជា​ច្រើន​លើក ប៉ុន្តែ​ពុំ​មានការ​ព្រមព្រៀង​បញ្ចប់​វិវាទ​ទេ ។ ដូចនេះ​ក្រសួង​សូម​បញ្ចប់​ការ​ដោះ ស្រាយ​ករណី​នេះ ដោយ​ទុក​ជូន​គូ​ភា​គូ​ធ្វើការ​ដោះស្រាយ​ដោយ​ផ្ទាល់ខ្លួន ឬ​តាម​ផ្លូវច្បាប់ ។

យោង​តាម​កំណត់ហេតុ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​…​ភាគី​តំណាង​ប្រជាពលរដ្ឋ ២៤១​គ្រួសារ ប្រកាន់​ជំហរ​ឲ្យ​មានការ​ចុះ​វាស់វែង​រក​ចំណុច​វិវាទ ដើម្បី​មាន​មូលដ្ឋាន​ដោះស្រាយ ដោយ​ផ្អែក​លើ​ឯកសារ​លិខិត​ទិញ​លក់ រវាង​អ្នកទិញ​នឹង​អ្នកលក់ និង​ការ​កាន់កាប់ រស់នៅ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​កន្លង​មក ហើយ​ម្យ៉ាងទៀត​ប័ណ្ណ​ដែល​ចេញ​ឲ្យ​លោកស្រី ស៊ុ​យ សុ​ផា​ន កន្លង​មក នេះ​មាន​ភាព​មិន​ប្រក្រតី ហើយ​ដី​នេះ​ស្ថិត​នៅ​ទីតាំង​ផ្សេង​បែរជា​ក្រុមហ៊ុន​ស៊ុ​យ សុ​ផា​ន មក​ឈូស​ឆាយ​ចូល​កាន់កាប់​យក​ដី​ប្រជា​ពល រដ្ឋ​ទាំង​ដុល​តែ​ម្តង ។

ចំណែក​ភាគី​លោកស្រី ស៊ុ​យ សុ​ផា​ន ប្រកាន់​ជំហរ មិន​អនុញ្ញាត​ឲ្យ​ចុះ​វាស់វែង ព្រោះ​ទីតាំង​ដី​របស់​គាត់ ជា​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​រួច​ហើយ ដោយឡែក​ឯកសារ​ទិញ​លក់​របស់​ប្រជាពលរដ្ឋ​ពុំ​មាន​អាជ្ញាធរ​ទទួលស្គាល់​ទេ បន្លំ​យក​ទាំង​ភ្នែក​ស្រស់ ។

យោង​តាម​របាយការណ៍​របស់​អគ្គាធិការដ្ឋាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ដាក់​ជូន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា គឺ​បាន​បញ្ជាក់​ថា ករណី​នេះ​ក្រសួង​បាន​ចាត់​ក្រុមការងារ​ចុះ​ពិនិត្យ​ស្រាវជ្រាវ និង​បាន​អញ្ជើញ​គូភាគី​មក ធ្វើការ​សម្រុះសម្រួល​ជា​ច្រើន​លើក ប៉ុន្តែ​ពុំ​មានការ​ព្រមព្រៀង​បញ្ចប់​វិវាទ​ទេ ។ ដូចនេះ ក្រសួង​បាន​បញ្ចប់​ការ​ដោះ ស្រាយ​ករណី​នេះ ដោយ​ទុក​ជូន​ភាគី​ធ្វើការ​ដោះស្រាយ​ដោយ​ផ្ទាល់ ឬ​តាម​ផ្លូវច្បាប់ ។

ប្រជាពលរដ្ឋ​ម្ចាស់​ដី​ប្រាប់​កោះសន្តិភាព​ថា ទំនាស់​ដី​មិន​ទាន់​បាន​បញ្ចប់​ផង ស្រាប់តែ​នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២១ លោក​ថៃ ជា​ហួត និង​លោក ហៀ​ង ប៊ុ​ន​ប៉េង បាន​ធ្វើ​សកម្មភាព​ត​ទុយោ​បូម​ដី​ដាក់​ចូល​លើ​ទីតាំង​ដី​របស់​ប្រជាពលរដ្ឋ​ដែល​ក្រសួង​កំពុង​តែ​ដោះស្រាយ​ជម្លោះ​នេះ ពេល​ប្រជាពលរដ្ឋ​ចុះ​ទៅ​ឃាត់​គេ​បាន​បង្ហាញ​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​២​សន្លឹក ហើយ​អះអាង​ថា បាន​ទិញ​ដី​នេះ​ពី​ខ្មោច​លោកស្រី ស៊ុ​យ សុ​ផា​ន ហើយ ។

នៅ​ក្នុង​ពាក្យបណ្តឹង​ប្រជាពលរដ្ឋ​បាន​រំលឹក​ពី​ការ​ប្តឹង​តវ៉ា​គ្នា​ជាមួយ​លោកស្រី ស៊ុ​យ សុ​ផា​ន ខ្លះ​ៗ​ថា កាល​លោកស្រី ស៊ុ​យ សុ​ផា​ន កាល​នៅ​រស់​គាត់​បាន​យក​ប័ណ្ណកម្មសិទ្ធិ​ទីតាំង​ដី​នៅ​កន្លែង​ផ្សេង ដែល​ធ្វើ​ឡើង​តាម​រយៈ​ឯកសារ​ក្លែងបន្លំ​យក​មក​ប្ដឹង​ចាញ់​ប្រជាជន​គ្រប់កន្លែង ។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ម្ចាស់​ដី​ទាំង​២៤១​គ្រួសារ សំណូមពរ​សុំ​អន្តរាគមន៍​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ធ្វើការ​ឃាត់​សកម្មភាព​ឈប់​ឲ្យ​បូម​ដី​ដាក់​លើ​ដី​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គា្ន​ជា​បន្ទាន់ និង​សុំ​មោឃៈភាព​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ 12100704 – 2154 ចុះ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២១ វិ​ញ្ញា​ប័ន​ប​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ 12100704 – 2155 ចុះ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ ២០២១ និង​វិ​ញ្ញា​ប័ន​ប​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មួយ​ចំនួន​ទៀត​ដែល​បាន​ធ្វើ​រំលោភ​លើ​ដី​ទំនាស់​សរុប ៥៨​ហិ​កតា ។

ចំណែក​ឧកញ៉ា ថៃ ជា​ហួត និង ហៀ​ង ប៊ុ​ន​ប៉េង ម្សិលមិញ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ។
ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​បន្ត​ទៀត​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ