ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹង​ពោធិ៍សាត់​ចាប់ផ្ដើម​ជន់​ហើយ ប៉ុន្តែ​មិន​ទាន់​ដល់​ចំណុច​ប្រកាស​អាសន្ន​ទេ

2 ឆ្នាំ មុន
  • ពោធិ៍សាត់

ទឹកស្ទឹង​ពោធិ៍សាត់​បាន​ចាប់ផ្តើម​ឡើង​ហើយ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​រយៈពេល​៤​ទៅ​៥​ថ្ងៃ​ជាប់​ៗ​គ្នា នៅ​តំបន់​ភ្នំស្រុក​វាល​វែង និង​ស្រុក​ភ្នំក្រវាញ​

ខេត្តពោធិ៍សាត់ ៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១​នេះ ទឹកស្ទឹង​ពោធិ៍សាត់​បាន​ចាប់ផ្តើម​ឡើង​ហើយ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​រយៈពេល​៤​ទៅ​៥​ថ្ងៃ​ជាប់​ៗ​គ្នា នៅ​តំបន់​ភ្នំស្រុក​វាល​វែង និង​ស្រុក​ភ្នំក្រវាញ​។

ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ លោក កែវ វ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា​នេះ មាន​កម្ពស់ ៤.៧២​ម៉ែត្រ (​កម្ពស់​ប្រកាស​អាសន្ន ៥​ម៉ែត្រ​), ស្ទឹង​ក្រវាញ មាន​កម្ពស់ ៣.១៦ (​កម្ពស់​ប្រកាស​អាសន្ន ៦​ម៉ែត្រ​) និង​ស្ទឹង​វាល​វែង មាន​កម្ពស់ ២.១៥​ម៉ែត្រ (​កម្ពស់​ប្រកាស​អាសន្ន ៩​ម៉ែត្រ​)​។

លោក កែវ វ័យ បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​វេលា​ម៉ោង​០៩​ព្រឹក​នេះ ស្ថានភាព​ទឹក​តាម​ដងស្ទឹង​ពោធិ៍សាត់ នៅ​ស្រុក​ភ្នំក្រវាញ ទឹកស្ទឹង​ចាប់ផ្តើម​ស្រក​ចុះ ០.២៦​ម៉ែត្រ បើ​ធៀប​កាលពី​ពេល​ព្រឹក​ព្រលឹម​។ ដោយឡែក​នៅ​ក្រុង​ពោធិ៍សាត់ ទឹកស្ទឹង​បន្ត​ឡើង ០.៣៤​ម៉ែត្រ បើ​ធៀប​នឹង​ព្រឹក​ព្រលឹម​។ ប្រសិនបើ​មិន​មាន​ភ្លៀង​បន្ថែម​ទៀត​ទេ​នោះ នៅ​ផ្នែក​ខាងលើ នៃ​ស្រុក​វាល​វែង និង​ស្រុក​ភ្នំ​ក្រវាញ​ទេ​នោះ ទឹកស្ទឹង​ពោធិ៍សាត់​នឹង​ស្រក​វិញ ក្នុង​កំឡុង​ពេល​០៦​ម៉ោង​ក្រោយ ដូច​រាល់​ឆ្នាំ​អ​ញ្ចឹ​ង​ដែរ​។

លោក កែវ វ័យ បញ្ជាក់​ថា បើសិន​ស្ថិត​ក្នុង​ស្ថានភាព​ណាមួយ​តម្រូវ​ឱ្យ​មានការ​ប្រកាស​អាសន្ន ក្នុង​នាម​មន្ទីរ​ជំនាញ លោក​នឹង​ធ្វើ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​ជា​មុន ។

ជាមួយ​គ្នា​នោះ លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​មាត់​ស្ទឹង ជា​ពិសេស​ក្នុង​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្ដៀង សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ទុកដាក់​កូនចៅ សត្វពាហនៈ​ឱ្យ​បាន​ត្រឹមត្រូវ ជៀសវាង​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ