ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ជាប់​ៗគ្នា​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង និង​ទឹក​ទន្លេស្រែពក​ហក់​ឡើង​នៅ​មណ្ឌលគិរី

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ឥទ្ធិពល​ព្យុះ KOMPASU បណ្ដាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ប្រមាណ​១០​ថ្ងៃ​មក​ហើយ​នៅ​ខេត្តមណ្ឌលគិរី បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង និង​ទឹក​ទន្លេស្រែពក​ហក់​ឡើង ជិត​ដល់​ចំណុច​ប្រកាស​អាសន្ន ដែល​ស្ថានភាព​នេះ

ខេត្តមណ្ឌលគិរី ៖ ឥទ្ធិពល​ព្យុះ KOMPASU បណ្ដាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ប្រមាណ​១០​ថ្ងៃ​មក​ហើយ​នៅ​ខេត្តមណ្ឌលគិរី បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង និង​ទឹក​ទន្លេស្រែពក​ហក់​ឡើង ជិត​ដល់​ចំណុច​ប្រកាស​អាសន្ន ដែល​ស្ថានភាព​នេះ អាជ្ញាធរ​កំពុង​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ និង​តាម​មាត់​អូរ​នានា​ក្នុង​ខេត្ត​។

មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១​នេះ នៅ​ខេត្តមណ្ឌល​គិរី មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដោយសារ​គ្រោះ​ធម្មជាតិ​នោះ​ទេ​។ ប៉ុន្តែ​ដោយសារ​តែ​មេឃ​បង្អុរ​ភ្លៀង​ចុះ​ជា​បន្តបន្ទាប់​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រយៈ​ជាង​មួ​យស​ប្តា​ហ៍ បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​។ ចំណែក​នៅ​ស្រុក​កោះ​ញែក ទឹក​ទន្លេស្រែពក ក៏​បាន​ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ដ្បិត​មានការ​បើកទ្វារ​ទឹក​ពី​ប្រទេស​វៀតណាម គួប​ផ្សំ​គ្រប់​ដងអូរ​ទាំងអស់​មានទឹក​ហូរ​បុក​ចូល​ទន្លេ ទើប​ធ្វើ​ឲ្យ​កម្ពស់​ទឹង​ទន្លេ​ឡើង​រាល់ថ្ងៃ​។

រដ្ឋបាល​ស្រុក​កោះ​ញែក បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​តាម​បណ្តោយ​ដង​ទន្លេស្រែពក និង​ដងអូរ​ច្បារ​ឲ្យ​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ស្ទួន​ៗ​ជាប់​គ្នា​មួយ​រយៈពេល​កន្លង​មកនេះ នៅ​តំបន់​ប៉ែក​ខាងលើ ហើយ​បាន​បន្ត​ហូរ​ចូល​មក​ក្នុង​ទន្លេស្រែពក​ផ្នែក​ខាងក្រោម និង​នៅ​តំបន់​ប៉ែក​ខាងលើ អូរ​ច្បារ បន្ត​ហូរ​ចូល​ក្នុង​អូរ​ច្បារ​ផ្នែក​ខាងក្រោម ធ្វើ​ឱ្យ​ជំនន់​ទឹកភ្លៀង​មានការ​កើនឡើង​ខ្ពស់ ។ ហេតុ​ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​តាម​បណ្តោយ​ទ​ន្ល​ស្រែ​ពក និង អូរ​ច្បារ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត​។ រីឯ​ស្រុក​ពេ​ជ្រា​ដា មាន​ភ្លៀង​ធ្លាក់​ពេល​យប់​ច្រើន បណ្ដាល​ឲ្យ​មានទឹក​ជន់​លិច ផ្លូវ​នៅ​ឃុំ​ពូ​ជ្រៃ​២​កន្លែង​ស្មើនឹង ១ ០០០​ម៉ែត្រ ផ្លូវ​ក្នុង​ឃុំ​ប៊ូ​ស្រា​មួយ​កន្លែង​១០០​ម៉ែត្រ​។

សេចក្តី​រាយ​ការ​ណ៏​ពី​ស្រុក​កែវ​សីមា បានឱ្យ​ដឹង​ដែរ​ថា ជំនន់​ទឹកភ្លៀង​នៅ​ថ្ងៃ​ទី​១៧ ខែតុលា​នេះ ទឹកបាន​ឡើង​លិច​នៅ​លើ​ដងផ្លូវ នៅ​ចំណុច​ភូមិ​ពូ​ហ៊ូ​ង ប្រវែង​ជិត​១០០​ម៉ែត្រ មាន​ជម្រៅ​ជិត​១​ម៉ែត្រ ទឹក​នៅ​បន្ត​ឡើង ព្រោះ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​។

លោក ស៊ន សា​រុន អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ទោះបី​នៅ​ខេត្តមណ្ឌលគិរី មិន​ទាន់​មាន​បញ្ហា​ទឹកជំនន់​វាយប្រហារ​ភូមិឋាន​របស់​អ្នកស្រុក​មែន ប៉ុន្តែ​រដ្ឋបាល​ខេត្ត​បាន​ចាត់វិធានការ​ត្រៀម​បង្ការ ស្បៀងអាហារ និង​សម្ភារៈ​សម្រាប់​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ទៅ​នឹង​ការ​ជន់​លិច​ប៉ះពាល់​ដល់​សុវត្ថិភាព​ពួក​គាត់ និង​បាន​ត្រៀម​រៀបចំ​ទុក​សម្រាប់​ជួយ​សង្គ្រោះ​នៅ​តំបន់​ហានិភ័យ​។

លោក ស៊ន សា​រុន បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ក៏​បាន​ត្រៀម​រៀបចំ​ទីទួល​សុវត្ថិភាព ដើម្បី​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ដ្ឋា​ន តាម​មាត់ទន្លេ ឬ​ដងអូរ​នានា ក្នុង​ករណី​មានការ​ជន់​លិច​ធ្ងន់ធ្ងរ ដើម្បី​ត្រៀម​ជម្លៀស​ពួក​គាត់​ទៅ​កាន់​ទីទួល​សុវត្ថិភាព បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ