រាជធានីភ្នំពេញ៖ នេះជាឆ្នាំទី ៤ ហើយនៃការប្រព្រឹត្តិទៅកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ ដែលទទួលបានជោគជ័យជាច្រើនឆ្នាំជាប់ៗគ្នា។ ក្នុងឆ្នាំទី ៤នេះ មហោស្រពអក្សរសិល្ប៍ខ្មែរ នឹងប្រារព្ធជាផ្លូវការចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ខាងមុខ តាមរយៈ អនឡាញ ។
កម្មវិធីមហោស្រពនេះ មានគោលបំណងធំៗបីគឺ ៖ ១) បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ ២) លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធខ្មែរ និង ៣) បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ ។
សូ ភីណា ជាស្ថាបនិកកមហោស្រពអក្សរសិល្ប៍ខ្មែរបានមានប្រសាសន៍ថា៖ «កាន់តែពិសេស សម្រាប់ឆ្នាំនេះ គឺមហោស្រពបានកំណត់ប្រធានបទធំគឺ «សិល្បៈនៃការបកប្រែអក្សរសិល្ប៍» ដែលនឹងមានការបង្ហាត់បង្ហាញ និងការចែករំលែកបទពិសោធន៍ពីអ្នកនិពន្ធ និងអ្នកប្រែអក្សរសិល្ប៍នានា ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការបកប្រែអក្សរសិល្ប៍នៅប្រទេសយើង និងជំរុញឱ្យមានភាពសំបូរបែបក្នុងវិស័យអក្សរសិល្ប៍ជាតិយើងផងដែរ» ។
មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៤ នេះ មានរយៈពេល២ថ្ងៃ និងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ នឹងនាំយកនូវកម្មវិធីពិសេសៗ ជាច្រើនដូចជា វេទិកាពិភាក្សាអំពីអក្សរសិល្ប៍ សិក្ខាសាលា កម្មវិធីកំណាព្យ តាំងពិព័រណ៍ វីដេអូឯកសារ កម្មវិធីប្រកាសជ័យលាភីបកប្រែអក្សរសិល្ប៍ និងការសម្ដែងទស្សនីយភាព ដែលមានរបាំ ចម្រៀង និងចាប៉ីផងដែរ ។
គួរបញ្ជាក់ផងដែរថា មហោស្រពអក្សរសិល្ប៍បានទទួលការគាំទ្រ ពីសហគមន៍អ្នកនិពន្ធ សមាគមអក្សរសិល្ប៍នានា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសប្បុរសជនជាច្រើននាក់ទៀត ៕
ចែករំលែកព័តមាននេះ