ខេត្តបាត់ដំបង ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ដែលមានការចូលរួមពីមន្ត្រីនគរបាលចរាចរណ៍ផង បានចុះអប់រំណែនាំពន្យល់អំពីស្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញានៅលើដងផ្លូវនានា កាលពីព្រឹកថ្ងៃទី១៦ តុលា ដល់អ្នកដំណើរឲ្យបានស្គាល់ និងត្រូវគោរពច្បាប់ ។ មន្ត្រីដែលចុះបំពេញការងារនេះបាននិយាយថា លោកព្រូញ រិទ្ធថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានដឹកនាំកម្លាំងចុះអនុវត្តផ្ទាល់នូវកិច្ចការនេះ។
មន្ត្រីបានប្រាប់ថា កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងជាពិសេសត្រង់ចំណុចផ្លូវប្រសព្វសំខាន់ៗ នៅលើកំណាត់ផ្លូវហៃវេ (ផ្លូវជាតិលេខ៥) ដែលមានស្លាកសញ្ញា និងគំនូសសញ្ញាចរាចណ៍ច្រើនស្អេកស្កះ ដើម្បីអប់រំណែនាំដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដងផ្លូវ ឬ ឆ្លងការផ្លូវជាតិនេះ ឲ្យពួកគាត់ស្គាល់ស្លាកសញ្ញាទាំងនោះ និងត្រូវគោរពច្បាប់ ពេលធ្វើដំណើរ ។ ពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការចុះអប់រំណែនាំអំពីច្បាប់ចរាចរណ៏ដល់អ្នកដំណើរ លើកំណាតផ្លូវហៃវេខាងលើនេះ ត្រូវគេកត់សម្គាល់ថា គឺ ក្រោយពីឃើញមានអ្នកដំណើរដែលធ្វើចរាចរណ៏លើដងផ្លូវដ៏ធំល្វឹងល្វើយនេះ ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរជាច្រើនករណី ចាប់តាំងពីថ្ងៃដែលជាអាជ្ញាធរខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បើកឲ្យអ្នកដំណើរប្រើប្រាស់ផ្លូវជាតិលេខ៥ (ផ្លូវហៃវេ) នេះជាបណ្ដោះអាសន្នរវាងខេត្តទាំងពីរ កាលពីជាងកន្លះខែមុននេះ។
មន្ត្រីចរាចរណ៍បាននិយាយថា បើតាមពិនិត្យជាក់ស្ដែងនៅលើទីតាំងកើតហេតុ ពេលមានគ្រោះថ្នាក់ចរាចរណ៍ម្ដងៗ ភាគច្រើន គ្រោះថ្នាក់បានកើតឡើងនៅត្រង់ចំណុចផ្ឡុវប្រសព្វ (ផ្លូវបែកជាបួន) ដែលមានស្លាកសញ្ញាចរាចរណ៏ច្រើនស្អេកស្កះ ជាមួយនឹងគំនូសសញ្ញានៅលើផ្លូវគ្រប់សព្វទាំងអស់។ ប៉ុន្តែអ្នកដំណើរហាក់មិនយកចិត្តទុកដាក់មើលស្លាកសញ្ញា មិនគោរពច្បាប់ មិនគោរពស្លាកសញ្ញា និងមិនពិនិត្យមើលគំនូសផ្លូវទាំងនោះទេ ។ នេះជាមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ស្ទើររាល់ថ្ងៃ ។
ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោក ព្រូញ រិទ្ធថា ដែលដឹកនាំកិច្ចប្រតិបត្តិការនេះ បានថ្លែងនៅក្នុងបណ្ដាញសង្គមរបស់លោកថា កិច្ចប្រតិបត្តិការខាងលើនេះ គឺលោកបានដឹកនាំមន្ត្រីជំនាញ ដែលមានការចូលរួមពីមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីពាក់ព័ន្ឌដទៃៗទៀតផង បានចុះដល់ទីតាំងសំខាន់ៗនានា លើកំណាត់ផ្ឡុវហៃវេ ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ចរា
ចរណ៍ផ្លូវគោក ចែកខិតប័ណ្ណ និងណែនាំអំពីច្បាប់ចរាចរណ៏ដល់អ្នកដំណើរ ។
ជាមួយគ្នានេះ លោកនិងមន្ត្រីជំនាញ ក៏បានធ្វើការពន្យល់ដល់អ្នកធ្វើដំណើរទូទៅ ឲ្យពួកគេត្រូវចេះរៀនមើលស្លាកសញ្ញាចរាចរណ៏ឲ្យបានត្រឹមត្រូវ ដែលបំពាក់នៅលើដងផ្លូវមុននឹងបើកបរយានយន្តឆ្លងកាត់ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ៕
ចែករំលែកព័តមាននេះ