ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានភ្នាក់ងារជាង ៤០០០នាក់ មកពីគណបក្ស ៣ ចូលរួមសង្កេតការណ៍ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ គ​.​ជ​.​ប បានប្រកាស​នៅ​ថ្ងៃទី​១៥ ខែតុលា​នេះ​ថា ភ្នាក់ងារ​គណបក្សនយោបាយ ចំនួន ៤២៨៩​នាក់ បានស្នើ​សុំ ចូលរួម​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត…

ភ្នំពេញ​៖ គ​.​ជ​.​ប បានប្រកាស​នៅ​ថ្ងៃទី​១៥ ខែតុលា​នេះ​ថា ភ្នាក់ងារ​គណបក្សនយោបាយ ចំនួន ៤២៨៩​នាក់ បានស្នើ​សុំ ចូលរួម​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១​។ ចំនួន​ភ្នាក់ងារ​គណបក្សនយោបាយ​នេះ ត្រូវ​បានគ​.​ជ​.​ប ប្រកាស​យោងតាម​របាយការណ៍​ពី​ក្រុមប្រឹក្សាឃុំ​សង្កាត់ គិត​ត្រឹម​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១​។​

​តាម​សេចក្តីប្រកាស ភ្នាក់ងារ​គណបក្សនយោបាយ ដែល​ត្រូវ​បានគ​.​ជ​.​ប អនុញ្ញាត​ឲ្យ​ចូលរួម​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ទាំង ៤២៨៩​នាក់ គឺ​មក ៣​គណបក្ស រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ភ្នាក់ងារ​ច្រើនជាងគេ ចំនួន ៤១៦៧​នាក់ នៅ ២៥​រាជធានី​ខេត្ត និង​នៅ ១៥៧៧​ឃុំ​សង្កាត់​។ រីឯ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដាក់​ភ្នាក់ងារ ចំនួន ១០៨​នាក់ នៅ ១៣​រាជធានី​ខេត្ត ក្នុង ៧៨​ឃុំ​សង្កាត់​។ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដាក់​ភ្នាក់ងារ ១៤​នាក់ នៅ ៣​រាជធានី​ខេត្ត ក្នុង ៧​ឃុំ​សង្កាត់​។​

​គ​.​ជ​.​ប បានប្រកាសថា ការចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ ប្រព្រឹត្តិ​ទៅ ចាប់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២២ ។​

​គ​.​ជ​.​ប ក៏បាន​បញ្ជាក់ថា ភ្នាក់ងារ​គណបក្សនយោបាយ ដែល​ចូលរួម​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ត្រូវគោរព​ច្បាប់ បទបញ្ជា ដែល​ពាក់ព័ន្ធ​ជា​ធរមាន និង​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ សម្រាប់​គណបក្សនយោបាយ បេក្ខជន និង​ភ្នាក់ងារ​គណបក្សនយោបាយ ក្នុង​ដំណើរការ​បោះឆ្នោត​។​

​ដោយឡែក ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ ក្នុង​រយៈពេល​នេះ គ​.​ជ​.​ប ប្រកាស​អញ្ជើញ​ប្រជាពលរដ្ឋ​ទាំងអស់ ទៅពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ដើម្បី​ស្នើសុំ​កែ​ទិន្នន័យ ប្រសិនបើ​មាន​ចំណុច​ខុសឆ្គង​។ ចំណែក​អ្នក​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ ( កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៤ ) និង​ប្រជាពលរដ្ឋ ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​សូមបញ្ជាក់ថា ដំណើរការ​ពិនិត្យ​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ធ្វើឡើង​នៅតាម​សាលាឃុំ​សង្កាត់ ទូទាំងប្រទេស​។ ពោលគឺ​អ្នក​រស់នៅក្នុង​ឃុំ​សង្កាត់​ណា ត្រូវ​ទៅពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅក្នុង​ឃុំ​សង្កាត់​នោះ​។ បើ​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​ឆ្នោត ឆ្នាំ​២០២១ នេះ​ទេ នោះ​នៅ​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់ នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ គឺ​មិនអាច​បោះឆ្នោត​បានឡើយ​។​

​ក្នុង​រយៈពេល ៣​ថ្ងៃ​ដំបូង គិតពី​ថ្ងៃទី​១២​តុលា ដល់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ គ​.​ជ​.​ប ប្រកាសថា មាន​ប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី សរុប ៣៤ ៩៤៤​នាក់​។ អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ចំនួន ២០ ២០៤​នាក់​។ អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ ចំនួន ៨ ០០១​នាក់ និង​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ​សង្កាត់​ថ្មី ចំនួន ១០ ១៥៧​នាក់​។​

​តាម​ការប៉ាន់ស្មាន​រប​ស់គ​.​ជ​.​ប អ្នក​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី នៅ​ឆ្នាំ​២០២១ នេះ មាន​ចំនួន ១ ៦៣៥ ៩៩០​នាក់​។ រីឯ​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ៨៣ ០៤៣​នាក់​។

​គ​.​ជ​.​ប ក៏បាន​ប្រកាសថា ពលរដ្ឋ​ខ្មែរ ដែលមាន​អាយុ ១៨​ឆ្នាំ​ឡើង និង​ជា​អ្នកមាន​សិទ្ធិ​បោះឆ្នោត នៅ​ទូទាំងប្រទេស មាន​ចំនួន ១០ ៤៦៧ ៩៦១​នាក់​។ រីឯ​ចំនួន​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ មាន​ចំនួន ៨ ៨៣១ ៩៧១​នាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ