បាត់បង់ជីវិតដោយកូវីដ១៩ នៅកម្ពុជាកើនឡើងជាង ៨០ភាគរយក្នុង២សប្តាហ៍ ដើមខែតុលា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្ពុជាបានកត់ត្រាអ្នកស្លា.ប់ដោយជំងឺកូវីដ-១៩ មានចំនួនសរុប ២៧៤ នាក់ ក្នុងរយៈពេល ២ សប្តាហ៍ ដើមខែតុលា…
រាជធានីភ្នំពេញ ៖ កម្ពុជាបានកត់ត្រាអ្នកស្លា.ប់ដោយជំងឺកូវីដ-១៩ មានចំនួនសរុប ២៧៤ នាក់ ក្នុងរយៈពេល ២ សប្តាហ៍ ដើមខែតុលា…
រាជធានីភ្នំពេញ ៖ កម្ពុជាបានកត់ត្រាអ្នកស្លា.ប់ដោយជំងឺកូវីដ-១៩ មានចំនួនសរុប ២៧៤ នាក់ ក្នុងរយៈពេល ២ សប្តាហ៍ ដើមខែតុលា ឆ្នាំ ២០២១ ដែលមានការកើនឡើង ៨១,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃខែ កញ្ញា ។ ក្នុងនោះភាគច្រើននៃអ្នកទទួលមរណភាព ជាពលរដ្ឋនិងមនុស្សចាស់ ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ៨ ខែតុលា ធ្លាប់មានប្រសាសន៍បញ្ជាក់ថា អ្នកស្លាប់ដោយកូវីដ-១៩ ភាគច្រើន ថ្មីៗនេះរកឃើញថា ជាក្រុមមនុស្សមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។
ជាក់ស្តែងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តអន្តរជាតិភ្នំពេញពេលទៅទទួលវ៉ាក់សាំងចិន កាលពីថ្ងៃទី ១៤ ខែតុលាម្សិលមិញនេះ ថា អត្រានៃការស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា ជារៀងរាល់ថ្ងៃនេះ មានភាគច្រើន គឺស្ថិតនៅលើប្រជាពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ ក្នុងនោះលោកស្រី បានបញ្ជាក់ច្បាស់ៗថា «ដូចជាម្សិលមិញ [ថ្ងៃទី១៣ ខែ តុលា] មាន១៥ករណីស្លា.ប់ដោយសារជំងឺកូវីដ-១៩ រកឃើញក្នុងនោះ មាន១៤ករណី គឺគាត់អត់បានទទួលការចាក់វ៉ាក់សាំងទេ»។
ខណៈចំនួនអ្នកជំងឺទទួលមរណភាពដោយកូវីដ-១៩ មានការកើនឡើងខ្លាំង តែអត្រានៃការឆ្លងប្រចាំថ្ងៃ និងករណីនាំចូលពីក្រៅប្រទេស ក៏មានការធ្លាក់ចុះយ៉ាងសន្ធឹកផងដែរ ។ ជាក់ស្តែងកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ក្នុងរយៈពេល ២ សប្តាហ៍ដើមខែតុលានេះមានចំនួនត្រឹមតែ ៣២៧៥ នាក់ (លទ្ធផលតេស្តដោយម៉ាស៊ីន PCR) ថយចុះជាង ៥៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃខែមុន ដែលមានចំនួនឆ្លងសរុបដល់ទៅ ៧៩៦២ នាក់ (បូកបញ្ចូលនឹងលទ្ធផលតេស្តដោយឧបករណ៍តេស្តរហ័ស/Rapid Test) ។
ចំណែកករណីរកឃើញជំងឺកូវីដ-១៩ ដែលជាករណីនាំចូលពីក្រៅប្រទេស ក្នុងរយៈពេល ២ សប្តាហ៍ដើមខែតុលា មានចំនួនត្រឹមតែ ២៧៥ ករណី (ក្នុងចំណោមករណីឆ្លងកូវីដ-១៩ សរុប ៣២៥៧នាក់) ថយចុះជិត ៨៧ភាគរយ ធៀបរយៈពេលដូចគ្នានៃខែមុន ។ ទន្ទឹមនឹងនោះ ក្នុងរយៈពេល ១៤ ថ្ងៃដើមខែតុលានេះ ក្រុមគ្រូពេទ្យក៏បានព្យាបាលអ្នកជំងឺបានជាសះស្បើយសរុប ៦៧៧១ នាក់ មានអត្រាកើនឡើង ៨,៣ ភាគរយ ធៀបរយៈពេលដូចគ្នានៃខែកញ្ញា ។
បើទោះបីជាអត្រានៃការឆ្លងកូវីដ-១៩ ប្រចាំថ្ងៃបានធ្លាក់ចុះយ៉ាងគំហុកចាប់ពីចុងខែកញ្ញា រហូតមកដល់ថ្ងៃទី ១៤ ខែតុលា ក្នុងអត្រាជាធម្យមចំនួន ២៣២នាក់ក្នុងមួយថ្ងៃក្តី ក៏ដូចជាយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនិងក្រុមកុមារគោលដៅសឹងបាន ១០០ ភាគរយ ក៏ដូចជាការសម្រុកចាក់ដូសជម្រុញក្តី ថ្នាក់ដឹកនាំប្រទេសក៏ដូចជាក្រសួងសុខាភិបាលនៅតែទទូចសុំឱ្យពលរដ្ឋ និងបុគ្គលគ្រប់រូបត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ និង២ជ ជាដាច់ខាតក្នុងបរិបទកូវីដ-១៩។
ព្រមជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មានដូចជា រោងកុន ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងអាជីវកម្មកម្សាន្តគ្រប់ប្រភេទ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបង្អស់កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ លើបុរសជនជាតិ នៅខេត្តព្រះសីហនុ ។ គិតមកដល់បច្ចុប្បន្ននេះ អ្នកឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសមានចំនួន ១១៦ ១៤០ នាក់ អ្នកជំងឺទទួលបានការព្យាបាលជាសះស្បើយចំនួន១១០ ១៥៤នាក់ និងអ្នកស្លាប់ដោយកូវីដ-១៩ ចំនួន ២៦១០ នាក់៕
ចែករំលែកព័តមាននេះ