ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ ធ្វើឱ្យលោក ប៊ុនថន បិទហាងបាយមកលក់មឹកអំាងតាមចិញ្ចើមផ្លូវ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បីជីវភាពនៅក្នុងពេលកូវីដ ១៩ រាតត្បាត ការរកទទួលទានជាច្រើនបានបត់បែបតាមកាលៈទេសៈ និងស្ថានការណ៍ ដូចជាករណីលោក គ្រី ប៊ុនថន…

រាជធានីភ្នំពេញ ៖ ដើម្បីជីវភាពនៅក្នុងពេលកូវីដ ១៩ រាតត្បាត ការរកទទួលទានជាច្រើនបានបត់បែបតាមកាលៈទេសៈ និងស្ថានការណ៍ ដូចជាករណីលោក គ្រី ប៊ុនថន ដែលមុនពេលផ្ទុះជំងឺកូវីដ ១៩ លោកមានមុខរបរបើកហាងលក់បាយ និងគោដុត ប៉ុន្តែដោយសារជំងឺឆ្លងតាមផ្លូវដង្ហើមនេះ ភ្ញៀវមិនអាចចូលអង្គុយទទូលទានក្នុងហាងបាន លោកបានបិទមុខរបរចាស់ ងាកមកលក់មឹកអំាងតាមចិញ្ចឹមផ្លូវវិញ ។

 «ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ យើងត្រូវបត់បែនបើមិនដូច្នេះដាច់ពោះ ។ ពេលផ្ទុះកូវីដ ១៩ ការលក់បាយក្នុងហាងមិនដាច់ទេ ពលរដ្ឋបានខ្លាចពីការឆ្លងហើយអាជ្ញាធរមានហាមឃាត់ការចូលទទួលទានក្នុងហាងផង ដូច្នេះខ្ញុំសម្រេចចិត្តបិទមុខរបរចាស់មួយរយៈ ហើយមកលក់មឹងអំាងតាមផ្លូវ ដែលមិនប្រឈមខ្លំាងនឹងកូវីដ ១៩ ។ ការលក់ដូរបែបថ្មីនេះ ហត់បន្តិចតែអាចរកចំណូលចិញ្ចឹមជីវិតបាននៅគ្រាលំបាកនេះ» លោក ប៊ុនថន បញ្ជាក់ ។ 

លោក គ្រី ប៊ុនថន មានអាយុ ៣៨ ឆ្នាំ មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម ។ បុរសមានកូនពីរនាក់រូបនេះ បច្ចុប្បន្ននៅក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ លោកលក់មឹកអាំង ចំណែកឯប្រពន្ធរបស់គាត់លក់អីវ៉ាន់នៅផ្ទះ គឺចែកមុខរបរគ្នារកស៊ីដើម្បីទប់គ្នានៅក្នុងការផ្គត់ផ្គង់គ្រួសារក៍ដូចជាសម្រាប់ការសិក្សារបស់កូនៗ ។ 

លោក ប៊ុនថន បានរៀបរាប់ប្រាប់ឲ្យដឹងទៀតថា លោកបានចាកចេញពីស្រុកកំណើតមករស់នៅភ្នំពេញរយៈពេល ២០ ឆ្នាំមកហើយ តាំងពីខ្លួននៅខ្លួនមួយម្លេះ ។ ជីវិតនៅភ្នំពេញ លោកធ្លាប់បម្រើការងារជាចុងភៅនៅក្នុងភោជនីយដ្ឋាន ដែលទុនសំខាន់នៅក្នុងការដែលអាចរកស៊ីដោយខ្លួនឯង នៅក្នុងការបើកហាងបាយ និងមឹកអំាងនាពេលនេះ ។

«ចំណេះជំនាញខាងអាហារ ខ្ញុំយល់ថា មានឱកាសរកទទួលទានមិនលំបាកទេ ពីព្រោះអាហារពលរដ្ឋទទួលទានរាលថ្ងៃ ។ បើគ្មានកូវីដ ១៩ នោះ ហាងបាយខ្ញុំ និងការលក់គោដុតរបស់ខ្ញុំមិនរអាក់រអួលឡើយ ។ ខ្ញុំសង្ឃឹមថា នីពេលកូវីដ ១៩ ធូរស្រាលការរកស៊ី និងប្រសើរឡើង» ។ 

 ជារៀងរាល់ថ្ងៃលោក ប៊ុនថន ត្រូវជិះម៉ូតូអូសរទេះដឹកមឹកចេញពីផ្ទះនៅវេលាម៉ោង ២ រសៀល រហូតដល់វេលាយប់នៅលក់ដាច់អស់ទើបត្រឡប់ទៅផ្ទះវិញ ។ លោកបានឲ្យដឹងថា ការលក់ដូរនេះ មិនទៀងទាត់ឡើយ មានថ្ងៃខ្លះក៏លក់ដាច់អស់ក្នុងចំនួន ១០ គីឡូក្រាម និងថ្ងៃខ្លះទៀតលក់ដាច់អស់ ២០ គីឡូក្រាម ។ បើលក់ដាច់អស់នោះ ក្នុង ១ ថ្ងៃលោកអាចរកប្រាក់ចំណេញបានចាប់ពី ១០ ទៅ ១៥ ម៉ឺនរៀលដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ