ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឲ្យ​លុយ​​រត់ការ​ដេញថ្លៃ​គំរោង​ជួសជុល​ផ្លូវ តែបានត្រឹម​​​​ចាប់​នាង លុយ​ក៏​អស់ ផ្លូវ​បាន​គេ

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កា​រិ​ល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ពី​បទ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កា​រិ​ល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ពី​បទ «​រំ​លោ​.​ភលើ​ទំនុកចិត្ត​» និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពោល​គឺ​ប្រើប្រាស់​សែក​ស្អុយ​ដាក់​តម្កល់​នៅ​ធនាគារ ។

ស្ត្រី​រូប​នោះ​មានឈ្មោះ ឈាង នាង​ល័ក្ត អាយុ​៣៩​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅភូមិ​-​សង្កាត់​ព្រែក​អំពិល ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ដឹង​ថា ស្ត្រី​ឈ្មោះ ឈាង នាង​ល័ក្ត ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​លើ​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​ក្នុង​ការ​ទទួលយក​ប្រាក់​ពី​ក្រុមហ៊ុន​មួយ​ប្រមាណ​ជាង ៣០ ០០០ ដុល្លារ​អា​មេ​រិ​ក ដោយ​សន្យា​យក​ទៅ​រត់ការ​ដេញថ្លៃ​គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ ៦A ដែល​មិន​បាន​សម្រេច ថែម​ទាំង​ស៊ីដាច់​ប្រាក់​នោះ ហើយ​គេចវេស​មិន​ព្រម​ដោះស្រាយ​ជាមួយ​ដើមបណ្តឹង​ទៀត​ផង ។

ក្រោយ​សាកសួរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង តំណាង​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ​ទៅ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​វិញ ដោយ​មិន​ទាន់​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​យ៉ាងណា​នោះ​នៅឡើយ​ទេ តែ​តម្រូវ​ឲ្យ​នាំ​ខ្លួន​ទៅ​សាកសួរ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា នេះ​ទៀត ។

តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា បើ​ទោះបីជា​ការ​សាកសួរ​នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​យ៉ាងណា​ក្តី ប៉ុន្តែ​ជនសង្ស័យ​ទំនង​ជា​គ្មាន​លទ្ធភាព​រក​ប្រាក់ ដើម្បី​ដោះ​បន្ទុក​លើ​បណ្តឹងរដ្ឋប្បវេណី​នោះ​ទេ នាង​អាច​នឹង​ផ្ញើខ្លួន​ក្នុង​ពន្ធនាគារ​ចោល​ប្តី​មួយ​រយៈ ពាក់ព័ន្ធ​ប្រើប្រាស់​សែក​ស្អុយ​ចំនួន ៣៥ ០០០ ដុល្លារ​អា​មេ​រិ​ក (​សង​ខ្លះ​វិញ​ហើយ​នៅ​សល់​២៤ ០០០​ដុល្លារ​) ដែល​ទទួលយក​ទៅ​រត់ការ​ដេញថ្លៃ​គម្រោង​ជួសជុល​ផ្លូវ​ជាមួយ​ក្រុមហ៊ុន​មួយ​នោះ មិន​បាន​សម្រេច ។ ចំណែក​ដើមបណ្តឹង​វិញ មិន​ខុស​ពាក្យ​ថា «​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច់​» ឲ្យ​លុយ​យក​ទៅ​រត់ការ​ដេញថ្លៃ​គម្រោង​ជួសជុល​ផ្លូវ តែ​លទ្ធផល​បាន​ត្រឹម​ចាប់​នាង​បញ្ជូន​ទៅ​តុលាការ ឬ​ឲ្យ​ដាក់​ពន្ធនាគារ លុយ​ក៏​អស់ គម្រោង​ជួសជុល​ផ្លូវ​ក៏​បាន​ទៅ​គេ ។

ករណី​ដាច់​ដោយឡែក​មួយទៀត ប៉ុន្តែ​ពេលវេលា និង​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បាន​ចាប់​បញ្ជូន​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​បញ្ជូន​ទៅ​សាលាដំបូង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា នេះ​ដែរ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខ្ចីប្រាក់​មិត្តភក្តិ​ចំនួន​១៣ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​ពង្រីក​មុខរបរ​រកស៊ី តែ​បែរជា​ប្រើប្រាស់​មូលប្បទានប័ត្រ (​សែក​ស្អុយ​) ដាក់​តម្កល់​នៅ​ធនាគារ ដែល​កំពុង​ជាប់​សង្ស័យ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ។

ជនសង្ស័យ​រូប​នេះ ឈ្មោះ KIM MOO JIN ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​ជន​ជា​កូរ៉េ និង​ជា​ពាណិជ្ជករ​នៅ​ក្នុងស្រុក​ខ្មែរ មាន​ទីលំនៅ​បុរី វ៉ា​រី​ណា ស្ថិត​នៅ​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

អង្គហេតុ ដែល​បណ្តាល​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនជាតិ​កូរ៉េ​រូប​នេះ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ កឺ​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២១ ឈ្មោះ KIM MOO JIN បាន​ទៅ​សុំ​ខ្ចីប្រាក់​ពី​ឈ្មោះ JUNG HEUIN TAE ជា​ជនជាតិ​កូរ៉េ​ដូច​គ្នា ចំនួន​១៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​ពង្រឹង​មុខរបរ​រកស៊ី ។ លុះដល់​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូ​វី​ដ​កូ​វី​ដ​១៩ កំពុង​រាត​ត្បាត ជនសង្ស័យ​បាន​ធ្វើ​កិច្ចសន្យា​សង​ប្រាក់​ទៅ​ដើមបណ្តឹង​តាម​ដំណាក់កាល​វិញ ។

អង្គហេតុ​ខាងលើ​បន្ត​ថា ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​ឈ្មោះ KIM MOO JIN មិន​មាន​ប្រាក់​សង​ទៅ​ដើមបណ្តឹង​ទេ ហើយ​ម្ចាស់​ប្រាក់​ក៏​បាន​ដាស់តឿន​ជា​ច្រើន​ដង​ដែរ តែ​បែរជា​ជនសង្ស័យ​ប្រើ​មូលប្បទានប័ត្រ (​សែក​ស្អុយ​) ចំនួន​២​សន្លឹក ចុះ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ ដោយ​មាន​ទឹកប្រាក់​ចំនួន​៤៥ ០០០ ដុល្លារ​អា​មេ​រិ​ក និង​សែក​មួយ​សន្លឹក​ទៀត​ចុះ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ មាន​ទឹកប្រាក់​ចំនួន​៩ ម៉ឺន ដុល្លារ​អា​មេ​រិ​ក ។

អង្គ​ហេតុនេះ​បញ្ជាក់​ទៀត​ថា លុះដល់​ថ្ងៃ​កំណត់ ម្ចាស់បំណុល​បាន​យក​សែក​ទាំង​២​នោះ​ទៅ​បើក​នៅ​ធនាគារ ស្រាប់តែ​ខាង​ធនាគារ ABA បញ្ជាក់​មក​វិញ​ថា ជា​សែក​គ្មាន​សាច់ប្រាក់ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ KIM MOO JIN ក៏​បាន​គេចវេស​មិន​ជួប​ដោះស្រាយ​ជា​មួយ​ឈ្មោះ JUNG HEUIN TAE ជាដើម​បណ្តឹង ទើបត្រូវ​គេ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ ។

សំណុំរឿង​ជនសង្ស័យ​ជា​ជនជាតិ​កូរ៉េ​រូប​នេះ ក៏​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបសួរ​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ដោយ​មិន​ទាន់​ចោទប្រកាន់​ជា​ផ្លូវការ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ