ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ១៥តុលា ខួបគម្រប់ ៩ឆ្នាំនៃការយាងចូល​ព្រះទិវង្គត ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ៖ ថ្ងៃ១៥តុលា ឆ្នាំ២០១២-ថ្ងៃ១៥តុលា ឆ្នាំ២០២១​ ជាខួបគម្រប់ ៩ឆ្នាំ នៃការ​យាងចូលព្រះទិវង្គត ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម…

រាជធានី​ភ្នំពេញ៖ ថ្ងៃ១៥តុលា ឆ្នាំ២០១២-ថ្ងៃ១៥តុលា ឆ្នាំ២០២១​ ជាខួបគម្រប់ ៩ឆ្នាំ នៃការ​យាងចូលព្រះទិវង្គត ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ។ ថ្ងៃ១៥តុលា រៀងរាល់ឆ្នាំ ត្រូវ​បានរាជរដ្ឋាភិបាល កំណត់ជាបុណ្យជាតិ ដែលត្រូវឈប់សម្រាក និងជាថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ដោយធ្វើទ្រង់ទ្រាយធំ ថ្នាក់ជាតិ​ នៅ​ព្រះបរមរូប តម្កល់​នៅសួនច្បារវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ។

.ព្រះរាជជីវប្រវត្តិសង្ខេប ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»

ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ខ្មែរ ប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។

ចាប់ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សា FRA​NCOIS BAUDOIN និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គ ត្រូវបានជ្រើសតំាង និងថ្វាយព្រះរាជឋានៈព្រះអង្គ ជាព្រះមហាក្សត្រកម្ពុជា។ ព្រះអង្គឡើងគ្រងរាជសម្បត្តិ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។

នៅឆ្នាំ១៩៤៦ និងឆ្នាំ១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់នៅសាលាអនុវត្តន៍ទ័ពសេះ និងកងទ័ពរថពាសដែក នៅសូមៀរ (SAUMBUR) ប្រទេសបារំាង។

ឆ្នាំ១៩៤៧ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ​មានមហាជោគជ័យ ក្នុង​ការទាមទារឱ្យរាជាណាចក្រថៃឡង់ដ៍ សងមករាជាណាចក្រកម្ពុជាវិញ ជាដាច់ខាតនូវខេត្ត​ខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍ បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹងត្រែង។

ឆ្នាំ១៩៤៩ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានទាមទារឱ្យបារំាង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខា នៅឆ្នំា១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ ដដែល ព្រះអង្គបានឡាយព្រះហត្ថខាលើសន្ធិសញ្ញា​ឯករាជ្យ ដែលប្រទេ​សបារាំង ព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ ១៩៤៩ នេះ លុបចោលនូវសន្ធិញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។

ពីឆ្នាំ១៩៥២ ដល់​ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ​បានយាងបំពេញ ព្រះរាជបូជនីយកិច្ច​ទាមទារកេតនភណ្ឌឯករាជ្យ ១០០ភាគរយ ជូនមាតុភូមិ។


នៅថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជា​ណាចក្រកម្ពុជា បានទទួលឯករាជ្យទំាំងស្រុងពីសាធារណរដ្ឋបារំាំង។ ប្រជារាស្រ្តកម្ពុជាទូទំាំង​ប្រទេស សូមថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ-ព្រះបិតាឯករាជ្យជាតិ»។

ឆ្នាំ១៩៥៤ ព្រះអង្គ បានបញ្ជូនរាជគណៈប្រតិភូ ជាតំណាងរបស់ព្រះអង្គ ទៅចូលរួមនៅ​ក្នុងសន្និសីទអន្តរជាតិ ស្តីពី បញ្ហាឥណ្ឌូចិន នៅទីក្រុងហ្សឺណែវ (GENEVE) ដែលមានប្រទេស​កម្ពុជា ចូលរួមក្នុងឋានៈជារដ្ឋឯករាជ្យ ឯកភាពជាតិ។

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ បានដាក់រាជថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សុរាម្រិត ជាព្រះរាជបិតា។ ព្រះ​ករុណា ព្រះបាទ សម្តេចព្រះនរោត្តម សុរាម្រិត ជាព្រះរាជបិតា ព្រះអង្គបានប្រទានចំពោះព្រះ​ករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នូវព្រះបរមងារជា «សម្តេចព្រះឧបយុវរាជ នៃព្រះ​រាជណាចក្រកម្ពុជា»។

ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបាន​បង្កើតចលនាសង្គមរាស្រ្តនិយម ដែលគណបក្សជាច្រើន បានចូលរួម​​ក្នុងចលនានោះ។

ពីថ្ងៃ​ទី១៨ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងចូលរួមក្នុងសន្និសីទកំពូលអាហ្រ្វិក-អាស៊ីលើកទី១ នៅទីក្រុងបាន់​ឌុង (ប្រទេសឥណ្ឌូណេស៊ី) ហើយនៅទីនោះ ព្រះអង្គបានប្រកាសពីនយោបាយអព្យាក្រឹត ក្នុង​ឯករាជ្យទាំងស្រុង និងសន្តិសហវិជ្ជមាន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសទំាង​អស់ ដោយមិនគិតពីមនោគមវិជ្ជាឡើយ។

ព្រះអង្គ បានជួបជាលើកដំបូង ជាមួយនឹងលោក ហ្សវ៉ាហារឡាល់ នេរុ (JAWAHARLAL NEHRU) នាយក​រដ្ឋមន្រ្តីឥណ្ឌា លោក ហ្គាម៉ាល់ អាប់​ដែល ណាស្ស៊ែរ (GAMAL ABDEL NASSER) ប្រធានាធិបតីសាធារណរដ្ឋអារ៉ាប់រួម លោក អាម៉េត ស៊ូការណូ (AHMED SUKARNO) ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ជូ អេនឡាយ (ZHOU EN LAI ) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។

ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ បានទទួលមហាជោគជ័យក្នុងការបោះឆ្នោតសភាជាតិ ដោយបានការទទួលគំាទ្រពីប្រជា​រាស្រ្តខ្មែរច្រើនលើសលប់។ ព្រះអង្គបានទទួលព្រះរាជឋានៈ ជានាយករដ្ឋមន្រ្តី ហើយឋានៈ ជាប្រមុខ នៃប្រជារាស្រ្តខ្មែរ ព្រះអង្គបានបំពេញព្រះរាជកិច្ចដឹកនាំ ដើម្បីអភិវឌ្ឍន៍ព្រះរាជាណា​ចក្រកម្ពុជា​ជាទូទៅ ក្នុងគ្រប់វិស័យ នៃការកសាងជាតិរបស់ព្រះអង្គ ជាពិសេសការលើស្ទួយ​នារី ឱ្យមានភាពស្មើគ្នានឹងបុរសក្នុងការងារ។

ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទ សម្តេច​ព្រះ នរោត្តម សីហនុ ប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការ​សហប្រជាជាតិ។

នៅឆ្នាំ១៩៥៦ នៅប្រីយ៉ូនី (BRIONI) នៃសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានក្លាយជាបិតាស្ថាបនិកទី៥ ចលនាមិនចូលបក្សសម្ព័ន្ធដោយបានឡាយព្រះហស្ថលេខាលើធម្មនុញ្ញនៃចលនាមិនចូល​បក្សសម្ព័ន្ធ បន្ទាប់ពីអ្នកផ្តួចផ្តើមគំនិតដ៏សំខាន់ ៤ រូបទៀតៈ លោក ហ្សូស៊ីប ប្រូស ទីតូ (JOSIP BROZ TITO ) ប្រធានាធិបតីយូហ្គោស្លាវី លោក ហ្សាវ៉ាហារឡាល់ នេរុ ((JAWAHARLAL NEHRU) នាយរដ្ឋមន្រ្តីឥណ្ឌា លោក អាម៉េត ស៊ូការណូ (AHMED SUKARNO) ប្រធានាធិបតី ឥណ្ឌូណេស៊ី និងលោក ហ្គាម៉ាល់ អាប់ដែល ណាស្ស៊ែរ (GAMAL ABDEL NASSER) ប្រធានាធិបតីសាធារណរដ្ឋអារ៉ាប់រួម។

នៅខែកុម្ភៈ ឆ្នាំ១៩៥៦ ព្រះករុណាព្រះបាទ សម្តេច​ព្រះ នរោត្តម សីហនុ ក្នុងរាជឋានៈជា​នាយករដ្ឋមន្រ្តី ព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅ​សាធារណរដ្ឋប្រជាមានិត​ចិន និងបានជួបជាមួយថ្នាក់ដឹកនាំចិនជាច្រើនរូប មាន​លោកប្រធាន ម៉ៅ សេទុង (MAO TSETUNG) ជាដើម។ ព្រះអង្គ បានឡាយព្រះហស្ថលេខា លើសេចក្តីប្រកាសរួម ស្តីពី មិត្តភាពកម្ពុជា-ចិន។

នៅឆ្នាំ១៩៦០ ព្រះករុណាព្រះ បាទសម្តេចព្រះ នរោត្តម សុរាម្រិត ទ្រង់សោយព្រះ​ទិវង្គត ពេលនោះ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានសមាជិកសភាខ្មែរ បាន​សម្រេចជាឯកច្ឆន្ទជ្រើសតាំងព្រះអង្គជាព្រះប្រមុខរដ្ឋ នៃព្រះរាជណាចក្រកម្ពុជា។ ក្នុង​ព្រះរាជឋានៈនេះ ព្រះអង្គបន្តការដឹកនាំប្រជារាស្រ្តខ្មែរ ក្នុងព្រះរាជកិច្ចកសាងជាតិមាតុភូមិយ៉ាង​សកម្មជាទីបំផុត។

ខែកញ្ញា ឆ្នំា១៩៦០ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានលើកឡើងនូវផែនការបង្កើតឡើងអាស៊ីអាគ្នេយ៍ជា​តំបន់អព្យាក្រឹត រវាងប្លុកមហាអំណាច​ទំាំងពីរ។

ខែកញ្ញា ឆ្នាំ១៩៦១ តាមព្រះរាជតម្រិះផ្តួចផ្តើមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សន្និសីទជាតិមួយ ត្រូវបានបង្កើតឡើង នៅទីក្រុងហ្សឺណែវ (GENEVE) ដើម្បី​ដោះស្រាយទំនាស់រវាងភាគីទំាំង៣ នៅប្រទេសឡាវ​។

ចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៦១ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បានបំពេញព្រះរាជបេសកកម្មនយោបាយ​ការទូត ដើម្បីទាមទារប្រាសាទព្រះវិហារ ជាសម្បត្តិ​វប្បធម៌បេតិកភណ្ឌជាតិខ្មែរ មក​ពីប្រទេសថៃ ដោយតុលាការទីក្រុងឡាអេ (LA HAYE) បាន​សម្រេចប្រគល់មក​ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

នៅខែវិច្ឆិកា ឆ្នំា១៩៦១ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបាន​យាងចូលរួមក្នុងសន្និសីទកំពូល លើកទី១ នៃចលនាមិនចូលបក្ស​សម័្ពន្ធ នៅបែលក្រាដ(BELG- RADE) នៃប្រទេសយូហ្គោស្លាវី ដែលមាន ២៩​ប្រទេសចូលរួម។ នៅទីនោះ ព្រះអង្គបានថ្កោល​ទោសចំពោះអំពើរបស់​ពួកអាណានិគមនិយមចក្រពត្តិនិយម និងការប្រកាន់ពូជសាសន៍។

នៅខែមិថុនា ឆ្នាំ១៩៦៤ លោកឧត្តមសេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានរៀបចំបដិសណ្ឋារកិច្ច ជាឧឡារិកថ្វាយ​ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ នៅទីក្រុងប៉ារីស។ លោកប្រធានាធិបតីបានទទួលដោយស្មោះសរ​នូវសំណើរបស់ភាគីកម្ពុជា ស្តីពី ការទទួលស្គាល់អាព្យាក្រឹតភាព នៃព្រះរាជាណាចក្រកម្ពុជា។

នៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ១៩៦៦ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានរៀបចំបដិសណ្ឋារកិច្ចទទួលជា​ឧឡារិក លោកឧត្តមសេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE) ប្រធានាធិបតីនៃសាធារណរដ្ឋបារំាង ដែលបានមកបំពេញទស្សន​កិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៦ នៅក្នុងសុន្ទរកថា ដែលថ្លែងនៅពហុកីឡដ្ឋានជាតិ អូឡាំពិកភ្នំពេញ លោកប្រធានាធិបតី បានគាំទ្រព្រះរាជាណាចក្រកម្ពុជា ដែលការពារឯករាជ្យ បូរណភាពទឹកដី អាព្យាក្រឹត សន្តិភាព​នៃខ្លួន។

ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៦៦ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តខ្មែរ បានថ្វាយ​ព្រះនាមព្រះអង្គ ថា​ជា​ព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ សមិទ្ធផលនានា​ជាច្រើន បានត្រូវកសាងឡើង និងប្រារព្ធព្រះរាជពិធីសម្ពោធជាបន្តបន្ទាប់ សម្រាប់ប្រជា​រាស្រ្តប្រើប្រាស់នៅតាមបណ្តាខេត្ត ក្រុងនានា ជាពិសេសមានសមិទ្ធផលធំៗ មានដូចជា៖

-វិមានឯករាជ្យ
-វិមានរដ្ឋចំការមន
-ចំណតអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង
-ចំណតអាកាសយានដ្ឋានសៀមរាប
-ចំណតអាកាសយានដ្ឋានបែកចាន​ ខេត្តបាត់ដំបង

-ផ្លូវជាតិលេខ៤ ភ្នំពេញ ក្រុងព្រះសីហនុ

-កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ

-សណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ

-សាលមហោស្រពជាតិ ព្រះសុរាម្រិត ភ្នំពេញ

-សាលសន្និសីទចតុម្មុខ
-ពហុកីឡដ្ឋានជាតិអូឡំាពិក ភ្នំពេញ

-ស្ពានព្រះមុនីវង្សទី២
-ស្ពានសង្គមរាស្រ្តនិយមឆ្លងកាត់ទន្លេសាប
-សាកលវិទ្យាល័យសង្គមរាស្រ្តនិយម ភ្នំពេញ

-សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស
-សាកលវិទ្យាល័យភូមិន្ទរដ្ឋបាល
-មហាវិទ្យាល័យនីតិសាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ច

-មហាវិទ្យាល័យគរុកោសល្យ
-ពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ
-មហាវិទ្យាល័យសិល្បៈស្ថាបនា
-មហាវិទ្យាល័យសិល្បៈនិងមុខរបរ
-ពុទ្ធិកសាលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
-សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្រ្ត
-សាកលវិទ្យាល័យភូមិន្ទកំពង់ចាម
-សាកលវិទ្យាល័យភូមិន្ទបាត់ដំបង
-សាកលវិទ្យាល័យភូមិន្ទ តាកែវ កំពត

-រោងភាពយន្តរដ្ឋ
-ស្ថានីយទូរទស្សន៍ខេមរភូមិន្ទ
-មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
-រោងចក្រចម្រាញ់ប្រេងកាត ក្រុងព្រះសីហនុ

-រោងចក្រស្រាបៀរ ក្រុងព្រះសីហនុ

-រោងចក្រ នរោត្តម ដំឡើងត្រាក់ទ័រ និងរថយន្តធំ ក្រុងព្រះសីហនុ

-រោងចក្រស្កសរ កំពង់ត្រំា ខេត្តកំពង់ស្ពឺ

-រោងចក្រវាយភ័ណ្ឌ ខេត្តបាត់ដំបង

-រោងចក្របាវក្រចៅ ដូនទាវ ខេត្តបាត់ដំបង

-រោងចក្រស៊ីម៉ង់ត៍ចក្រីទីង ខេត្តកំពត

-រោងចក្រកែវជើងឯក រាជធានីភ្នំពេញ

-រោងចក្រក្តារបន្ទះដីឥដ្ឋ ខេត្តកណ្តាល

-រោងចក្រក្រដាសឆ្លូង ខេត្តក្រចេះ

-រោងចក្រជីហ្វូសស្វាតទូកមាស ខេត្តកំពត

-រោងចក្រកង់ឡានតាខ្មៅ ខេត្តកណ្តាល

-រោងចក្រត្រីខប្រអប់ ខេត្តកោះកុង

-រោងចក្រផលិតជ័រកៅស៊ូជប់ ខេត្តកំពង់ចាម

-រោងចក្រវារីអគ្គិសនីគីរីរម្យខេត្តកំពង់ស្ពឺ និងសមិទ្ធផលនានាជាច្រើនទៀត នៅតាម​បណ្តាស្រុក ខេត្ត ក្រុង ដូចជា សាលារៀន មន្ទីរ ពេទ្យ ទំនប់ទឹក ស្រះទឹក ប្រឡាយផ្លូវ ថ្នល់ស្ពានជាដើម។ល។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងពេលដែលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ចជាផ្លូវការ នៅសហភាពសូវៀត ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ត្រូវបានទទួលរង​គ្រោះ ដោយរដ្ឋប្រហារ មិនស្របច្បាប់​មួយ នៅភ្នំពេញ គឺជារដ្ឋប្រហារ​យោធា ដែលមាន លន់ នល់ ជាមេក្លោង។ សាធារណរដ្ឋរបស់ លន់ នល់ ត្រូវបានបង្កើតឡើងនៅខែតុលាឆ្នំា១៩៧០។

ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​អង្គជាព្រះប្រធានចលនាតស៊ូកម្ពុជា “រណសិរ្សរួបរួមជាតិកម្ពុជា” (FUNC) ព្រមជាមួយនោះ ក៏​មានការបង្កើតរាជរដ្ឋាភិបាល រួបរួមជាតិកម្ពុជា (KRUNK )។

នៅខែមេសា ឆ្នាំ១៩៧០ នៅកង់តុង សាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គជាអ្នកផ្តួច​ផ្តើមនៃសន្និសីទកំពូល​របស់ប្រជាជន​ឥណ្ឌូចិន ដែលនៅក្នុងនោះ ​មានការចូលរួម​ដោយអ្នក​ដឹកនាំពីប្រទេសកម្ពុជា ពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដឹកនាំដោយលោកនាយក​រដ្ឋមន្រ្តី ផាំ វ៉ាន់​ដុង (PHAM VAN DONG ) ពីរណសិរ្សជាតិរំដោះវៀតណាមខាងត្បូង ដឹក​នាំដោយ​លោក ង្វៀង ហ៊ីវ ថ (NGUYEN HUU THO) និងពី​ ណេវ ឡាវ ហាក់សាត (NEO LAO HAKSAT) ដឹកនាំដោយព្រះអង្គម្ចាស់ប្រធាន សុផានុវង្ស (SOUPHANOUVONG)។ ភាគីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម-រណសិរ្សជាតិរំដោះវៀតណាមខាងត្បូង និងភាគី ណេវ ឡាវ ហាក់សាត(NEO LAO HAKSAT) បានប្រកាសជាឧឡារិកថា ប្រទេសរបស់ខ្លួន បានទទួលស្គាល់ និងគោរព​ជាដរាបបូរណភាពទឹកដី ក្នុងព្រំដែនបច្ចុប្បន្នរបស់កម្ពុជា។

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពប្រជាជនរំដោះជាតិនៃរណសិរ្សរួបរួមជាតិ (FU- NC) ដណ្តើមបានជ័យទំាំងស្រុង​នៅកម្ពុជា។ កម្ពុជា​ប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើង ដែល​មានព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាព្រះប្រធាន។

ប៉ុន្តែនៅខែមេសា ឆ្នាំ​១៩៧៦ ព្រះករុណាព្រះបាទ សម្តេច​ព្រះ នរោត្តម សីហនុ ព្រះអង្គបានសព្វព្រះហឫទ័យ លា​លែង​មុខតំណែងជាព្រះប្រធាន​នៃកម្ពុជាប្រជាធិបតេយ្យនេះ ហើយត្រូវបានពួកខ្មែរក្រហម ឃុំ​ឃាំងព្រះអង្គ និងសម្តេចព្រះរាជអគ្គមហេសី ព្រមទំាងធ្វើគត់ព្រះរាជបុត្រាបុត្រីមួយចំនួនផង។

នៅឆ្នាំ១៩៨២ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានជ្រើសតាំងជា​ព្រះប្រធានកម្ពុជាប្រជាធិបតេយ្យ ជាលើកទី២។

ពីឆ្នាំ១៩៨២ ដល់​ឆ្នាំ១៩៩០ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ បានខិតខំអស់ពីព្រះកាយពល ដើម្បីបង្រួបបង្រួមភាគីជម្លោះកម្ពុជា​ទាំងអស់ រិះរក​នូវដំណោះ​ស្រាយនយោបាយសមស្របបញ្ចប់ជម្លោះនៅកម្ពុជា។ ព្រះអង្គ តែងតែប្រទាន ចំពោះ​សម្តេច ហ៊ុន សែន និងគណៈប្រតិភូនៃរដ្ឋកម្ពុជាចូល​ក្រាបថ្វាយបង្គំគាល់ជាបន្តបន្ទាប់ នៅ​ប្រទេសបារំាង៖

-នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៧ ជំនួបជាលើកទី១ នៅ Fre-en-Tardeniois

-នៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ១៩៨៨ ជំនួបជាលើកទី២ នៅ Saint- Germain-en-laye​

-នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បាន​ទទួលពីមេដឹកនាំនៃកម្ពុជាទំាង ៤​ភាគី ដើម្បីប្រកាសជាឧឡារិក​​នូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហើយទទួលស្គាល់ការបញ្ឈប់ជាបណ្តោះអាន្ននូវការបាញ់គ្នា នៅក្នុងប្រទេសកម្ពុជាទំាំងមូល និងបញ្ឈប់ការផ្តល់ជំនួយយោធា អាវុធ​ពីប្រទេសដទៃដល់កងទ័ពកម្ពុជា​ទំាងបួន។ ទីក្រុង​ភ្នំពេញ ត្រូវបានជ្រើសដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) ក្រោមព្រះរាជាធិបតីដ៏ខ្ពង់​ខ្ពស់របស់ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ជាទីផ្លូវការអចិន្ត្រៃយ៍ និងលេខាធិ​ការដ្ឋានរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC)។


នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​អង្គបានយាងចាកចេញពីប្រធាន​នៃកម្ពុជាប្រជាធិបតេយ្យ និងចលនាតស៊ូជាតិកម្ពុជា (CNR) ដើម្បីដាក់ព្រះកាយព្រះអង្គពីលើភាគី និងទស្សនៈនយោបាយ​កម្ពុជា​នានា។ ព្រះអង្គ ត្រូវបាន​សមាជិកទំាង ១១ នៃក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា (SNC) ជ្រើសតាំងជាឯកច្ឆន្ទ ជាព្រះប្រធាន អព្យាក្រឹត នៃក្រុមប្រឹក្សានេះ។

​ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានឡាយ​ព្រះហស្ថលេខា លើកិច្ចព្រមព្រៀង ស្តីពី ​ដំណោះស្រាយនយោបាយ​រួមមួយនៃជម្លោះកម្ពុជា ជាមួយសមាជិក​នៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ១១​រូបទៀត ជា​មួយតំណាងរដ្ឋាភិបាល ១៨ ប្រទេស និងជាមួយលោកអគ្គលេខាធិការ នៃអង្គការសហប្រជា​ជាតិ។

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ យាង​និវត្តន៍មកកាន់រាជធានីភ្នំពេញវិញ ប្រកបដោយជោគជ័យ និងសុវត្ថិភាព។

ក្រោយពីមាតុភូមិ​និវត្តន៍របស់ព្រះអង្គ រដ្ឋាភិបាលនៃរដ្ឋកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋ មន្រ្តី និងសម្តេច​ជា ស៊ីម ជាប្រធានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច ដែល​មានព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ជាប្រធានគណបក្ស គណបក្សប្រជាធិបតេយ្យសេរីនិយម ព្រះពុទ្ធសាសនា ដែលមានសម្តេចបវរសេដ្ឋា សឺន សាន ជាប្រធានគណបក្ស និងភាគីកម្ពុជា​ប្រជាធិបតេយ្យ ដែលលោក ខៀវ សំផន ជាប្រធាន បានប្រកាសជាបន្តបន្ទាប់ជាផ្លូវការ និងជា​លាយលក្ខណ៍អក្សរថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នៅតែជាប្រមុខរដ្ឋ ពេញលក្ខណៈច្បាប់​នៃប្រទេសកម្ពុជាទំាំងមូល ម្យ៉ាងទៀត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាផ្លូវការ នៅតែរក្សាទុក​តួនាទីជាប្រមុខរដ្ឋ រហូតដល់មានការបោះឆ្នោតនៅ​កម្ពុជាឆ្នាំ១៩៩៣។ ព្រះអង្គ ក៏បាន​យាងគ្រងរាជសម្បត្តិសាជាថ្មី នៅឆ្នំា១៩៩៣ ដែល​ពុំធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តពិភពលោកនោះទេ។​

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បាន​ឡាយព្រះហស្ថលេខាលើព្រះរាជក្រម ប្រកាស​ឱ្យប្រើប្រាស់ជាផ្លូវការ​នូវរដ្ឋធម្មនុញ្ញថ្មី​នៃព្រះ​រាជាណាក្រកម្ពុជា ដែលសភាធម្មនុញ្ញកម្ពុជា បានអនុម័ត។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មហាមិទិ្ទងមហាជនមួយ ក៏ត្រូវបានរៀបចំឡើង ដោយ​មានមហាជនយ៉ាងច្រើនកុះករចូលរួម ដើម្បីសម្តែងមនោសញ្ចេតនា ​អបអរគាំទ្រស្វាគមន៍ ចំពោះរដ្ឋធម្មនុញ្ញថ្មី និងព្រះឋានៈព្រះអង្គ ជា​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​។


ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គ​ឧត្តមជាទីបំផុតក្នុងការបង្រួប​បង្រួមជាតិ តាំងពីដើមរហូតមក។ ព្រះអង្គ បានឱ្យចេញរូបរាង​រាជ​រដ្ឋាភិបាលចម្រុះ ដែលមានសហនាយករដ្ឋមន្រ្តី នៅឆ្នាំ១៩៩៣ ហើយជាពិសេសព្រះអង្គ បាន​បំពេញព្រះរាជកិច្ចធ្វើឱ្យថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច ចុះ​ហត្ថលេខាលើសេចក្តីប្រកាសរួម ស្តីអំពី គោលការណ៍សហប្រតិបត្តិការ ដែលបានសម្រេចក្នុង​កិច្ចប្រជុំកំពូល ក្រោមព្រះរាជធិបតីភាព នៃព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នៅមហា​ប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង ថ្ងៃទី១២-១៣ ខែវិច្ឆកា ឆ្នាំ១៩៩៨។

រហូតដល់ថ្ងៃទី៧ ខែតុលា ២០០៤ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានសម្រេចដាក់រាជ្យសម្បត្តិ​។ មួយសប្តាហ៍​ក្រោយមក ក្រុមប្រឹក្សារាជសម្បត្តិ បានសម្រេចជាឯកច្ឆ័ន្ទ ជ្រើសតាំង​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជបុត្ររបស់​ព្រះអង្គ ឡើងគ្រងរាជ្យសម្បត្តិ ដោយប្រារ​ព្ធព្រះរាជពិធីរាជា​​ភិសេក​ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤​ រហូតដល់​​បច្ចុប្បន្ន​។​

ព្រះ​​ករុណា សម្តេចព្រះ នរោត្តម សីហនុ បានសោយទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ​ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុង​ប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម ៩០​ព្រះវស្សា។ ព្រះបរមស​ពរបស់​ព្រះអង្គ ត្រូវបានដង្ហែ​ មកតម្កល់​ ៣ខែ​ នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំ​ពេញ មុន​នឹង​​ប្រារព្ធ​​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង នៅ​វាល​ព្រះ​មេរុ ជាប់​ព្រះរមរាជវាំង។

​ព្រះបរមរូប សម្តេចព្រះបរមរតនកោដ្ឋ សម្តេច​ព្រះ នរោត្តម សីហនុ ត្រូវបានរាជរដ្ឋាភិបាល ក្រោម​ការផ្តួចផ្តើម​របស់សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបចំសាងសង់ តម្កល់នៅ​លើសួនច្បារ​វិមានឯករាជ្យ​។ នៅ​ថ្ងៃ ១៥តុលា រៀងរាល់ឆ្នាំ រាជរដ្ឋា​ភិបាល​តែងតែប្រារ​ព្ធ​​​ពិធីរម្លឹកខួបថ្ងៃ​សោយទិវង្គត​របស់​ព្រះអង្គ ដោយ​រៀបចំ​ពិធី​ដាក់កម្រងផ្កា និង​គោរ​ពព្រះវិញ្ញាណក្ខន្ធ​សម្តេចព្រះបរមរតនកោដ្ឋ នៅព្រះបរមរូបរបស់ព្រះអង្គ​។ ព្រះបរមរូប សម្តេច​ព្រះបរមរតនកោដ្ឋ ក៏ត្រូវបាន​ធ្វើ​ពិធីគោរព​ព្រះវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា នៅថ្ងៃរម្លឹកទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា រៀងរាល់ឆ្នាំ ដើម្បីរម្លឹកដល់ស្នា​ព្រហស្ថ​របស់ព្រះអង្គ ក្នុងការទាមទារឯករាជ្យពីបារាំង ជូនជាតិមាតុភូមិ​ ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ