ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់! សត្វ​ឆ្កែ​ជាង១០​ក្បាលត្រូវអាជ្ញាធរសម្លា.ប់ ក្រោយម្ចាស់​២នាក់ឆ្លងកូវីដ​

2 ឆ្នាំ មុន

វៀតណាម ៖ ខណៈ​ដែល​ការ​ឆ្លង​វីរុស​កូ​វី​ដ ១៩​កំពុង​កើនឡើង​ខ្លាំង ប្តី​ប្រពន្ធ​វៀតណាម​ពីរ​នាក់​បាន​សម្រេចចិត្ត​ចាក​ចេញពី​ខេត្ត

វៀតណាម ៖ ខណៈ​ដែល​ការ​ឆ្លង​វីរុស​កូ​វី​ដ ១៩​កំពុង​កើនឡើង​ខ្លាំង ប្តី​ប្រពន្ធ​វៀតណាម​ពីរ​នាក់​បាន​សម្រេចចិត្ត​ចាក​ចេញពី​ខេត្ត Long An ដោយ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​មួយ​គ្រឿង​ជាមួយនឹង​ឆ្កែ​ចិ​ញ្ជឹ​ម​ជា​ច្រើន​ក្បាល​របស់​ពួក​គេ​។

ក្រោយមក អ្នក​ទាំង​ពីរ​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​មាន​ជំងឺ​កូ​វី​ដ ១៩ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ អំឡុង​ពេល​សម្រាក​ព្យាបាល ពួក​គេ​បានដឹង​ថា ឆ្កែ​ចំនួន ១២​ក្បាល​របស់​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ស​ម្លា​.​ប់​ចោល​ដោយ​ព្រួយបារម្ភ​ថា ឆ្កែ​ទាំងនោះ​អាច​ចម្លង​វីរុស​។

លោក Pham Minh Hung ដែល​ជា​ម្ចាស់​ឆ្កែ​បាន​ថ្លែងប្រាប់ BBC ដូច្នេះ​ថា «​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ​យំ​យ៉ាង​ខ្លាំង ហើយ​ពួក​យើង​គេង​មិន​លក់​ឡើយ​។ ខ្ញុំ​មិន​ចង់​ជឿ​សោះ​ថា​វា​បាន​កើតឡើង​។ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​សោះ​ដើម្បី​ការពារ​កូន​ៗ​របស់ខ្ញុំ (​ឆ្កែ​)»។

រឿងរ៉ាវ​ប្តី​ប្រពន្ធ​វៀតណាម​ដែល​ស្រឡាញ់​សត្វ​ចិ​ញ្ជឹ​ម​នេះ ត្រូវ​បាន​គេ​ធ្វើការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម និង​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​ញត្តិ​មួយ​ដែល​ទាមទារ​ឲ្យ​មានការ​ប​ញ្ឈប់​អំពើ​ឃោរ​.​ឃៅ​បែប​នោះ​ទទួល​បាន​ហត្ថលេខា​ចំនួន ១៥០.០០០​។

បច្ចុប្បន្ន វៀតណាម​កំពុង​រង​ការ​វា​យ​លុក​ពី​ជំងឺ​កូ​វី​ដ ១៩​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​មានការ​បិទ​ខ្ទប់​យ៉ាង​តឹង​រឹង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​។ ពលករ​ចំណាកស្រុក​ជា​ច្រើន​មិន​អាច​មាន​លទ្ធភាព​ចិ​ញ្ជឹ​ម​ជីវិត​បាន​ឡើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​សម្រេចចិត្ត​ចាក​ចេញពី​ទីក្រុង​ធំ​ៗ​។

លោក Pham Minh Hung និង​ភរិយា​របស់​លោក​ឈ្មោះ Nguyen Thi Chi Em វ័យ ៣៥​ឆ្នាំ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​រង​ផល​ប៉ះពាល់​ទាំងនោះ​ដែរ​។

នៅ​ថ្ងៃ​ទី​៨ ខែតុលា​កន្លង​ទៅ​នេះ ពួក​គេ​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ចំងាយ​២៨០​គីឡូម៉ែត្រ​ជាមួយនឹង​ឆ្កែ​ជា​ច្រើន​ក្បាល​របស់​ពួក​គេ ព្រមទាំង​សាច់ញាតិ​ចំនួន​៣​នាក់ ដែល​ពួក​គេ​ក៏​នាំ​យក​ឆ្កែ ៣​ក្បាល និង​ឆ្មា​មួយ​ក្បាល​មក​តាម​ដែរ​។

ពួក​គេ​បាន​ធ្វើការ​បង្ហោះ​វី​ដេ​អូ​ពី​ការ​ធ្វើ​ដំណើរ​នៅ​លើ​អន​ឡាញ ដោយ​បង្ហាញ​ពី​ឆ្កែ​ជា​ច្រើន​ក្បាល និង​អីវ៉ាន់​ជា​ច្រើន​នៅ​លើ​ម៉ូតូ​។ ប្តី​ប្រពន្ធ​វៀតណាម​មួយគូ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​។ អ្នកលេង​អ៊ីនធើរ​ណេ​ត​លើកទឹកចិត្ត និង​ជូនពរ​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​។

អ្នកលេង​អ៊ីន​ធឺ​ណេ​ត​មួយ​ចំនួន​និយាយ​ថា ពួក​គេ​អាណិត​ប្តី​ប្រពន្ធ​វៀតណាម​នោះ​ជា​ខ្លាំង នៅ​ពេល​ឃើញ​ពួក​គាត់​ប្រើ​អាវ​ភ្លៀង​ពាក់​ឲ្យ​ឆ្កែ​ពេល​កំពុង​ភ្លៀង​ខ្លាំង​។ អ្នកខ្លះ បាន​ផ្ញើ​ទឹក និង​អាហារ​ឲ្យ​ពួក​គេ​ទៀត​ផង​។

អ្នក​ទាំង​ពីរ​ចាប់ផ្តើម​ធ្វើ​ដំណើរ​ជាមួយនឹង​ឆ្កែ ១៥​ក្បាល ប៉ុន្តែ​អំឡុង​ពេល​ធ្វើ​ដំណើរ ពួក​គេ​បាន​ឲ្យ​ឆ្កែ ២​ក្បាល​ទៅ​មនុស្ស​ម្នាក់ បន្ទាប់​ពី​ធ្វើ​ដំណើរ​ចូល​ដល់​ខេត្ត Ca Mau ចំណែក​ឆ្កែ​មួយ​ក្បាល​ទៀត​ងា.ប់​។ ឆ្កែ ១២​ក្បាល​បាន​បន្តដំណើរ​ជាមួយ​ពួក​គេ​។

ប៉ុន្តែ​ពួក​គាត់ ព្រមទាំង​សាច់ញាតិ​៣​នាក់​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​មាន​វីរុស​កូ​វី​ដ ១៩ ក្រោយ​ពេល​ធ្វើ​ដំណើរ​ដល់​ស្រុក Khanh Hung នៃ​ខេត្ត Long An​។ វា​ជា​កាតព្វកិច្ច​សម្រាប់​អ្នកដំណើរ​ឆ្លង​ចូល​ខេត្ត ត្រូវធ្វើ​តេស្ត​។ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ចំណែក​ឆ្កែ​ត្រូវ​បាន​ទុក​នៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ប៉ុន្តែ​អាជ្ញាធរ​ក្នុង​តំបន់​បាន​ស​ម្លា​.​ប់​ឆ្កែ​ទាំង ១២​ក្បាល​របស់​ពួក​គេ និង​ឆ្កែ​របស់​សាច់ញាតិ​ដោយ​គ្មាន​ប្រាប់​ពួក​គេ​មួយ​ម៉ាត់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សារព័ត៌មាន​រដ្ឋ​វៀតណាម​។

គេ​មិន​បានដឹង​ច្បាស់​ទេ​ថា ​តើ​ឆ្កែ​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​ស​ម្លា​.​ប់​ដោយ​របៀប​​ណា ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ពួក​វា​ត្រូវ​បាន​គេ​ដុ.ត​ស​ម្លា​.​ប់​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ