ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការត្រៀមទំាងការអប់រំពីហិរញ្ញវត្ថុ និងថវិកាសម្រាប់ជួយកសិកម្ម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) បានរួមគ្នាជួយវិស័យកសិកម្មនៅកម្ពុជានៅពេលនេះ ។ ក្នុងពេលដែលជំងឺកូវីដ ១៩…

រាជធានីភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) បានរួមគ្នាជួយវិស័យកសិកម្មនៅកម្ពុជានៅពេលនេះ ។ ក្នុងពេលដែលជំងឺកូវីដ ១៩ កំពុងយាយីនេះ វិស័យកសិកម្មបាននិងដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិប៉ុន្តែមានឧបសគ្គធំមួយគឹខ្វះទុន ។  

តាមរយៈ អនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នមួយដែលតំណាងឲ្យអ្នកមានលុយ និងមួយទៀតតំណាងឲ្យកសិករនេះ នឹងរួមគ្នាដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការរវាងវិស័យកសិកម្ម និងមីក្រូហិរញ្ញវត្ថុ ។  លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល CMA ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះកាលពីរសថ្ងៃទី ១៣ តុលា ២០២១ នេះ ថាអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យទាំងពីរ និងដើម្បីជំរុញអោយមានការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាពដល់កសិករ ។

លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល CACA ថា វិស័យកសិកម្មត្រូវការអភិវឌ្ឍន៍តាមរយៈការពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម នឹងដែលត្រូវការការចូលរួមជាចាំបាច់ពីភាគីពាក់ព័ន្ធនានា ជាពិសេសពីវិស័យហិរញ្ញវត្ថុ ។

 លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ឥណទានក្នុងវិស័យកសិកម្មក្នុងឆ្នាំ ២០២០  មានចំនួន ១៩,៣ ភាគរយ នៃឥណទានសរុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុ (២៧,៥ ទ្រីលានរៀល) ដែលស្មើនឹង ៥,៣ ទ្រីលានរៀល ឬជិត ១៣០០ លានដុល្លាអាមេរិក ។ លោកថា វិស័យកសិកម្ម ជាវិស័យដ៏មានសក្តានុពល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះបាននិងកំពុងមានការវិវត្តយ៉ាងខ្លាំងពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាការធ្វើកសិកម្មតាមបែបទំនើប ឬកសិឧស្សាហកម្ម តាមរយៈការធ្វើពិពិធកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងការនាំចេញ ។

ការផ្លាស់ប្តូរនេះ ទាមទារជាចាំបាច់នូវធនធានមនុស្ស និងបច្ចេកទេសថ្មីៗ ហើយជាពិសេសស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ នេះ ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតកម្មរបស់កសិករ សហគមន៍កសិកម្ម និងអ្នកផ្គត់ផ្គង់ ក្នុងការស្តារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ