ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ស្តុក​ម៉ូតូ និង​កូន​ឡាន​ជ័រ​​​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​ម្តុំ​ផ្សារ​អូរ​ឬ​ស្សី

1 ខែ មុន
  • ភ្នំពេញ

ផ្ទះ​ប្រជាពលរដ្ឋ​ស្តុក​ម៉ូតូ និង​កូន​ឡាន​ជ័រ​ប្រើ​អា​គុយ​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​អូរ​ឬ​ស្សី ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់ រហូត​ដល់​

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ស្តុក​ម៉ូតូ និង​កូន​ឡាន​ជ័រ​ប្រើ​អា​គុយ​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​អូរ​ឬ​ស្សី ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់ រហូត​ដល់​កម្លាំង​សមត្ថកិច្ច​នគរបាល បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ជា​ច្រើន​គ្រឿង​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ នោ​ចំណុច​ផ្ទះ​លេខ​២៩ យីហោ «​ហួយ គង់​ហេង​» លក់ ម៉ូតូ និង​កូន​ឡាន​ជ័រ​ប្រើ​អា​គុយ​គ្រប់​ប្រភេទ ស្ថិត​នៅ​តាម​បណ្ដោយ​លេខ​១៨២ ក្នុង​សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​បានឃើញ​ផ្សែង និង​អណ្តាតភ្លើង​ហុយ​ចេញពីផ្ទះ «​ហួយ គង់​ហេង​» ជាន់​ទី​១ ដែល​ជា​ផ្ទះ​ស្តុក ម៉ូតូ និង​កូន​ឡាន​ជ័រ​ប្រើ​អា​គុយ ហើយ​ក៏​បាន​នាំ​គ្នា​យក​ទឹក និង​បំពង់​ពន្លត់​អគ្គិ​ភ័យ​មក​ជួយ​បាញ់​ពន្លត់ តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន ក៏​ដូច​ជា​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​អណ្តាតភ្លើង​ឆេះ​រាលដាល​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ដោយសារ​ស្ថានភាព​ភ្លើង​ឆាបឆេះ​ខ្លាំង​ពេក ប្រជាពលរដ្ឋ រួម​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​ទាក់​ទង​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ បង្ការ និង​ពន្លត់អគ្គីភ័យ ដើម្បី​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​នោះ​ឱ្យទាន់​ពេលវេលា ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​សាក​ស្តាយ​នោះ គឺ​សម្ភារៈ​ដូច​ជា ម៉ូតូ និង​ឡាន​គ្រឿង​ជ័រ​ដែល​ម្ចាស់​ស្តុក​ក្នុងផ្ទះ​នោះ ត្រូវ​អណ្តាត​ភ្លើង​ឆាបឆេះ​អស់​មួយ​ចំនួន​ធំ​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ហ៊ុន វ​ណ្ណា នាយ​នគរបាល​ប៉ុស្តិ​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មក​រា បាន​ប្រាប់​ឲ្យ​ដឹង​ថា អាជីវករ​ដូច​មានឈ្មោះ​ខាងលើ បាន​ជួល​ផ្ទះ​កើតហេតុ​នោះ​ទាំង​លើ​ទាំង​ក្រោម ដើម្បី​លក់​កង់ ម៉ូតូ ឡាន​ជា​គ្រឿង​ជ័រ​គ្រប់​ប្រភេទ​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​គាត់​ស្នាក់​នៅ​ខាងក្រោម ដូច្នោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នោះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។ លោក ហ៊ុន វ​ណ្ណា បញ្ជាក់​ទៀត​ថា បើ​តាម​ការ​រៀបរាប់​របស់​ម្ចាស់ផ្ទះ ស្តី​អំពី​គ្រោះ​ម​ហត្ត​រាយ​នៃ​អគ្គិភ័យ​នោះ គឺ​ខូចខាត​គ្រឿង​ជ័រ​ច្រើន​មែន ប៉ុន្តែ​គិត​ជា​ទឹកប្រាក់​អស់​តិចតួច​ដែរ​ទេ ។

សម្រាប់​ប្រតិបត្តិការ​សង្គ្រោះ​វិញ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ចំនួន ៦​គ្រឿង ប្រើ​ទឹក​អស់​៦​ឡាន ស្មើរ​នឹង​២៤​ម៉ែត្រគូប​, រថយន្ត​ជំនួយ​មក​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា ចំនួន ២​គ្រឿង ប្រើប្រាស់​ទឹក​អស់​១​ឡាន ស្មើរ​នឹង​៦​ម៉ែត្រគូប ទើប​រលត់​ទាំងស្រុង​ទៅ​វិញ នៅ​វេលា​ម៉ោង ប្រមាណ​១​យប់​រំលង​អធ្រាត្រ​នា​ថ្ងៃ​ដដែល​នោះ ៕