ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករខ្លះបារម្ភពីជីវភាពនៅពេលប្រាក់ខែគោលឡើង ២ ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មករកម្មការិនីជាច្រើនបានត្អូញថា នៅក្នុងសម័យកូវីដ ១៩ នេះទំនិញសព្វសារពើបានឡើងថ្លៃ ហើយពួកគេបារម្ភថា ការដំឡើងប្រាក់ខែគោលនៅឆ្នាំក្រោយចំនួន ២ ដុល្លារ…

រាជធានីភ្នំពេញ ៖ កម្មករកម្មការិនីជាច្រើនបានត្អូញថា នៅក្នុងសម័យកូវីដ ១៩ នេះទំនិញសព្វសារពើបានឡើងថ្លៃ ហើយពួកគេបារម្ភថា ការដំឡើងប្រាក់ខែគោលនៅឆ្នាំក្រោយចំនួន ២ ដុល្លារ គឺប្រាក់ខែគោលទទួលបាន ១៩៤ ដុល្លារនោះមិនអាចឆ្លើយតបទៅការស្ថានភាពទំនិញលើទីផ្សារ ។

អ្នកស្រី សុខា ដែលធ្វើការងារផ្នែកដេរសម្លៀកបំពាក់ជិត ១០ ឆ្នាំមកហើយនោះ បានលើកឡើងថា ប្រាក់ខែគោលឡើងពីរដុល្លា ជួយសម្រួលជីវភាពគ្រួសារមិនបានទេ ពីព្រោះទំនិញឡើងថ្លៃស្ទើតែគ្រប់មុខទៅហើយ តាំងពីកូវីដ ១៩ នេះមក ។ ចំណែកអ្នកស្រី យ៉ុង ស្រីណា ជាកម្មការនីរោងចក្រម្នាក់ទៀតនិយាយដូចគ្នាថា ការបន្ថែមប្រាក់ខែតែ ២ ដុលា្លនៅឆ្នាំក្រោយ មិនគ្រប់គ្រាន់ឡើយ ។ គាត់ថា គាត់សង្ឃឹមថា ឆ្នាំ ២០២២ នឹងឡើងបានខ្ពស់ជាង ២ ដុល្លារតែបែរជាឡើងតែត្រឹមតែ ២ ដុល្លារ ពីព្រោះកាលពីឆ្នាំ ២០២១ ប្រាក់ខែឡើង ២ ដុល្លារួចទៅហើយ វាពិតជាតិចក្នុងការប្រើប្រាស់ ផ្គត់ផ្គង់ ទៅលើអាហារ ទំនិញផ្សេងៗនាពេលកូវីដនេះណាស់ ។

រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន ២ ដុល្លារថែមទៀតសម្រាប់ឆ្នាំ ២០២២ ដែលធ្វើឱ្យប្រាក់ឈ្នួលទាបបំផុតឡើងដល់ ១៩៤ ដុល្លារ កាលពីចុងកញ្ញាកន្លងមកនេះ ។ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ ដុល្លារ ក្នុងមួយខែ ។ 

លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ៖ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០ រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ ដុល្លារអាម៉េរិក ដល់ ១១ ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី ២ ដល់ឆ្នាំទី ១១ ។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២១១ ដុល្លារអាម៉េរិក ដល់ ២២២ ដុល្លារអាម៉េរិក ក្នុងមួយខែ ។

ទោះយ៉ាងណា លោក ឆៃយ៉ា អាយុ ៣០ ឆ្នាំ ជាកម្មករផ្នែកកាត់ក្រណាត់ និងវ៉ៃឡាំង នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ បានលើកឡើងថា ការបន្ថែមប្រាក់ ២ ដុល្លារនេះ គឺមិនអាចជួយសម្រួលអ្វីបាននោះទេ ព្រោះតម្លៃផ្ទះជួលមិនមានការធ្លាក់ចុះ ។ លោកថា «ប្រាក់ខែគោលឡើងដល់ ២០០ ដុល្លារអីទៅចេះតែជួយបានខ្លះ ឡើង ២ ដុល្លាធ្វើអីគ្រាន់» ៕ ដោយ ៖ ខៀវ ដារ៉ូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ