ខេត្តមណ្ឌលគិរី ៖ សម្តេចក្រឡាហោមបានដាក់បញ្ជាឲ្យចៅហ្វាយខេត្តមណ្ឌលគិរី ដែលទើបឡើងកាន់តំណែងថ្មី ត្រូវទប់ស្កាត់ការទន្ទ្រានដីព្រៃ ដីតំបន់ការពាររបស់រដ្ឋ ពីសំណាក់អ្នកមានអំណាចមួយក្តាប់តូច ហើយចាត់វិធានការច្បាប់ឲ្យបានតែបានចំពោះបុគ្គលទាំងនោះ។
ថ្លែងក្នុងពិធីប្រកាសឡើងកាន់តំណែងអភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ តុលា ២០២១ សម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងពីការសោកស្តាយជុំវិញសកម្មភាពរបស់មន្ត្រីមួយចំនួនដែលបានដើរខុសគន្លងវិជ្ជាជីវៈមន្ត្រីរាជការ ប្រព្រឹត្តឹអំពើលោភលន់ រំខានការរស់នៅរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធកាន់កាប់ដៃធ្លីខុសច្បាប់ជាដើម ។
សម្តេចក្រឡាហោម បានលើកឡើងពីបញ្ហាធនធានធម្មជាតិនៅខេត្តមណ្ឌលគិរី ដែលកន្លងមកមានមន្ត្រីមួយចំនួនដើរជំពប់ដួល ឬត្រូវដកទៅកន្លែងផ្សេង ប៉ុន្តែរឿងទាំងនេះមិនទាន់ចប់ទេ ត្រូវបន្តយកចិត្តទុកដាក់នៅតំបន់ដែលយើងការពារ កាលដែលដែលបំផ្លាញអស់ហើយវាមានផលប៉ះពាល់ច្រើន។
សម្តេចបានសង្កត់ធ្ងន់ថា ការប្រើអំណាចរំលោភយកដីព្រៃ ដីតំបន់ការពាររបស់រដ្ឋ ដោយសារតែភាពលោភលន់របស់មន្ត្រីយើងមួយចំនួន ហើយសម្តេចសង្ឃឹមថា ឯកឧត្តម ថង សាវុន និងសហការីទាំងអស់បន្តការពារនូវធនធានជាតិ ជាពិសេសទ្រព្យសម្បត្តិរបស់រដ្ឋ មិនរំលោភបំពាន ទន្ទឹមនេះក៏ត្រូវខិតខំពង្រឹងផលប្រយោជន៏របស់ប្រជាពលរដ្ឋ ព្រោះតែនៅទីនេះតែងតែមានព័ត៌មានពីការរំលោភដីធ្លីរបស់ពលរដ្ឋជាបន្តបន្ទាប់ នេះជាបញ្ហាដែលត្រូវដោះស្រាយ៕
ចែករំលែកព័តមាននេះ