ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការអចិន្ត្រៃយ៍​នៃរដ្ឋសភា នឹងបើក​កិច្ច​ប្រជុំពិនិត្យលើសេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ​កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់​ថ្នាក់​ដឹកនាំ​ជាតិកំពូលៗ នៅព្រឹកថ្ងៃទី១៤តុលា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ តាមការគ្រោងទុក នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី…

ភ្នំពេញ​៖ តាមការគ្រោងទុក នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាម​ប្រព័ន្ធ​អន​ឡាញ ដោយមាន​របៀបវារៈ​មួយចំនួន​។ ក្នុងនោះ សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ ដែល​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ សម្រាប់​ថ្នាក់ដឹកនាំ​កំពូលៗ ក៏​ស្ថិតក្នុង​របៀបវារៈ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ត្រូវ​លើកយក​មក​ប្រជុំ នា​ព្រឹក​ថ្ងៃទី​១៤​តុលា​ផងដែរ​។​

​រដ្ឋសភា បានប្រកាសថា បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៤​តុលា លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ដោយផ្ទាល់ នៅ​វិមាន​រដ្ឋសភា អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១១ ខែតុលា គណៈរដ្ឋមន្ត្រី បាន​បញ្ជូន​សំណើ​ធ្វើ​វិសោធនកម្ម មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី​(​មួយ​) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ និង​មាត្រា​៤ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​បន្ថែម ទៅកាន់​រដ្ឋសភា​។​

​បន្ទាប់ពី​បានទទួល​សំណើ​ធ្វើ​វិសោធនកម្ម​មាត្រាមួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​និង​មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម គឺ​រដ្ឋសភា នឹង​កោះប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ ទៅ​គណៈកម្មការ​ជំនាញ ពិនិត្យ​សិក្សា ហើយ​បន្ទាប់ពី​សិក្សា​រួច គណៈកម្មការ​ជំនាញ នឹងធ្វើ​របាយការណ៍ ស្នើ​សូម​ដាក់​ចូលក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ពេញអង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​។​

​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែតុលា ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បើក​កិច្ចប្រជុំ ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ សម្រាប់​មេដឹកនាំ​ជាតិ​កំពូលៗ រួមមាន នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និង​ក្រុមប្រឹក្សាធម្មនុញ្ញ​។

​ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បាន​ក្រាបបង្គំ​ទូលថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ថា ការស្នើសុំ​ធ្វើ​វិសោធនកម្ម មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី​(​មួយ​) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​និង​មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ​នៃ​សភាពការណ៍​ជាក់ស្តែង និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ មិន​ឋិត​ក្នុង​ភាពអាសន្ន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ