ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ចំណុច ដើម្បីទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សរាចរ ៤​ចំណុច ដើម្បី​ទប់ស្កាត់​ការ​វាយកម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ​។ ក្នុងនោះ…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សរាចរ ៤​ចំណុច ដើម្បី​ទប់ស្កាត់​ការ​វាយកម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ​។ ក្នុងនោះ រាល់​សំណង់​អគារ​បេតិកភណ្ឌ ដែល​ត្រូវ​ជួសជុល កែប្រែ​រូបរាង ឬ​វាយ​កម្ទេចចោល ត្រូវ​ស្នើសុំ​ការពិនិត្យ និង​សម្រេច​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុនសិន​។​

​ក្នុង​សារាចរ ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញថា រាជរដ្ឋាភិបាល បាន​ពិនិត្យឃើញថា សព្វថ្ងៃ ដោយសារ​ទំនើបកម្ម បណ្តាល​ឲ្យ​មានការ​បាត់បង់ ការ​វាយ​បំផ្លិចបំផ្លាញ ការធ្វើ​ឲ្យ​ខូចខាត​តាម​គ្រប់រូប​ភាពជា​បន្ត​បន្ទាប់ ចំពោះ​សំណង់​អគារ​បេតិកភណ្ឌ ដែល​ស្ថិតនៅក្នុង​តំបន់​បេតិកភណ្ឌ​ទីក្រុង តាម​បណ្តា​រាជធានី​ខេត្ត ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដ៏​មានតម្លៃ ហើយ​មានការ​ប្រឈម​នឹង​ហានិភ័យ និង​ស្ថិតក្រោម​ការគំរាមកំហែង​ខ្ពស់​ដោយ​ការអភិវឌ្ឍ ដែល​ទាមទារ​ឲ្យ​មានការ​ថ្លឹងថ្លែង​រវាង​ការអភិរក្ស និង​ការអភិវឌ្ឍ គឺ​ត្រូវតែមាន​តុល្យភាព​។​

​ហេតុនេះ ដើម្បី​ឲ្យ​ការងារ​អភិរក្ស​តំបន់​បេតិកភណ្ឌ​ទីក្រុង ដែលមាន​សំណង់​អគារ​សាសនា​ផ្សេងៗ សំណង់​សាធារណៈ សំណង់​ឯកជន ភូមិដ្ឋាន និង​ផ្ទះ​បុរាណ ស្របតាម​ច្បាប់ ស្តីពី កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​១៩៩៦ រាជរដ្ឋាភិបាល សូម​ធ្វើ​ការណែនាំ ដូចខាងក្រោម​៖

១-​ហាមឃាត់​ចំពោះ​ការកែប្រែ ការប្តូរ​រូបរាង​ខាងក្រៅ ឬ​ធ្វើ​ឲ្យ​ខូចខាត​សោភ័ណភាព​ចំពោះ​សំណង់​នៃ​តំបន់​បេតិកភណ្ឌ​ទីក្រុង​។​

២-​ទប់ស្កាត់​ការ​វាយកម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់​បុរាណ និង​សំណង់​អគារ​បេតិកភណ្ឌ ដើម្បី​ការពារ​ឲ្យ​បាន​គង់វង្ស​។​

៣-​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការបំផ្លាញ​អគារ​បេតិកភណ្ឌ​ក្នុង​តំបន់​ការពារ និង​ក្រៅ​តំបន់​ការពារ ដោយ​ផ្តោតលើ​យុទ្ធសាស្ត្រ គោលនយោបាយ និង​ផែនទី​ចង្អុលបង្ហាញ ដើម្បី​ជំរុញ​ការអភិរក្ស និង​ការអភិវឌ្ឍ​ទីក្រុង​បេតិកភណ្ឌ​ប្រកបដោយ​និរន្តរភាព​។​

៤-​សំណង់​អគារ​បេតិកភណ្ឌ ដែល​នឹងត្រូវ​ធ្វើការ​ជួសជុល កែប្រែ​រូបរាង ឬ​វាយ​កម្ទេចចោល ត្រូវ​ស្នើសុំ​ការពិនិត្យ និង​សម្រេច​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុនសិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ដល់​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត ត្រូវអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​សារាចរ​ថ្មី​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ